រុស្ស៊ី ៖ បើទោះជាមានសញ្ញាបង្ហាញថាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានទៅរកតុចរចាដោះស្រាយបញ្ហាតានតឹង និងថា សម្ព័ន្ធមិត្តណាតូ (NATO) កំពុងដាក់ពង្រាយកម្លាំងរបស់ខ្លួនឆ្លើយតបរហ័សជាលើកដំបូង ដើម្បីពង្រឹងការការពារខ្លួន ឆ្លើយតបនឹងកម្លាំងយោធារបស់រុស្ស៉ីនៅក្នុង ប្រទេសអ៊ុយក្រែនក៏ដោយ ក៏យោធាអ៊ុយក្រែនបានអះអាងថា នៅយប់ថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងកៀវ) នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ គឺទាហានរុស្ស៊ីនៅតែបន្តវាយប្រហារលើមូលដ្ឋានទ័ព ដែលមានទីតាំងនៅតាមដងវិថីដ៏សំខាន់មួយក្នុងរដ្ឋធានីកៀវ (Kyiv) ដដែល, ប៉ុន្តែការវាយប្រហារនេះ ត្រូវបានកងទ័ពអ៊ុយក្រែនទប់ស្កាត់វិញ។

បើតាមសារព័ត៌មាន Interfax របស់អ៊ុយក្រែន នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញផ្សាយអំពីព្រឹត្តិការណ៍សង្គ្រាមនេះឲ្យដឹងថា កងទ័ពរុស្ស៊ីមិនត្រឹមតែបានវាយលុក រុលទៅមុខប៉ុណ្ណោះទេ គឺថែមទាំងបានព្យាយាមរឹបអូសស្ថានីយមួយក្នុងចំណោមស្ថានីយផ្គត់ផ្គង់អគ្គិសនីនានា របស់ទីក្រុងកៀវទៀតផង។
ស្របពេលជាមួយគ្នានេះផងដែរ នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភ: ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskyy) បានថ្លែងផងដែរថា កងទ័ពរុស្ស៊ីនឹងប្រឹងក្រសោបយករដ្ឋធានីកៀវ នៅកំលុងយប់នេះហើយ។
ងាកមកមើល ក្រុមកងកម្លាំងយោធាអ៊ុយក្រែន ជាបន្តទៀត បានបង្ហោះសារនៅលើ Facebook របស់ពួកគេថា កម្លាំងយោធារុស្ស៊ី បានវាយប្រហារអង្គភាពយោធាមួយកន្លែងស្ថិតនៅតាមវិថីជ័យជំនះ ឬ ភើម៉ូហ៊ី (Permohy) ភាគខាងលិចទីក្រុងកៀវ។

ជាមួយគ្នានោះ ក្រុមអ្នកកាសែត មួយចំនួនក៏បានរាយការណ៍ផងដែរថា ពួកខ្លួនបានឮសំឡេងផ្ទុះដ៏កក្រើកជាបន្តបន្ទាប់ នៅតំបន់ភាគកណ្តាលទីក្រុងកៀវ នៅពេលទាបភ្លឺថ្ងៃសៅរ៍នេះ (ម៉ោងនៅកៀវ)។យ៉ាងណាក៏ដោយ ចំពោះព្រឹត្តិការណ៍នេះ មិនទាន់ត្រូវបានប្រភពណាមួយបញ្ជាក់អំពីការវិវឌ្ឍបន្ថែមលើសពីនេះទៀតនោះទេ។
ដោយមើលឃើញសភាពការណ៍មិនស្រួល ប្រមុខអង្គការណាតូ (NATO) លោក យេន ស្តូលថិនបឺកហ្គ៍ (Jens Stoltenberg) បានព្រមានថា ទង្វើរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន កំពុងបង្កើតការគំរាមកំហែងសន្តិសុខដល់អឺរ៉ុបទាំងមូល មិនមែនតែចំពោះអ៊ុយក្រែននោះទេ, ហេតុដូច្នេះ សម្ព័ន្ធមិត្ត NATO បានសម្រេចការពារខ្លួន ដោយបញ្ជូនកងកម្លាំង NRF (កម្លាំងឆ្លើយតបរហ័ស) របស់ NATO ដាក់ពង្រាយនៅលើដែនគោក លើដែនទឹក និងលើដែនអាកាស ដើម្បីបន្តពង្រឹងគោលជំហរយោធារបស់ខ្លួន និងដើម្បីឆ្លើយតបឱ្យបានឆាប់រហ័ស ចំពោះស្ថានការណ៍ប្រែប្រួលណាមួយផ្សេងទៀត។
អ្នកមកមើលផ្នត់គំនិតសង្គ្រាមត្រជាក់របស់ក្រុមលោកខាងលិចវិញ ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប បានព្រមព្រៀងរួមគ្នាដាក់ទណ្ឌកម្មដោយផ្ទាល់ ទៅលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងមន្ត្រីកំពូលៗនៃរដ្ឋាភិបាលរបស់លោក ក្នុងនោះក៏មានលោករដ្ឋមន្ត្រីការបរទេស សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ផងដែរ។ ទណ្ឌកម្មថ្មីនេះ គឺសំដៅទៅរកការបង្កកទ្រព្យសម្បត្តិរបស់ លោក ពូទីន និងក្រុមមន្ត្រីក្នុងជួរថ្នាក់ដឹកនាំរុស្ស៊ី, នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

មានសំណួរជាច្រើនចោទសួរថា តើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការបង្កកទ្រព្យសម្បត្តិនៅធនាគារ និងការដាក់ពង្រាយកម្លាំងណាតូគំរាមកំហែងទៅដល់កម្លាំងយោធារបស់រុស្ស៊ី តើរុស្ស៊ីខ្លាចដែរទេ ?! ចម្លើយដែលមើលឃើញជាក់ស្ដែងបង្ហាញរួចហើយថា បើរូស្ស៊ីខ្លាច ម្ល៉េះសមនឹងរុស្ស៊ីមិនហ៊ានបើកប្រតិបត្តិការវាយលុកចូលអ៊ុយក្រែនតាំងពីដំបូងមកម្ល៉េះ។ ពោលគឺ បើនិយាយអំពីការខាតបង់ គឺរុស្ស៊ីពិតជាខាតរាប់រយពាន់លានដុល្លារ, ប៉ុន្តែ ប៉ុន្តែបើរុស្ស៊ីធ្វើបានសម្រេចនូវអ្វីដែលខ្លួនចង់បាននោះ ដូចជា តំបន់ផ្ដាច់ខ្លួន ដូណេត (Donetsk), ឡូហាន (Luhansk) និង តំបន់ដុនបាស់ (Donbas) ដែលជាតំបន់សម្បូរទៅដោយជនជាតិរុស្សីរស់នៅ ហើយទាមទារផ្ដាច់ខ្លួនពីអ៊ុយក្រែន និងជាតំបន់ដែលរុស្ស៊ីគាំទ្រឲ្យមានឯករាជ្យភាពនោះ គឺរុស្ស៊ីក៏ទទួលបានការចំណេញមកវិញលើសរាប់រយពាន់ទៅទៀត ពោលគឺ ចំណេញមិនអាចកាត់ថ្លៃបាន។
សួរថា រុស្ស៊ីខ្លាចក្រុមលោកខាងលិចទេ ?! ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន មានតែគំរាមតបវិញថា រុស្ស៊ីបើកប្រតិបត្ដិការយោធាទៅកាន់តំបន់ដុនបាស់ក្នុងប្រទេសអ៊ុយក្រែន ដើម្បីការពារអាយុជីវិតជនស៊ីវិលរបស់រុស្ស៊ី និងគាំទ្រឲ្យតំបន់ផ្ដាច់ខ្លួនមួយនេះទទួលបានឯករាជ្យភាពប៉ុណ្ណោះ ដូច្នេះ បើប្រទេសផ្សេងៗទៀត លូកដៃចូលក្នុងរឿងនេះ នឹងទទួលរងនូវផលវិបាកធ្ងន់ធ្ងរជាពុំខាន។
ពិភពលោកបានមើលឃើញច្បាស់ហើយ គឺ រុស្ស៊ីគ្មានត្រូវការអ្វីក្រៅពីតម្រូវឱ្យអ៊ុយក្រែន ប្រគល់តំបន់ផ្ដាច់ខ្លួនដែលរុស្ស៊ីចង់បាន ឲ្យទទួលឯករាជ្យ គឺតំបន់ផ្ដាច់ខ្លួន ដូណេត (Donetsk), ឡូហាន (Luhansk) និង តំបន់ដុនបាស់ (Donbas) ជារដ្ឋឯករាជ្យ, ផ្លាស់ប្ដូររបបអ៊ុយក្រែនបច្ចុប្បន្ន បង្កើតរបបថ្មី និងសងសំណងយោធា និងគ្រាប់សព្វាវុធដែលត្រូវបានចំណាយក្នុងភ្លើងសង្គ្រាមមួយនេះ។

គេនៅចងចាំសេចក្ដីថ្លែងការណ៍របស់ លោក ពូទីន បុរសខ្លាំងរុស្ស៊ី បានបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀងទីក្រុង មីន (Minsk ) យើងបានផ្តល់ឱ្យអ៊ុយក្រែននូវឱកាសដើម្បីធ្វើសមាហរណកម្មសាធារណរដ្ឋ ដុនបាស (Donbass) ឡើងវិញ គឺអ៊ុយក្រែនគ្រាន់តែត្រូវបញ្ឈប់ការបាញ់ប្រហារជនស៊ីវិលរុស្ស៊ីនៅតំបន់លំនៅដ្ឋាន និងស្តាប់មនុស្សដែលរស់នៅទីនោះ (ដុនបាស)។
យើងចង់និយាយទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែមិនមានការឆ្លើយតបនោះទេ ពួកគេអំនួតមើលស្រាល មាក់ងាយ, ផ្ទុយទៅវិញយើងបានជួបប្រទះតែការព្រងើយកន្តើយចំពោះសំណួររបស់យើង។
ខ្លឹមសាររបស់ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បង្ហាញនូវការឈឺចាប់ថា ប៉ុន្មានឆ្នាំមកនេះ លោកខាងលិចបានគាំទ្ររបបអ៊ុយក្រែន ដោយជំរុញឱ្យរបបនេះធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ប៉ុន្មានឆ្នាំមកនេះ ពួកយើងបានស្នើ កុំឱ្យបំពាក់អាវុធដល់អ្នកជិតខាងរបស់យើង ព្រោះអាវុធទាំងនេះត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិលនៅ ដុនបាស (Donbass)។ សំណូមពរម្ដងហើយម្ដងទៀត នៅទីបំផុត មតិរបស់យើង មិនត្រូវបានគេអើពើ។ នៅព្រំដែនរបស់យើង ពួកគេបានបង្កើតតំបន់ឈរជើងរបស់ ណាតូ (NATO) ដោយហ៊ុមព័ទ្ឋយើងឱ្យរួមកាន់តែតូច ខណៈដែលយើងនៅតែបន្តរងនូវការដាក់ទណ្ឌកម្មពីអស់លោកខាងលិចចំពោះអ្វីដែលរុស្ស៊ីមិនបានធ្វើដូចការគិត ឬការលាបពណ៌របស់ពួកគេ។
យើងមិនបានលេបយក គ្រីមៀទេ – ប្រជាមតិត្រឹមត្រូវមួយ គឺត្រូវបានធ្វើឡើង ដូច្នេះវាបានត្រឡប់មកយើងវិញ។ យើងមិនបានប្រយុទ្ធនៅ ដុនបាស (Donbass) ទេ វាជាសង្គ្រាមស៊ីវិលនៅអ៊ុយក្រែន។ ប៉ុន្តែឥឡូវអ៊ុយក្រែនបានបើកការវាយប្រហារលើសាធារណរដ្ឋ Donbass ដែលរុស្ស៊ីទទួលស្គាល់ជាតំបន់ផ្ដាច់ខ្លួនឯករាជ្យរបស់ជនស៊ីវិល, ហើយប្រធានាធិបតីអ៊ុយក្រែន បានប្រកាសក្នុងវេទិកាអន្តរជាតិពីបំណងចង់មានអាវុធនុយក្លេអ៊ែរដើម្បីគំរាមរុស្ស៊ី តើអស់លោកខាងលិចមានមើលឃើញទេ។
ប្រជាជនអ៊ុយក្រែន គឺជាបងប្អូនរួមជាតិសម្រាប់ជនជាតិរុស្ស៊ី ប៉ុន្តែមេដឹកនាំរបស់ពួកគេ និងសហរដ្ឋអាមេរិក នាំពួកគេផ្ដាច់មនោសញ្ជេតនាទៅឆ្ងាយបំផុត ដោយអធិប្បាយស្អប់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងជួយរំដោះប្រជាជនអ៊ុយក្រែនក្នុងនាមជាបងប្អូន។
អ៊ុយក្រែននឹងមានសេរីភាព ឯករាជ្យ និងមិត្តភាពជាមួយរុស្ស៊ី។ យើងចង់ឱ្យសហរដ្ឋអាមេរិកដកថយពីព្រំដែនរបស់យើង ហើយឈប់ចាប់អ៊ុយក្រែនជាអាយ៉ងរបស់ខ្លួន។ ប្រតិបត្តិការរបស់យើង គឺការរក្សាសន្តិភាព ហើយមានគោលបំណងតែលើការរំសាយកងទ័ពនៃប្រទេសជិតខាងប៉ុណ្ណោះ។
គ្មានជនស៊ីវិលណាម្នាក់នៃប្រទេសជាបងប្អូនត្រូវរងគ្រោះនោះឡើយ !យើងធ្វើដើម្បីសន្តិភាព ! អត់មានសង្រ្គាមទេ ! ប៉ុន្តែយើងត្រូវបង្ខំសន្តិភាព និងរំងាប់ពួកអ្នកឈ្លានពាន ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។
បណ្ដាញផ្សព្វផ្សាយអន្តរជាតិ បានលើកឡើងពីសំណួររបស់ លោក ពូទីន ដែលចោទសួរទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូយ៉ាងធ្ងន់ៗថា អាមេរិក និងណាតូ (NATO) គឺជាអ្នកដែលត្រូវតែផ្ដល់ការធានាមកឱ្យពួកយើង ហើយពួកអ្នកត្រូវធ្វើវាជាបន្ទាន់ទៀតផង។ តើពួកយើង គឺជាអ្នកដាក់ពង្រាយមីស៊ីលនៅក្បែរព្រំដែនអាមេរិក ឬ? …. ទេ ! មិនមែនពួកយើងឡើយ។ ផ្ទុយទៅវិញ គឺសហរដ្ឋអាមេរិកដែលជាអ្នកដាក់ពង្រាយមីស៊ីល នៅក្បែរមាត់ទ្វារផ្ទះរបស់យើង។ នេះជាការលើកឡើងរបស់លោក ពូទីន នៅក្នុងសុន្ទរកថាប្រចាំឆ្នាំកាលពីចុងឆ្នាំ២០២១។
រឹតតែជាការបង្ហាញថា រុស្ស៊ីមិនបានខ្លាចសហរដ្ឋអាមេរិក និងក្រុមលោកខាងលិចថែមទៀតនោះ គឺ ចាប់តាំងពីរាត្រីរំលងអធ្រាត្រ រហូតដល់ព្រឹកព្រហាម ឈានចូលថ្ងៃទី៣ នៃសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន ពោលគឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ពរុស្ស៊ីបានបន្តវាយប្រយុទ្ធយ៉ាងក្តៅគគុក ទម្លុះរបាំងការពារកងទ័ពអ៊ុយក្រែនចូលទៅដល់ជាយរដ្ឋធានីកៀវ (Kyiv) ដែលជាបេះដូងនៃប្រទេសអ៊ុយក្រែនហើយ។
មិនតែប៉ុណ្ណោះ នៅមុននេះបន្តិច ទីក្រុងមូស្គូ បានចេញសារព្រមានធ្ងន់ៗចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ថា ប្រសិនបើប្រទេសទាំងពីរនេះ ហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO គឺនឹងត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរ ទាំងផ្នែកនយោបាយ និងយោធាពីសំណាក់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












