រដ្ឋធានីគៀវ៖ ស្របពេលកងទ័ពរុស្ស៊ី កំពុងតែបង្កើនការវាយលុក ឈ្លានពាន មកលើប្រទេសអ៊ុយក្រែន ហើយការវាយប្រយុទ្ធគ្នា កាន់តែមានសភាពខ្លាំងក្លា នៅជាយរដ្ឋធានីគៀវ និង តាមបណ្ដាទីក្រុងនានារបស់ប្រទេសអឺរ៉ុបមួយនេះក្ដីយ៉ាង ក៏ប្រធានាធិបតី ហ្សេឡែនស្គី ជាអតីតតារកំប្លែង នៅតែប្ដេជ្ញា មិនរត់ចោលប្រទេស និងពលរដ្ឋរបស់ខ្លួន ទោះជាសហរដ្ឋអាមេរិក សុំជម្លៀសខ្លួនលោក និង គ្រួសារចេញក្ដី។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ថា បើតាមបណ្ដាញផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានផ្សាយថា ក្រុងវ៉ាស៊ីនតោន បានសុំជម្លៀសលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymir Zelensky) ប្រធានាធិបតីអ៊ុយក្រែន។ ប៉ុន្ដែលោកប្រធានាធិបតី បានច្រានចោលសំណើនេះ ហើយលោកបានប្ដេជ្ញាមិនទម្លាក់អាវុធចោលនោះឡើយ ដោយសុខចិត្តបូជាជីវិត បន្ដការពារទឹកដីរបស់ខ្លួន។
លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ជាថ្មីថា «ការប្រយុទ្ធនៅទីនេះ ខ្ញុំត្រូវការគ្រឿងយុទ្ធោបករណ៍ទំនើបៗ សម្រាប់ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយខ្ញុំនឹងមិនរត់ទៅណានោះទេ»។
លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៅកាន់ប្រជាជាតិអ៊ុយក្រែន និងពិភពលោកទាំងមូល តាមរយៈសារជាវីដេអូ កាលពីថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា «សត្រូវបានចាត់ទុកខ្ញុំ ជាគោលដៅទីមួយ… ហើយគ្រួសាររបស់ខ្ញុំ ជាគោលដៅទី ២។ ពួកគេចង់កម្ទេចប្រព័ន្ធនយោបាយរបស់ប្រទេសអ៊ុយក្រែន ដោយការកម្ទេចប្រមុខរដ្ឋជាមុន។ ទោះជាយ៉ាងណា ខ្ញុំនឹងនៅតែបន្ដស្នាក់នៅក្នុងរដ្ឋធានីរបស់ប្រទេសយើង។ ចំណែក គ្រួសាររបស់ខ្ញុំ ក៏បន្ដស្នាក់នៅក្នុងប្រទេសអ៊ុយក្រែនដែរ»។

សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Washington Post ក៏បានដកស្រង់សម្ដីមន្រ្ដីសហរដ្ឋអាមេរិក និង អ៊ុយក្រែន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានរៀបចំ សម្រាប់ការជួយដល់លោកប្រធានាធិបតី Zelensky ។
ជាមួយនឹងទឹកចិត្តដ៏ក្លាហានរបស់លោកប្រធានាធិបតីអ៊ុយក្រែន ដើម្បីការពារទឹកដី ក៏ទទួលបាននូវការកោតសរសើរយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ការឆ្លើយតបរបស់គាត់ ចំពោះការលុកលុយ ឈ្លានពានរបស់រុស្ស៊ី។ អតីតតារាកំប្លែង និង ជាតារាសម្ដែងរូបនេះធ្លាប់បានថ្លែងសុន្ទរកថាយ៉ាងរំជើបរំជួល ដោយលោកបានប្តេជ្ញាថា លោកនឹងបន្តប្រយុទ្ធជាមួយនឹងកងទ័ពស្នេហាជាតិអ៊ុយក្រែន ។ លោកប្រធានាធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ពេលឯងវាយ យើងនឹងឃើញមុខ តែឯងមិនមែនខ្នងយើងទេ»៕រក្សសិទ្ធិដោយ ៖ សុទ្ធ លិ




















