យោងតាមការគណនារបស់ Bloomberg បានឱ្យដឹងថា មហាសេដ្ឋីរុស្ស៊ីទាំង២២រូប បានខាតបង់ទ្រព្យសម្បត្តិចំនួន ៣៩ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (២៤ កុម្ភៈ ឆ្នាំ២០២២)។
ការបាត់បង់ទ្រព្យសម្បត្តិនេះ បានកើតឡើងគឺបន្ទាប់ពីសន្ទស្សន៍ MOEX Russia Index របស់ទីក្រុងម៉ូស្គូបានធ្លាក់ចុះ និងបានបិទបញ្ចប់ទាបជាង ៣៣% កាលពីថ្ងៃព្រហស្បតិ៍។ ហើយមហាសេដ្ឋីទាំងនោះ បានខាតបង់ប្រាក់ដ៏ច្រើនបែបនេះ គឺក្នុងចំនួនច្រើនជាងការខាតបង់ប្រចាំឆ្នាំទៅទៀត។
ក្នុងនោះ អ្នកខាតបង់ដ៏ធំបំផុត គឺលោក Vagit Alekperov ប្រធានក្រុមហ៊ុនប្រេង Lukoil ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ដោយទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះមួយភាគបីក្នុងរយៈពេលមួយថ្ងៃ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៣២% កាលពីថ្ងៃព្រហស្បតិ៍។ ឥឡូវនេះ Alekperov មានទ្រព្យសម្បត្តិ ១៣ ពាន់លានដុល្លារប៉ុណ្ណោះ ដោយធ្លាក់ចុះពី ១៩,២ ពាន់លានដុល្លារ។
ដោយឡែក លោក Vladimir Potanin ដែលជាអ្នកមានបំផុតរបស់រុស្សុី បានបាត់បង់ ៣ ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ Norilsk Nickel ដែលគាត់ជាប្រធានបានធ្លាក់ចុះ ២៦%។
ជាមួយគ្នានេះផងដែរ គេក៏បានប៉ាន់ប្រមាណថា វាអាចនឹងកាន់តែអាក្រក់សម្រាប់បុគ្គលអ្នកមានបំផុតរបស់រុស្ស៊ី ខណៈទណ្ឌកម្មលោកខាងលិចកាន់តែខ្លាំងឡើង។ ជាក់ស្តែង សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានប្រកាសដាក់ទណ្ឌកម្មរួមទាំងវិធានការប្រឆាំងនឹងមេដឹកនាំរុស្ស៊ីនិងសមាជិកគ្រួសាររបស់ពួកគេ។ ហើយពិតណាាស់ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី Joe Biden បានទម្លាក់ការដាក់ទណ្ឌកម្មមួយជុំទៀត។
ក្រៅពីនេះ កាលពីថ្ងៃអង្គារ ចក្រភពអង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួន ៥ និងបុគ្គល ៣ រូប ទៀតផង។ ក្នុងចំណោមបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មក្នុងនោះមានលោក Gennady Timchenko ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកពូទីននិងលោក Timchenko ជាអ្នកមានបំផុតទី១១ នៅប្រទេសរុស្ស៊ី ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១២.១ ពាន់លានដុល្លារ នេះបើយោងតាម Bloomberg៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

