Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន បញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែន គឺពួកលោកខាងលិចជាអ្នករុញរុស្ស៊ីឱ្យផ្ទប់ជញ្ជាំង សូមផ្ដល់នូវអ្វីដែលជារបស់រុស្ស៊ី…

រុស្ស៊ី ៖ ខណៈពេលដឹងថា ខ្លួនកំពុងស្ថិតនៅឯកោ ត្រូវបានបំផ្លាញខ្ទេចខ្ទាំដោយក្រុមយោធារុស្ស៊ី និងគ្រោះថ្នាក់បំផុត ដូចពាក្យថា ទាល់តែឃើញក្ដាមឈូសទើបស្រក់ទឹកភ្នែកនោះ លោក ហ្សេលែនស្គី ប្រធានាធិបតីអ៊ុយក្រែន ក៏អំពាវនាវទៅកាន់ លោក វ្ល៉ាឌីមៀ ពូទីន ចូលតុចរចា ដើម្បីដោះស្រាយគ្នា ខណ:គេក៏ដឹងដែរថា រុស្ស៊ីគ្មានត្រូវការអ្វីក្រៅពីតម្រូវឱ្យអ៊ុយក្រែន ប្រគល់តំបន់ផ្ដាច់ខ្លួនដែលរុស្ស៊ីចង់បាន ឲ្យទទួលឯករាជ្យ គឺតំបន់ផ្ដាច់ខ្លួន ដូណេត (Donetsk), ឡូហាន (Luhansk) និង តំបន់ដុនបាស់ (Donbas) ជារដ្ឋឯករាជ្យ, ផ្លាស់ប្ដូររបបអ៊ុយក្រែនបច្ចុប្បន្ន បង្កើតរបស់ថ្មី និងសងសំណងយោធា និងគ្រាប់សព្វាវុធដែលត្រូវបានចំណាយក្នុងភ្លើងសង្គ្រាមមួយនេះ។

ពេលនេះពិភពលោកបានមើលឃើញច្បាស់ហើយថា សុខឬទុក្ខយ៉ាងណារបស់អ៊ុយក្រែន គឺខ្លួនឯងជាអ្នករៀបចំ មិនត្រូវទៅសង្ឃឹមលើអ្នកផ្សេងណានោះទេ ព្រោះថា សូចនាករ ចាប់តាំងពីក្រុមយោធារបស់រុស្ស៊ីបើកការវាយប្រហារ បំផ្លាញមូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងរបស់អ៊ុយក្រែននោះ គ្មានប្រទេសណាមួយក្នុងចំណោមជិត ៣០ប្រទេស ដែលធ្លាប់អះអាងថានឹងជួយអ៊ុយក្រែននោះ ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តអង្គការណាតូជាច្រើនទៀត អត់បានឆ្លើយតបកម្លាំងយោធាប្រឆាំងតបតទៅនឹងរុស្ស៊ីដើម្បីជួយមួយក្រោយនោះឡើយ ក្រៅតែពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងថាត្រៀមកម្លាំងទ័ពនៅក្បែរនោះ ដែលស្ថានភាពបែបនេះ ធ្វើឱ្យអ៊ុយក្រែនស្ថិតក្នុងភាពឯកោ ភ័យខ្លាច និងគ្រោះថ្នាក់បំផុត។

បើតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃសុក្រ ទី២៥ ខែកុម្ភ: ឆ្នាំ២០២២ ថា លោក ហ្សេលែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះវិដេអូប្រកាសថា ខ្លួន និងមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន ព្រមទាំងសមាជិកសភា មិនមានការរត់ភៀសទៅណានោះទេ គឺនៅតែបន្តស្ថិតនៅក្នុងទីក្រុងកៀវដែលជាបេះដូងអ៊ុយក្រែនដដែល បើទោះជាកម្លាំងយោធារបស់រុស្ស៊ីបានមកដល់កៀករដ្ឋធានីមួយនេះយ៉ាងណាក៏ដោយ។

ទាក់ទងទៅនឹងការស្នើសុំចរចាដោះស្រាយបញ្ហារបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់នោះ គឺ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយតបថា នឹងត្រៀមបញ្ជូនគណៈប្រតិភូទៅទីក្រុង មីន (Minsk) ដើម្បីឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី។

សារព័ត៌មាន RT បានផ្សាយឲ្យដឹងទៀតថា នាយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ មួយថ្ងៃនៃប្រតិបត្តិការយោធារបស់រុស្ស៊ី ដែលមើលទៅអ៊ុយក្រែនដូចជាស្ងោរមួយពុះឆាប់ផុយនោះ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានផ្ញើសារឆ្លើយតបទៅអ៊ុយក្រែនផង និងចំហផងដោយបានរៀបរាប់ថា យើងចង់បានសន្តិភាព ! យើងចង់ជជែក និងចរចាដោះស្រាយបញ្ហានេះតាំងតែពីយូរយារណាស់មកហើយ ប៉ុន្តែ គឺមកពីគេធ្វើមិនឃើញ មិនដឹង មិនឮ…។

លោក ពូទីន បុរសខ្លាំងរុស្ស៊ី បានបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀងទីក្រុង មីន (Minsk ) យើងបានផ្តល់ឱ្យអ៊ុយក្រែននូវឱកាសដើម្បីធ្វើសមាហរណកម្មសាធារណរដ្ឋ ដុនបាស (Donbass) ឡើងវិញ គឺអ៊ុយក្រែនគ្រាន់តែត្រូវបញ្ឈប់ការបាញ់ប្រហារជនស៊ីវិលរុស្ស៊ីនៅតំបន់លំនៅដ្ឋាន និងស្តាប់មនុស្សដែលរស់នៅទីនោះ (ដុនបាស)។

យើងចង់និយាយទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែមិនមានការឆ្លើយតបនោះទេ ពួកគេអំនួតមើលស្រាល មាក់ងាយ, ផ្ទុយទៅវិញយើងបានជួបប្រទះតែការព្រងើយកន្តើយចំពោះសំណួររបស់យើង។

ខ្លឹមសាររបស់ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បង្ហាញនូវការឈឺចាប់ថា ប៉ុន្មានឆ្នាំមកនេះ លោកខាងលិចបានគាំទ្ររបបអ៊ុយក្រែន ដោយជំរុញឱ្យរបបនេះធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ប៉ុន្មានឆ្នាំមកនេះ ពួកយើងបានស្នើ កុំឱ្យបំពាក់អាវុធដល់អ្នកជិតខាងរបស់យើង ព្រោះអាវុធទាំងនេះត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិលនៅ ដុនបាស (Donbass)។ សំណូមពរម្ដងហើយម្ដងទៀត នៅទីបំផុត មតិរបស់យើង មិនត្រូវបានគេអើពើ។ នៅព្រំដែនរបស់យើង ពួកគេបានបង្កើតតំបន់ឈរជើងរបស់ ណាតូ (NATO) ដោយហ៊ុមព័ទ្ឋយើងឱ្យរួមកាន់តែតូច ខណៈដែលយើងនៅតែបន្តរងនូវការដាក់ទណ្ឌកម្មពីអស់លោកខាងលិចចំពោះអ្វីដែលរុស្ស៊ីមិនបានធ្វើដូចការគិត ឬការលាបពណ៌របស់ពួកគេ។

យើងមិនបានលេបយក គ្រីមៀទេ – ប្រជាមតិត្រឹមត្រូវមួយ គឺត្រូវបានធ្វើឡើង ដូច្នេះវាបានត្រឡប់មកយើងវិញ។ យើងមិនបានប្រយុទ្ធនៅ ដុនបាស (Donbass) ទេ វាជាសង្គ្រាមស៊ីវិលនៅអ៊ុយក្រែន។ ប៉ុន្តែឥឡូវអ៊ុយក្រែនបានបើកការវាយប្រហារលើសាធារណរដ្ឋ Donbass ដែលរុស្ស៊ីទទួលស្គាល់ជាតំបន់ផ្ដាច់ខ្លួនឯករាជ្យរបស់ជនស៊ីវិល, ហើយប្រធានាធិបតីអ៊ុយក្រែន បានប្រកាសក្នុងវេទិកាអន្តរជាតិពីបំណងចង់មានអាវុធនុយក្លេអ៊ែរដើម្បីគំរាមរុស្ស៊ី តើអស់លោកខាងលិចមានមើលឃើញទេ។

ប្រជាជនអ៊ុយក្រែន គឺជាបងប្អូនរួមជាតិសម្រាប់ជនជាតិរុស្ស៊ី ប៉ុន្តែមេដឹកនាំរបស់ពួកគេ និងសហរដ្ឋអាមេរិក នាំពួកគេផ្ដាច់មនោសញ្ជេតនាទៅឆ្ងាយបំផុត ដោយអធិប្បាយស្អប់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងជួយរំដោះប្រជាជនអ៊ុយក្រែនក្នុងនាមជាបងប្អូន។

អ៊ុយក្រែននឹងមានសេរីភាព ឯករាជ្យ និងមិត្តភាពជាមួយរុស្ស៊ី។ យើងចង់ឱ្យសហរដ្ឋអាមេរិកដកថយពីព្រំដែនរបស់យើង ហើយឈប់ចាប់អ៊ុយក្រែនជាអាយ៉ងរបស់ខ្លួន។ ប្រតិបត្តិការរបស់យើង គឺការរក្សាសន្តិភាព ហើយមានគោលបំណងតែលើការរំសាយកងទ័ពនៃប្រទេសជិតខាងប៉ុណ្ណោះ។

គ្មានជនស៊ីវិលណាម្នាក់នៃប្រទេសជាបងប្អូនត្រូវរងគ្រោះនោះឡើយ !យើងធ្វើដើម្បីសន្តិភាព ! អត់មានសង្រ្គាមទេ ! ប៉ុន្តែយើងត្រូវបង្ខំសន្តិភាព និងរំងាប់ពួកអ្នកឈ្លានពាន ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។

បណ្ដាញផ្សព្វផ្សាយអន្តរជាតិ បានលើកឡើងពីសំណួររបស់ លោក ពូទីន ដែលចោទសួរទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូយ៉ាងធ្ងន់ៗថា អាមេរិក និងណាតូ (NATO) គឺជាអ្នកដែលត្រូវតែផ្ដល់ការធានាមកឱ្យពួកយើង ហើយពួកអ្នកត្រូវធ្វើវាជាបន្ទាន់ទៀតផង។ តើពួកយើងគឺជាអ្នក ដាក់ពង្រាយមីស៊ីលនៅក្បែរព្រំដែនអាមេរិក ឬ? …. ទេ ! មិនមែនពួកយើងឡើយ។ ផ្ទុយទៅវិញ គឺសហរដ្ឋអាមេរិកដែលជាអ្នកដាក់ពង្រាយមីស៊ីល នៅក្បែរមាត់ទ្វារផ្ទះរបស់យើង។ នេះជាការលើកឡើងរបស់លោក ពូទីន នៅក្នុងសុន្ទរកថាប្រចាំឆ្នាំកាលពីចុងឆ្នាំ២០២១។

គួរបញ្ជាក់ថា ខណ:គ្រាប់មីស៊ីលរុស្ស៊ីនៅតែបន្តបាញ់ឆ្ពោះ ទៅរកទីតាំងយោធាសំខាន់ៗ នៃរដ្ឋធានីកៀវរបស់អ៊ុយក្រែន ហើយថា កងទ័ពរុស្ស៊ីក៏កំពុងបន្តសម្រុកទៅមុខផងដែរនោះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី បានអង្វរអន្តរជាតិ ឲ្យចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់យោធារុស្ស៊ី ព្រោះថា ត្រឹមតែការដាក់ទណ្ឌកម្មនោះ វាមិនគ្រប់គ្រាន់ទេ, ប៉ុន្តែ លោក ហ្សេលែនស្គី ខ្លួនឯងផ្ទាល់ បានទាក់ទងទៅកាន់មេដឹកនាំចំនួន ២៧ប្រទេស ដែលជាសម្ព័ន្ធមិត្តណាតូ និងសហរដ្ឋអាមេរិក បារាំង អង់គ្លេស… គឺគ្មាននរណាម្នាក់សន្យាថា នឹងបញ្ជូនកម្លាំងយោធារបស់ខ្លួនមកជួយអ៊ុយក្រែន និងទប់ស្កាត់កម្លាំងយោធារបស់រុស្ស៊ីនោះទេ
ពោលគឺ ពេលនេះ អ៊ុយក្រែនស្ថិតនៅឯកោម្នាក់ឯងផ្នែកកម្លាំងយោធា។

តាមច្បាប់ស្ដីពីសន្ធិសញ្ញាអាត្លង់ទិចខាងជើង (សម្ព័ន្ធមិត្តណាតូ) និងច្បាប់ស្ដីពីបូរណភាពដែនដី អធិបតេយ្យភាព និងឯករាជភាព , មេដឹកនាំក្រុមសម្ព័ន្ធមិត្តណាតូបានលើកឡើងថា ណាតូ អាចជួយឆ្លើយតប ការពារ ចំពោះប្រទេសណាដែលជាសមាជិករបស់ខ្លួន ហើយត្រូវបានគេប្រើកម្លាំងយោធាសង្កត់តែប៉ុណ្ណោះ, ដោយឡែក អ៊ុយក្រែន មិនទាន់ចូលជាសមាជិកណាតូនោះទេ ម៉្លោះហើយ ខុសធម្មនុញ្ញនៃច្បាប់ណាតូ ដូច្នេះក្រុមសម្ព័ន្ធមិត្តមិនអាចជួយកម្លាំងយោធាទៅអ៊ុយក្រែនបានឡើយ, ដែលនេះឃើញថា ខុសពីពេលមុនគឺក្រុមអស់លោកខាងលិចតែងតែបានសន្យាគ្រប់យ៉ាងជាមួយអ៊ុយក្រែន ប៉ុន្តែឥឡូវនេះ សង្គ្រាមត្រជាក់របស់ពួកគេ និងការអូសទាញអ៊ុយក្រែនឲ្យស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន បែរជាធ្វើឱ្យអ៊ុយក្រែនរងទឹកភ្នែកម្នាក់ឯង គ្រោះថ្នាក់ម្នាក់ឯង ហិនហោចម្នាក់ឯង។

ស្ថានភាពសង្គ្រាមលុកលុយអ៊ុយក្រែន បានឈានចូលមកដល់ថ្ងៃទី៣ទៅហើយ គេនៅតែមើលឃើញថា សហរដ្ឋអាមេរិក និង ណាតូ (NATO) នៅតែបញ្ជាក់ជំហរថា ពួកគេនឹងមិនដាក់ពង្រាយកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ីឡើយ ដោយទុកឱ្យអ៊ុយក្រែនជាអ្នកតស៊ូប្រយុទ្ធជាមួយយក្សរុស្ស៊ីតែម្នាក់ឯង។ តែពួកគេបានសន្យាថានឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត ខណៈទីក្រុងវ៉ាស៊ីនតោនចោទថា រុស្ស៊ីមានផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន, តែរុស្ស៊ីបញ្ជាក់តបវិញថា ការធ្វើបែបនេះ ដើម្បីការពារអាយុជីវិតជនស៊ីវិលរបស់រុស្ស៊ី ដែលរុស្ស៊ីចោទថា អ៊ុយក្រែនបានប្រព្រឹត្តអំពើណាស៊ី (សម្លាប់សាហាវ) និងការពារឯករាជ្យភាពនៅតំបន់ផ្ដាច់ខ្លួន ដូណេត (Donetsk), ឡូហាន (Luhansk) និង ដុនបាស់ (Donbas) ដែលប្រជាជនរស់នៅទីនោះ សម្បូរទៅដោយជនជាតិរុស្ស៊ីនិងជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×