Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដឹងពីហេតុអ្វី នាំឲ្យប្រធានាធិបតីរុស្ស៊ីលើកកងទ័ពឈ្លានពានប្រទេសអ៊ុយក្រែន

រដ្ឋធានីគៀវ៖ ស្រពពេល ប្រធានាធិបតី ពូទីន បានសម្រេចចិត្ត លើកកងទ័ព វាយលុក ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នោះ រឹតតែធ្វើឲ្យមនុស្សជាច្រើន មានការចង់ដឹងកាន់តែខ្លាំងឡើង ថាតើ ហេតុអ្វីបានជាក្រុងមូស្គូ លើកកងទ័ព ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន?

សារព័ត៌មាន US Today បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា កងទ័ពរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបើកប្រតិបត្ដិការទ្រង់ទ្រាយធំ វាយលុក ចេញពីភាគខាងជើង ខាងកើត និង ភាគខាងត្បូង ដោយចេញពីប្រទេសរបស់ខ្លួន និង បេឡារុស វាយសង្គ្រប់ ទៅលើប្រទេសអ៊ុយក្រែន ទាំងផ្លូវគោក ផ្លូវទឹក និង អាកាស។ គ្រាប់មីស៊ីល បានបាញ់ស្រោច ដូចគ្រាប់ភ្លៀង ធ្លាក់ទៅលើរដ្ឋធានីគៀវ និង ទីក្រុងនានារបស់ប្រទេសអ៊ុយក្រែន នៅមុនថ្ងៃរះ។ សកម្មភាពយោធារបស់រុស្ស៊ី បានធ្វើឡើង ក្រោយពេលមានបញ្ជាពីលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ។

.រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ុយក្រែន បានបញ្ជាក់ថា ចេតនារបស់រុស្សី ចង់បំផ្លិចបំផ្លាញរដ្ឋអ៊ុយក្រែន ដែលមានចេតនា ចង់បានលទ្ធិប្រជាធិបតេយ្យ ដោយមើលទៅលោកខាងលិច នៅក្នុងការផ្លាស់ប្តូរ ចេញពីគន្លងរបស់ទីក្រុងម៉ូស្គូ។ ដោយឡែក ការវាយប្រហារ ពីកងទ័ពរុស្ស៊ី នៅដំបូង (គឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ) នោះ បានបណ្ដាលឲ្យជនជាតិអ៊ុយក្រែន ចំនួន ១៣៧នាក់ បាត់បង់ជីវិត និង ចំនួន៣១៦នាក់ផ្សេងទៀត រងរបួស។ ចំណែក ពលរដ្ឋអ៊ុយក្រែន យ៉ាងតិច ១០០ ០០០នាក់ បានបាត់ចោលផ្ទះសម្បែង ខណៈអ្នកខ្លះកំពុងតែសម្ងំស្នាក់នៅ តាមផ្លូវរថភ្លើងក្រោមដី។

រដ្ឋមន្រ្ដីក្រសួងសុខាភិបាលអ៊ុយក្រែន បានចាត់ទុក សកម្មភាពយោធារបស់រុស្ស៊ី ជា«សង្គ្រាមទ្រង់ទ្រាយធំ» ដោយបានវាយប្រហារមកលើប្រទេសអ៊ុយក្រែន ចេញពីភាគខាងកើត ខាងជើង និងខាងត្បូង ហើយមានការគាំទ្រ ពីកម្លាំងបេឡារុស ផងដែរ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ខណៈការវាយប្រហារកំពុងតែចាប់ផ្តើមនោះ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមាន អំពីផលវិបាកនានាដល់ប្រទេសផ្សេងៗទៀត ចំពោះការប៉ុនប៉ងណាមួយ ដើម្បីជ្រៀតជ្រែក ចូលមកក្នុងសកម្មភាពយោធារបស់ក្រុងមូស្គូ។

ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃ ដែលកងទ័ពរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានប្រកាសកញ្ចប់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរថ្មី ប្រឆាំងនឹងក្រុងមូស្គូ និង លោកពូទីន។ ការប្រកាសរបស់លោកប្រធានាធិបតី បានកើតឡើង បន្ទាប់ពីជួបជាមួយមន្ត្រីសន្តិសុខជាតិ និង មេដឹកនាំពិភពលោក។ លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ថា វិធានការទាំងនេះ នឹងរួមបញ្ចូល ទាំងការ«ច្របាច់បញ្ចូលគ្នា» ទៅលើការចូលប្រើប្រាស់ទីផ្សារហិរញ្ញវត្ថុរបស់រុស្សី ការកំណត់លើការនាំចេញមួយចំនួននិងការពិន័យផ្សេងៗថែមទៀត។

រហូតមកដល់ពេលនេះ មេដឹកនាំអ៊ុយក្រែន កំពុងប្រមូលផ្តុំទ័ពបម្រុង ចំនួន ៣៦ 000 នាក់ ខណៈប្រទេសនេះកំពុងតែត្រៀមលក្ខណៈ សម្រាប់ការលុកលុយពេញលេញ។ ឆ្មាំការពារជាតិ និង កម្លាំងសេវាត្រួតពិនិត្យព្រំដែនរបស់អ៊ុយក្រែន កំពុងធ្វើសកម្មភាព ជាកងទ័ពបម្រុង ១0 000នាក់ បន្ថែមទៀត។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអះអាងថា គោលបំណង នៃការវាយលុកចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែននេះ ក៏ដើម្បីការពារអ្នកនិយាយភាសារុស្សី នៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេស អ្នករស់នៅក្នុងសាធារណរដ្ឋដែលបានប្រកាសដោយខ្លួនឯង ចំនួន២ គឺតំបន់ Donetsk និង តំបន់ Luhansk ដែលបានផ្ដាច់ខ្លួន ចេញពីការគ្រប់គ្រងរបស់អ៊ុយក្រែន កាលពីអំឡុងឆ្នាំ ២0១៤។
ទោះជាយ៉ាង អ៊ុយក្រែន នៅតែបដិសេធនូវការអះអាងរបស់ក្រុងមូស្គូ ហើយក្រុងគៀវ នឹងព្យាយាម យកដែនដីទាំងនោះ ត្រឡប់មកវិញ។

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅ សម្ព័ន្ធអាត្លង់ទិកខាងជើង (ហៅកាត់ ណាតូ) ជាសម្ព័ន្ធភាពយោធាអន្តររដ្ឋាភិបាល រវាងប្រទេសអឺរ៉ុប ចំនួន២៨ និង ប្រទេសអាមេរិកខាងជើង ចំនួន២។ កន្លងមក អ៊ុយក្រែនបានបង្ហាញចំណាប់អារម្មណ៍ ចង់ចូលរួមជាសមាជិក នៅក្នុងអង្គការនេះដែរ។ សកម្មភាពរបស់ក្រុងគៀវ ធ្វើឲ្យក្រុងមូស្គូ មិនសប្បាយចិត្ត ហើយរារាំងដល់អ៊ុយក្រែន នៅក្នុងការចូលជាសមាជិករបស់អង្គការណាតូនេះ។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា លោកចាត់ទុកការរំពឹងទុករបស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយសម្ពន្ធមិត្តយោធារបស់លោកខាងលិច ថា ជា «ទង្វើអរិភាព»។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក ពូទីន បានទាមទារដល់សហរដ្ឋអាមេរិក និង អង្គការណាតូ អំពីបញ្ជីសន្ដិសុខរបស់ក្រុងមូស្គូ ហើយធានាថា អ៊ុយក្រែន នឹងមិនចូលទៅក្នុងអង្គការ NATO ហើយថា សម្ពន្ធភាពយោធារបស់លោកខាងលិច នឹងមិនពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់ទីតាំងយោធារបស់ខ្លួន នៅអឺរ៉ុបខាងកើត និងអឺរ៉ុបកណ្តាល នោះឡើយ។ ប៉ុន្ដែទោះជាយ៉ាងណា សំណើទាំងនេះ ត្រូវបានច្រានចោលភ្លាមៗ ដោយសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តណាតូ។

ក្រៅពីនេះ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានច្រានចោលសិទ្ធិរបស់អ៊ុយក្រែន ក្នុងការមានទំនាក់ទំនងសម្ពន្ធមិត្តយោធា ក្រៅពីប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ លោក ពូទីន ក៏បានបញ្ជាក់ អំពីប្រវត្តិសាស្ត្រ និងវប្បធម៌រួមរបស់ប្រទេសអ៊ុយក្រែន ផងដែរ។ នៅក្នុងសុន្ទរកថាមួយ លោក ពូទីន បានទទួលស្គាល់ «ឯករាជ្យ និងអធិបតេយ្យភាព» នៃខេត្តចំនួន២ នៅភាគខាងកើត អ៊ុយក្រែន រួមមាន Donetsk និង Luhansk ។

លោក ពូទីន បានបញ្ជាក់ នៅក្នុងសុន្ទរកថារបស់គាត់ ថា «យើងមានហេតុផល ដើម្បីនិយាយថា Bolsheviks និង Vladimir Lenin បានបង្កើតរដ្ឋអ៊ុយក្រែន» ដោយបន្ថែមថា «អ៊ុយក្រែន នាសម័យទំនើប ត្រូវបានបង្កើតឡើង ដោយរុស្ស៊ីទាំងស្រុង»៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

×