Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពរុស្ស៉ី វាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន ៨២១កន្លែង និងកាន់កាប់ទាំងស្រុងទីក្រុងម៉េលីតូប៉ូល

អ៊ុយក្រែន ៖ មូលដ្ឋានសំខាន់ៗ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន ចំនួន ៨២១កន្លែង ត្រូវបានកងទ័ពយោធារុស្ស៊ីបំផ្លាញចោល ព្រមទាំងទីក្រុងសំខាន់មួយត្រូវបានកងទ័ពរុស្ស៊ីគ្រប់គ្រងទាំងស្រុង ស្របពេលដែលប្រតិបត្តិការយោធាបាននិងកំពុងបន្តនៅថ្ងៃទី៣ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik ក្នុងប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយដកស្រង់សម្ដីរបស់ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរុស្ស៉ី គឺលោក អ៉ីហ្គ័រ កូណាសិនកូវ (Igor Konashenkov) ឲ្យដឹងថា បណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធា របស់អ៊ុយក្រែនដែលត្រូវបានបំផ្លាញ រួមមាន ព្រលានយន្តហោះយោធាចំនួន ១៤កន្លែង, ប៉ុស្តិ៍បញ្ជាការ និងមជ្ឈមណ្ឌលទាក់ទង ១៩កន្លែង, ប្រព័ន្ធប្រឆាំងមីស៉ីល S-300 និង Osa ២៤គ្រឿង, ស្ថានីយរ៉ាដា ៤៨កន្លែង, យន្តហោះចម្បាំង ៧គ្រឿង, ឧទ្ធម្ភាគចក្រ ៧គ្រឿង, យន្តហោះដ្រូន ៩គ្រឿង, រថក្រោះ និងរថពាសដែក ៨៧គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២៨គ្រឿង, នាវាយោធាធុនមធ្យម ៨គ្រឿង ព្រមទាំងបរិក្ខារយោធារាប់រយផ្សេងទៀត។

បើតាមសារព័ត៌មាន Interfax របស់អ៊ុយក្រែន នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញផ្សាយអំពីព្រឹត្តិការណ៍សង្គ្រាមនេះឲ្យដឹងថា កងទ័ពរុស្ស៊ីមិនត្រឹមតែបានវាយលុក រុលទៅមុខប៉ុណ្ណោះទេ គឺថែមទាំងបានព្យាយាមរឹបអូសស្ថានីយមួយក្នុងចំណោមស្ថានីយផ្គត់ផ្គង់អគ្គិសនីនានា របស់ទីក្រុងកៀវទៀតផង។

ស្របពេលជាមួយគ្នានេះផងដែរ នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភ: ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskyy) បានថ្លែងផងដែរថា កងទ័ពរុស្ស៊ីនឹងប្រឹងក្រសោបយករដ្ឋធានីកៀវ នៅកំលុងយប់នេះហើយ។

ងាកមកមើល ក្រុមកងកម្លាំងយោធាអ៊ុយក្រែន ជាបន្តទៀត បានបង្ហោះសារនៅលើ Facebook របស់ពួកគេថា កម្លាំងយោធារុស្ស៊ី បានវាយប្រហារអង្គភាពយោធាមួយកន្លែងស្ថិតនៅតាមវិថីជ័យជំនះ ឬ ភើម៉ូហ៊ី (Permohy) ភាគខាងលិចទីក្រុងកៀវ។

ជាមួយគ្នានោះ ក្រុមអ្នកកាសែត មួយចំនួនក៏បានរាយការណ៍ផងដែរថា ពួកខ្លួនបានឮសំឡេងផ្ទុះដ៏កក្រើកជាបន្តបន្ទាប់ នៅតំបន់ភាគកណ្តាលទីក្រុងកៀវ នៅពេលទៀបភ្លឺថ្ងៃសៅរ៍នេះ (ម៉ោងនៅកៀវ)។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានព្រមានរួចហើយថា រុស្ស៊ីបើកប្រតិបត្ដិការយោធាទៅកាន់តំបន់ដុនបាស់ក្នុងប្រទេសអ៊ុយក្រែន ដើម្បីការពារអាយុជីវិតជនស៊ីវិលរបស់រុស្ស៊ី និងគាំទ្រឲ្យតំបន់ផ្ដាច់ខ្លួនមួយនេះទទួលបានឯករាជ្យភាពប៉ុណ្ណោះ ដូច្នេះ បើប្រទេសផ្សេងៗទៀត លូកដៃចូលក្នុងរឿងនេះ នឹងទទួលរងនូវផលវិបាកធ្ងន់ធ្ងរជាពុំខាន។

ចាប់តាំងពីរាត្រីរំលងអធ្រាត្រ រហូតដល់ព្រឹកព្រហាម ឈានចូលថ្ងៃទី៣ នៃសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន ពោលគឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ពរុស្ស៊ីបានបន្តវាយប្រយុទ្ធយ៉ាងក្តៅគគុក ទម្លុះរបាំងការពារកងទ័ពអ៊ុយក្រែនចូលទៅដល់ជាយរដ្ឋធានីកៀវ (Kyiv) ដែលជាបេះដូងនៃប្រទេសអ៊ុយក្រែនហើយ។

ទីក្រុងមូស្គូ បានចេញសារព្រមានធ្ងន់ៗចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ថា ប្រសិនបើប្រទេសទាំងពីរនេះ ហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO គឺនឹងត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរ ទាំងផ្នែកនយោបាយ និងយោធាពីសំណាក់ប្រទេសរុស្ស៉ី។

លោក អ៉ីហ្គ័រ កូណាសិនកូវ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរុស្ស៉ីវិញ បានបញ្ជាក់ថា ការវាយជ្រុលទៅមុខរបស់កម្លាំងយោធារុស្ស៉ី បានប្រើប្រាស់សព្វាវុធដូចជា មីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយ, វាយប្រហារចេញពីផ្លូវអាកាស, ផ្លូវសមុទ្រ និងផ្លូវគោក ទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន។ ជាមួយគ្នានេះ កងទ័ពរុស្ស៉ី ក៏ដណ្តើមកាន់កាប់បានទាំងស្រុងនូវទីក្រុងម៉េលីតូប៉ូល (Melitopol) ស្ដិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន និងកំពុងវាយប្រយុទ្ធទៅលើទីក្រុងផ្សេងៗទៀត រួមមានទាំង រដ្ឋធានីកៀវរបស់អ៊ុយក្រែនផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×