Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លឹងមើលចំណុចឈ្លាសវៃរបស់កងទ័ពរុស្ស៊ី និងកំពុងបន្ថែមសម្ទុះវា.យលុក ខណ:មេដឹកនាំអ៊ុយក្រែន ពន្យារពេលចរចា

រុស្ស៊ី ៖ បើនិយាយពីប្រជាពលរដ្ឋសាមញ្ញនៅលើពិភពលោកវិញ អាចនឹងមិនចាប់អារម្មណ៍នោះទេ នូវភាពឆ្លាតឈ្លាសវៃរបស់កងទ័ពរុស្ស៊ីដែលវាយលុករុលចូលទៅមុខក្នុងប្រទេសសត្រូវរបស់ខ្លួន គឺអ៊ុយក្រែននោះ ហើយជាថ្មីនេះទៀត សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានឈានចូលដល់ដើមថ្ងៃទី៤ ហើយ បើគិតចាប់តាំងពីថ្ងៃទី២៤ រហូតមកដល់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ គឺកងទ័ពរុស្ស៊ីទទួលបានបទបញ្ជាជាថ្មីទៀតពីមេដឹកនាំ ឱ្យបង្កើនការវាយលុកកាន់តែខ្លាំងសង្គ្រុបយកទីក្រុងកៀវ ដែលជាបេះដូងនៃអ៊ុយក្រែនឲ្យខាងតែបានក្នុងរយៈពេលខ្លី បើទោះជា អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច រួមមានការផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្ម ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស, ជាពិសេសការហាមប្រាមនៃការហោះហើរឆ្លងកាត់ដែនអាកាសរបស់ប្រទេសសម្ព័ន្ធមិត្តតែម្ដង, ការផ្ដាច់សេវាធនាគារសាកល (ហៅកាត់ថា SWIFT) និងបើទោះជា អាល្លម៉ង់ អង់គ្លេស បារាំង និងអាមេរិក ព្យាយាមបញ្ជូនគ្រឿងសព្វាវុធ និងលុយរាប់រយពាន់លានដុល្លារ ទៅផ្ដល់ឱ្យអ៊ុយក្រែនយ៉ាងណាក៏ដោយ ក៏រុស្ស៊ីមិនបានគិតថា ជាឧបសគ្គ ហើយមានភាពតក់ស្លុតនោះដែរ។

បើតាមមេដឹកនាំរុស្ស៊ី កាលពីថ្ងៃសៅរ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញនូវការខកចិត្តថា អ៊ុយក្រែន បានប្រើល្បិចប្រកាសឲ្យមានកិច្ចចរចាដោះស្រាយបញ្ហា ហើយនៅពេលដែលរុស្ស៊ីមានក្ដីអាណិតអាសូរ មិនចង់ប្រើពូថៅយក្សទៅកាប់កូនមាន់ចូលឆ្នាំងស៊ុបនោះ ព្រមទាំងបន្ធូរដៃបង្អង់ការវាយលុក ដោយគិតថា អាចនឹងមានមនុស្សស្លាប់ច្រើន ហើយទីក្រុងគៀវច្បាស់ជាខ្ទេចខ្ទាំនៅក្នុងការវាយប្រហារដ៏សន្ធាប់មួយនេះ, ស្រាប់តែ លោក ហ្សេលែនស្គី ប្រធានាធិបតីអ៊ុយក្រែន បែរជាច្រានចោលកិច្ចចចារដោះស្រាយបញ្ហាដែលរុស្ស៊ីស្នើឲ្យជួបគ្នានៅទីក្រុងមីន ប្រទេសបេឡារុស ទៅវិញ។

មេដឹកនាំរុស្ស៊ីយល់ឃើញថា ការបង្អង់ការវាយលុកជាងមួយថ្ងៃសម្រាប់ចូលទៅគ្រប់គ្រងទីក្រុងកៀវរបស់អ៊ុយក្រែននេះ ហាក់បីដូចជាផ្ដល់ខ្យល់អុកស៊ីសែនឲ្យទៅកងទ័ពអ៊ុយក្រែន និងមេដឹកនាំអ៊ុយក្រែនដកដង្ហើមស្រួលអីចឹង ហើយថែមទាំងមានកម្លាំងវាយខាំមកលើកងទ័ពរុស្ស៊ីថែមទៀត។ ងាកទៅប្រទេសលោកខាងលិចវិញ ស្របពេលជាមួយគ្នានេះ បែរជាបន្ថែមគ្រឿងសព្វាវុធផ្ដល់ទៅឱ្យអ៊ុយក្រែនត្រង់ៗ ដើម្បីប្រឆាំងរុស្ស៊ី… តើមានន័យយ៉ាងម៉េច ?!… ចង់ប្រើគ្នាច្រើនព្រួតមកលើប្រទេសមួយមែនទេ?!… រូបភាពនេះ ច្បាស់ណាស់ថា គឺជាការរួមចំណែកដុតបន្ថែមភ្លើងសង្គ្រាមមួយឲ្យកាន់តែឆេះសន្ធោសន្ធៅថែមទៀត។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថាក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (២៦ កុម្ភ:) បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា កងកម្លាំងយោធារបស់រុស្ស៉ី ទើបតែទទួលបានបទបញ្ជាថ្មីឱ្យបង្កើនការវាយប្រហារកាន់តែខ្លាំងថែមទៀត ទៅកាន់ទីក្រុងកៀវ មជ្ឈមណ្ឌលសំខាន់ៗរបស់អ៊ុយក្រែន និងវាយគ្រប់គ្រងទៅគ្រប់ទិសដៅទាំងអស់ បន្ទាប់ពីអ៊ុយក្រែន ដែលស្នើឲ្យមានការចរចាដោះស្រាយបញ្ហា ហើយបែរជាមិនព្រមព្រៀងលើការបើកកិច្ចចរចានៅក្នុងប្រទេសបេឡារុស ទៅវិញ។

ប៉ុន្តែ សម្រាប់អ៊ុយក្រែនវិញ លោក ហ្សេលែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានចេញមុខផ្តល់ការបកស្រាយថា ភាគីអ៊ុយក្រែនមិនមែនច្រានចោលដំណោះស្រាយចរចាជាមួយរុស្ស៉ីនោះទេ ប៉ុន្តែអ៊ុយក្រែនមិនទាន់ត្រៀមលក្ខណៈរួចរាល់ ដើម្បីទទួលយកឱសានវាទ ឬលក្ខខណ្ឌណាមួយដែលពិបាកទទួលយកពីសំណាក់ទីក្រុងម៉ូស្គូ។

គួរបញ្ជាក់ថា អ៊ុយក្រែនខ្លួនឯង គឺជាអ្នកអំពាវនាវសុំឲ្យមានកិច្ចចរចាម្ដងហើយម្ដងទៀតយ៉ាងទទូចទៅកាន់រុស្ស៊ី ដើម្បីដោះស្រាយបញ្ហាបញ្ចប់សង្គ្រាមបង្ហូរឈាម, ហេតុអ្វី នៅពេលដែលរុស្ស៊ីយល់ព្រមទៅហើយ បែរជាឆ្លើយថា មិនទាន់ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅវិញ?! ករណីយ៍សង្គ្រាមដ៏ធំ មិនដែលធ្លាប់មានបន្ទាប់ពីសង្គ្រាមលោកលើកទី១ លើកទី២ រួចមកនេះ គឺមិនចាំបាច់តែរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ដែលមើលឃើញច្បាស់ថា ភាគីណាចាញ់ និងភាគីណាឈ្នះនោះ គឺពិភពលោកទាំងមូលតែម្ដង បានមើលឃើញច្បាស់ណាស់ថា អ៊ុយក្រែនបានចាញ់យ៉ាងធ្ងន់ធ្ងរមិនអាចកម្រើកខ្លួនរួច ប្រៀបដូចកូនចៀមនៅក្នុងចង្កូមខ្លា តើអាចមានលទ្ធភាពអ្វីខ្លះទាមទារលក្ខខណ្ឌជាមួយរុស្ស៊ីនោះ ?! ត្រង់ចំណុចនេះ គេមិនចង់ប្រើពាក្យថា អ៊ុយក្រែន ចុះចាញ់ ឬចាញ់ ដោយយោគយល់កុំឲ្យអ៊ុយក្រែនបាក់មុខពេក, ប៉ុន្តែយ៉ាងណាក៏ដោយពាក្យសុំចរចា គឺស្មើនឹងការចុះចាញ់រួចហើយ… តើ ការចង់ទាមទារលក្ខខណ្ឌរបស់អ៊ុយក្រែន ទៅរួចដែរទេ ?! រឿងនេះអាចថា (ឧទាហរណ៍) ក្នុងចំណោម ១០ ចំណុច អ៊ុយក្រែនទទួលបានតែ ២ ចំណុចប៉ុណ្ណោះ។

ងាកមកមើលភាពឆ្លាតឈ្លាសវៃរបស់កងទ័ពរុស្ស៊ីក្រោមបញ្ជារបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន វិញ នៅពេលដែលចាប់ផ្ដើមប្រតិបត្តិការសង្គ្រាមភ្លាម គឺវាយប្រហារតម្រង់ទៅកាន់មូលដ្ឋានយោធាសំខាន់ៗរបស់អ៊ុយក្រែនតែម្ដង ក្នុងនោះរួមមាន ប្រព័ន្ធរ៉ាដាចាប់សញ្ញាសត្រូវ, ប្រព័ន្ធគ្រប់គ្រងដែនអាកាស , ព្រលានយន្តហោះយោធា , មូលដ្ឋានប្រព័ន្ធគ្រប់គ្រងនុយក្លេអ៊ែរ , ឃ្លាំងស្តុកគ្រាប់ និងសព្វាវុធ , ស្ថានីយអគ្គិសនី និងកាត់ផ្ដាច់ហេដ្ឋារចនាសម្ព័ន្ធផ្នែកយោធាច្រើនជាងពាន់កន្លែង។

ទាំងនេះដោយសារអ្វី គឺ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាបុរសខ្លាំងដែលមិនមែនងាយធ្វើឱ្យគេស្មានដឹងនោះទេ,… វ៉្លាឌីមៀរ ពូទីន តាំងពីនៅវ័យជំទង់ ជាសិស្សរៀនពូកែ មិនត្រឹមតែភាសារុស្ស៊ីខ្លួនឯងប៉ុណ្ណោះទេ និយាយស្ទាត់ភាសាអាល្លឺម៉ង់ថែមទៀត, ជាបុរសចូលចិត្តកីឡាក្បាច់គុនទទួលបានខ្សែក្រវាត់ខ្មៅ, ជាប្រធានចារកម្មរុស្ស៊ី (ហៅកាត់ KGB ឮ) , ជាអ្នកកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនិយម, ជាអ្នកឆ្នើមផ្នែកវិទ្យាសាស្ត្រនយោបាយ ជាដើម។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឲ្យដឹងទៀតថា កងទ័ពរុស្ស៉ី បានបើកការវាយលុកជាបន្ត និងបានបំផ្ទុះបំពង់ឧស្ម័នធម្មជាតិធំមួយកម្លែងនៅក្នុងទីក្រុង ខារកៀវ (Kharkiv) របស់អ៊ុយក្រែន ខណៈពួកគេកំពុងបង្កើនការវាយលុកទៅលើរដ្ឋធានីកៀវ និងទិសដៅជាច្រើនទៀត។

ការវាយបំផ្ទុះបំពង់ឧស្ម័នធម្មជាតិធំរបស់អ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ី, ភ្លាមៗនោះ មិនទាន់់មានការបញ្ជាក់ថា តើបំពង់ឧស្ម័នមួយនេះ មានសារៈសំខាន់ប៉ុនណា ឬថា តើការផ្ទុះនេះអាចនឹងធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គត់ឧស្ម័ននៅក្រៅទីក្រុង ឬនៅក្នុងប្រទេសអ៊ុយក្រែនទាំងមូល ឬយ៉ាងណានោះទេ។

គួរកត់សម្គាល់ថា កងទ័ពរុស្ស៊ីបានវាយលុកចូលកាន់កាប់មូលដ្ឋានសំខាន់ៗ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន ច្រើនជាងពាន់កន្លែង , ហើយប្រតិបត្តិការយោធារបស់រុស្ស៊ីកំពុងបង្កើនសម្ទុះ ចាប់តាំងពីថ្ងៃទី២៦ រហូតដល់ ថ្ងៃទី២៧ ខែកុម្ភៈ នៅដើមថ្ងៃទី៤ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នេះ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik កាលពីថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយដកស្រង់សម្ដីរបស់ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរុស្ស៉ី គឺលោក អ៉ីហ្គ័រ កូណាសិនកូវ (Igor Konashenkov) ឲ្យដឹងថា បណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនដែលត្រូវបានបំផ្លាញ រួមមាន ព្រលានយន្តហោះយោធាចំនួន ១៤កន្លែង, ប៉ុស្តិ៍បញ្ជាការ និងមជ្ឈមណ្ឌលទាក់ទង ១៩កន្លែង, ប្រព័ន្ធប្រឆាំងមីស៉ីល S-300 និង Osa ២៤គ្រឿង, ស្ថានីយរ៉ាដាចាប់សញ្ញាសត្រូវ ៤៨កន្លែង, យន្តហោះចម្បាំង ៧គ្រឿង, ឧទ្ធម្ភាគចក្រ ៧គ្រឿង, យន្តហោះដ្រូន ៩គ្រឿង, រថក្រោះ និងរថពាសដែក ៨៧គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២៨គ្រឿង, នាវាយោធាធុនមធ្យម ៨គ្រឿង ព្រមទាំងបរិក្ខារយោធាច្រើនជាងពាន់កន្លែង។
បន្ថែមលើនេះ រឹបអូសស្ថានីយមួយក្នុងចំណោមស្ថានីយផ្គត់ផ្គង់អគ្គិសនីនានា របស់ទីក្រុងកៀវ, និងដណ្តើមកាន់កាប់បានទាំងស្រុងនូវទីក្រុងម៉េលីតូប៉ូល (Melitopol) ស្ដិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន, ហើយថា ការវាយលុកនៅសល់តែប្រមាណជាង ៨ គីឡូម៉ែត្រទៀតប៉ុណ្ណោះ ទៅដល់កណ្ដាលទីក្រុងកៀវ ដែលជារដ្ឋធានីរបស់អ៊ុយក្រែនហើយ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានព្រមានរួចហើយថា រុស្ស៊ីបើកប្រតិបត្ដិការយោធាទៅកាន់តំបន់ដុនបាស់ក្នុងប្រទេសអ៊ុយក្រែន ដើម្បីការពារអាយុជីវិតជនស៊ីវិលរបស់រុស្ស៊ី ដែលរស់នៅតំបន់ផ្ដាច់ខ្លួន ដូណេត (Donetsk), ឡូហាន (Luhansk) និង តំបន់ដុនបាស់ (Donbas) និងគាំទ្រឲ្យតំបន់ផ្ដាច់ខ្លួនទាំងនេះទទួលបានឯករាជ្យភាពប៉ុណ្ណោះ ដូច្នេះ បើប្រទេសផ្សេងៗទៀត លូកដៃចូលក្នុងរឿងនេះ នឹងទទួលរងនូវផលវិបាកធ្ងន់ធ្ងរជាពុំខាន។

ទីក្រុងមូស្គូ បានចេញសារព្រមានធ្ងន់ៗចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ថា ប្រសិនបើប្រទេសទាំងពីរនេះ ហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO គឺនឹងត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរ ទាំងផ្នែកនយោបាយ និងយោធាពីសំណាក់ប្រទេសរុស្ស៉ី។

ក្នុងសុន្ទរកថា របស់ លោក ពូទីន កាលពីចុងឆ្នាំ២០២១ ក្នុងពេលសង្រ្គាមត្រជាក់ចាប់ផ្ដើមឡើងកម្ដៅលោក ពូទីន បានចោទសួរទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូយ៉ាងធ្ងន់ៗថា អាមេរិក និងណាតូ (NATO) គឺជាអ្នកដែលត្រូវតែផ្ដល់ការធានាមកឱ្យពួកយើង ហើយពួកអ្នកត្រូវធ្វើវាជាបន្ទាន់ទៀតផង… តើពួកយើង គឺជាអ្នកដាក់ពង្រាយមីស៊ីលនៅក្បែរព្រំដែនអាមេរិក ឬ? …. ទេ ! មិនមែនពួកយើងឡើយ !! ផ្ទុយទៅវិញ គឺសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ជាអ្នកដាក់ពង្រាយកម្លាំងទ័ព និងមីស៊ីល នៅក្បែរមាត់ទ្វារផ្ទះរបស់យើង ដោយចាប់អ៊ុយក្រែនជាអាយ៉ងរបស់ខ្លួន។

លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បង្ហាញនូវការឈឺចាប់ថា ប៉ុន្មានឆ្នាំមកនេះ លោកខាងលិចបានគាំទ្ររបបអ៊ុយក្រែន ដោយជំរុញឱ្យរបបនេះធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ប៉ុន្មានឆ្នាំមកនេះ ពួកយើងបានស្នើ កុំឱ្យបំពាក់អាវុធដល់អ្នកជិតខាងរបស់យើង ព្រោះអាវុធទាំងនេះត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិលនៅ ដុនបាស (Donbass)។ សំណូមពររបស់រុស្ស៊ីម្ដងហើយម្ដងទៀត នៅទីបំផុត មតិរបស់យើង មិនត្រូវបានគេអើពើឡើយ។

ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី បានប្រកាសក្នុងវេទិកាអន្តរជាតិយ៉ាងឧឡារិកពីបំណងរបស់ខ្លួនចង់មានអាវុធនុយក្លេអ៊ែរ ដើម្បីគំរាមរុស្ស៊ី តើអស់លោកខាងលិចមានមើលឃើញទេ ?! នៅតាមព្រំដែនរបស់យើង ពួកគេបានបង្កើតតំបន់ឈរជើងរបស់ ណាតូ (NATO) ដឹកនាំដោយសហរដ្ឋអាមេរិក ដោយហ៊ុមព័ទ្ឋយើងឱ្យរួមកាន់តែតូច ខណៈដែលយើងនៅតែបន្តរងនូវការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីអស់លោកខាងលិចចំពោះអ្វីដែលរុស្ស៊ីមិនបានធ្វើដូចការគិត ឬការលាបពណ៌របស់ពួកគេ។

តើពួកលោកខាងលិច សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តជាច្រើនទៀត មានសួរខ្លួនឯងដែរទេថា ទង្វើនិងសកម្មភាពរបស់ខ្លួន គឺជាឆ្នួនឈ្លានពានរុស្ស៊ី និងជាការបញ្ឆេះភ្លើងសង្គ្រាមជាមួយរុស្ស៊ីដែរទេ?

ទាក់ទងនឹងសង្គ្រាមរុស្សី-អ៊ុយក្រែន នេះផងដែរ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បាននិយាយចំពោះមុខអន្តរជាតិថា ចិនគាំទ្រ NATO , សហភាពអឺរ៉ុប និងរុស្ស៊ី បើកកិច្ចសន្ទនាឡើងវិញ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់អឺរ៉ុប។ ប៉ុន្តែ ចិនមិនគាំទ្រឡើយចំពោះការប្រើប្រាស់ទណ្ឌកម្ម ដើម្បីដោះស្រាយបញ្ហា ហើយប្រឆាំងជាដាច់ខាតរាល់ទណ្ឌកម្ម ឯកតោភាគីដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិ។ ភាគីចិនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន វាមិនមែនជាការឈ្លានពាននោះទេ វាពាក់ព័ន្ធទៅនឹងមនោគមវិជ្ជា និងបញ្ហាភូមិសាស្រ្តនយោបាយ៕ រក្សាសិទ្ធិដោយ ៖​ ពិសិដ្ឋ CEN

×