Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិ​បត្ដិ​នៅក្នុង​ប្រទេស​អ៊ុយក្រែន បង្ហាញអំពី​ការប្រកួត​ប្រជែង​ដណ្ដើម​មហាអំណាច​កំពូល​ថ្មី

បរទេស៖ ក្រោយពេលលោក វ៉្លាឌីមៀរ ពូទីន បានសម្រេចបញ្ជាកងទ័ពឲ្យវាយលុក ចូលទៅក្នុងប្រទេសអ៊ុយក្រែននោះមក ធ្វើឲ្យគេមើលឃើញថា វិបត្ដិអ៊ុយក្រែន បានបង្ហាញ អំពីការប្រកួតប្រជែងមហាអំណាចថ្មី នៅក្នុងចំណោមសហរដ្ឋអាមេរិក រុស្ស៊ី និង ចិន ហើយបច្ចុប្បន្ននេះ ក្រុងប៉េកាំង និង មូស្គូ បានចាប់ដៃគ្នាយ៉ាងមាំ នៅក្នុងប្រឈមមុខជាមួយនឹងបស្ចិមលោក ខ្លាំងជាង នៅក្នុងអំឡុងសម័យសង្រ្គាមត្រជាក់។

សារព័ត៌មាន The Wall Street Journal បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ថា ការវាយលុកយោធាយ៉ាងខ្លាំងក្លារបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ជាការប៉ះទង្គិចដ៏ខ្លាំងលើកដំបូង ក្រោយសង្គ្រាមត្រជាក់បានផុតរលត់ទៅ។ សកម្មភាពយោធារបស់រុស្ស៊ី កំពុងតែបង្ហាញ ពីការរៀបចំសណ្តាប់ធ្នាប់ថ្មីមួយ នៅក្នុងនយោបាយអន្តរជាតិ ដោយមហាអំណាចធំៗ ចំនួន៣ កំពុងតែប្រកួតប្រជែងគ្នា ហើយបញ្ហានេះក៏កំពុងតែគំរាមកំហែងដល់ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅលើពិភពលោក ផងដែរ។

ការប្រកួតប្រជែងនេះ មានភាពខុសគ្នា អំពីបញ្ហាដែលសហរដ្ឋអាមេរិក និង បណ្តាញសម្ពន្ធមិត្តរបស់ខ្លួន ធ្លាប់ប្រឈមមុខ នៅក្នុងសម័យសង្រ្គាមត្រជាក់។ បច្ចុប្បន្ន រុស្ស៊ី និង ចិន បាន និង កំពុងតែកសាងភាពជាដៃគូដ៏រីកចម្រើនមួយ ដោយផ្អែកលើផលប្រយោជន៍រួម នៅក្នុងការកាត់បន្ថយអំណាចរបស់សហរដ្ឋអាមេរិក នៅលើពិភពលោក។ មិនដូច ប្លុកចិន-សហភាពសូវៀត នាទសវត្សរ៍ ឆ្នាំ១៩៥០នោះឡើយ ហើយបច្ចុប្បន្ន រុស្ស៊ីជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏សំខាន់ដល់តំបន់អឺរ៉ុប ខណៈចិនមិនមែនជាដៃគូ ដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាម ប៉ុន្តែចិនជាមហាអំណាចខាងការផលិតរបស់ពិភពលោក ជាមួយនឹងអំណាចយោធា កំពុងតែកើនឡើង។

នៅក្នុងការពង្រាយកម្លាំងដ៏ច្រើនលើសលប់ ហើយការចេញនូវបទបញ្ជា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមអ្វីដែលគាត់ហៅថា «ប្រតិបត្តិការយោធាពិសេស» នោះ លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin ) ប្រធានាធិបតីរុស្ស៊ី កំពុងតែទាមទារឱ្យមហាអំណាចបច្ចិមលោក ឬលោកខាងលិច សរសេរឡើងវិញនូវការរៀបចំសន្តិសុខ ក្រោយសម័យសង្គ្រាមត្រជាក់ សម្រាប់តំបន់អឺរ៉ុប និងបង្ហាញថា រុស្ស៊ីមានសមត្ថភាពយោធា នៅក្នុងការកំណត់ឆន្ទៈរបស់ខ្លួន បើទោះជាមានការជំទាស់ ពីបច្ចិមលោក និង ហ៊ុមព័ទ្ធ ដោយទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ។

ដើម្បីសម្រេចបាននូវទិសដៅនោះ លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានផ្លាស់ប្តូរអង្គភាពយោធា ពីព្រំដែនរុស្ស៊ី ជាប់ជាមួយប្រទេសចិន ដោយបានបង្ហាញ អំពីទំនុកចិត្តលើទំនាក់ទំនង រវាងរុស្ស៊ី និង ក្រុងប៉េកាំង។ ជាការពិតណាស់ មហាអំណាចទាំងពីរនេះ កំពុងតែសម្របសម្រួលគ្នា រៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ សម្រាប់ផលប្រយោជន៍របស់ប្រទេសទាំង២ ចិន និងរុស្ស៊ី បើទោះជាទំនាក់ទំនងរបស់ពួកគេ មិនមានសម្ព័ន្ធភាពផ្លូវការយ៉ាងណាក្ដី។

ការលេចឡើងសណ្ដាប់ធ្នាប់នេះ នឹងធ្វើឲ្យសហរដ្ឋអាមេរិក ប្រឈមមុខនឹងសត្រូវ ចំនួន២ គឺរុស្ស៊ី និង ចិន នៅក្នុងពេលតែមួយ លើផ្នែកភូមិសាស្ត្រខុសគ្នា នៃពិភពលោក ជាទីដែលសហរដ្ឋអាមេរិក មានដៃគូជិតស្និទ្ធ និង ផលប្រយោជន៍សេដ្ឋកិច្ច និង នយោបាយយ៉ាងស៊ីជម្រៅ។ រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នាពេលឥឡូវនេះ កំពុងតែប្រឈមមុខនឹងការសម្រេចចិត្តធំៗ ថាតើត្រូវរៀបចំឡើងវិញនូវអាទិភាពរបស់ខ្លួន បង្កើនការចំណាយយោធា ទាមទារឱ្យសម្ពន្ធមិត្តចូលរួមវិភាគទានបន្ថែម ពង្រឹងកម្លាំងបន្ថែម នៅឯបរទេស និង អភិវឌ្ឍប្រភពថាមពលចម្រុះបន្ថែមទៀត ដើម្បីកាត់បន្ថយនូវការពឹងផ្អែករបស់អឺរ៉ុប ទៅលើប្រទេសរុស្ស៊ី។

លោកស្រី Michele Flournoy ធ្លាប់ធ្វើជាមន្ត្រីគោលនយោបាយកំពូលរបស់មន្ទីរបញ្ចកោណ នៅក្នុងអំឡុងរដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា «យើងទាំងអស់គ្នា បានគិតថា យើងកំពុងតែសម្លឹងមើលអឺរ៉ុបទាំងមូល ដោយសេរី និង សន្តិភាព ដោយគ្មានការកំណត់ ។ យើងបានដឹងថា រុស្ស៊ី នឹងធ្វើប្រតិបត្តិការ នៅលើតំបន់ប្រផេះ ហើយថាលោក ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងប្រើប្រាស់ KGB របស់គាត់ សម្រាប់បង្កើតអស្ថិរភាព នៅក្នុងបរិវេណរបស់គាត់។ ប៉ុន្តែការលុកលុយ ឈ្លានពានទៅលើប្រទេសអធិបតេយ្យមួយ សម្រាប់តម្រង់ជួររដ្ឋាភិបាលរបស់ខ្លួនឡើងវិញ គឺជាពេលមួយផ្សេងគ្នា»។

លោកស្រី Flournoy បានបន្ថែមថា «ដូចជា យើងកំពុងតែមើលឃើញថា ក្រុងប៉េកាំង ពិតជាមិនចូលចិត្ត នឹងកលល្បិចរបស់លោក ពូទីន ប៉ុន្ដែមេដឹកនាំទាំង២នេះ មានឆន្ទៈ នៅក្នុងការរួមគ្នា ជារដ្ឋផ្តាច់ការ ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យរបស់បស្ចិមលោក។ យើងនឹងឃើញសកម្មភាព កាន់តែច្រើនឡើង នាពេលអនាគត»។

ដោយឡែក ស្ថានភាពដ៏លំបាករបស់សហរដ្ឋអាមេរិក ក៏ជាបញ្ហាមួយផ្នែក ដែលបានកើតចេញ ពីសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន ក្រោយពេលបញ្ចប់សង្រ្គាមត្រជាក់។ ក្នុងនាមជាមហាអំណាចតែមួយគត់របស់ពិភពលោក សហរដ្ឋអាមេរិក បានជំរុញឱ្យលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក និង ពង្រីកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ណាតូ (តាមភាសាអង់គ្លេស ឬអូតង់ តាមភាសាបារាំង) ដែលជាសម្ពន្ធមិត្តយោធាដ៏សំខាន់ នៅអឺរ៉ុប នាសម័យសង្គ្រាមត្រជាក់ ដោយរួមបញ្ចូលទាំងអតីតសមាជិក នៃកិច្ចព្រមព្រៀងវ៉ាសាវី (Kremlin-dominated Warsaw Pact) ដែលគ្រប់គ្រងដោយវិមានក្រឹមឡាំង និង អតីតសាធារណរដ្ឋសង្គមនិយមសហភាពសូវៀត។ សកម្មភាពទាំងនោះ បានឆ្លើយតបទៅនឹងក្តីប្រាថ្នា ដែលមានអាយុកាល រាប់ទសវត្សរ៍ នៃបណ្តាប្រទេស នៅអឺរ៉ុបខាងកើត ដើម្បីរួចផុត ពីការគ្រប់គ្រងរបស់ក្រុងម៉ូស្គូ។

ទោះជាយ៉ាងណា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិតីរុស្ស៊ី បានមើលឃើញ អំពីការប្រជែងរបស់គាត់ ជាមួយលោកខាងលិចថា ជាល្បែងសូន្យ ហើយបានកំណត់ អំពីការផ្លាស់ប្តូរប្រទេសរុស្ស៊ី ឆ្ពោះទៅរកភាពល្បីល្បាញ ដូចនៅក្នុងសម័យសហភាពសូវៀត ជាមួយនឹងការបញ្ចេញមតិ កាន់តែច្រើន អំពីប្រជាជាតិនានា នៅតាមតំបន់របស់ខ្លួន។

ដោយឡែក ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន ក៏បានឃើញចលនាតវ៉ា គាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងអតីតសាធារណរដ្ឋសង្គមនិយមសហភាពសូវៀត ថា ជាផែនការវិស្វកម្មរបស់សហរដ្ឋអាមេរិក ហើយនៅទីបំផុត អាចនឹងប្រើប្រាស់ សម្រាប់ប្រឆាំងនឹងក្រុងប៉េកាំង។ ជាការឆ្លើយតបនោះ ភាពជាអ្នកដឹកនាំរបស់ប្រទេសចិន បានរឹតបន្តឹងការគ្រប់គ្រង នៅក្នុងប្រទេស ខណៈបង្កើនសកម្មភាពយោធោបនីយកម្ម ស្របពេលលោក ស៊ី ជិនពីង (Xi Jinping) បានចូលមកកាន់តំណែង ជាប្រមុខរដ្ឋ កាលពីមួយទសវត្សរ៍មុន។ ស្របគ្នានឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានក្រោកឡើង នៅក្នុងទីក្រុងហុងកុង នោះ លោក ស៊ី ជិនពីង បានដាក់ចេញនូវច្បាប់សន្តិសុខយ៉ាងតឹងរ៉ឹង ហើយបានលុបចោលនូវកិច្ចព្រមព្រៀង ដែលក្រុមអ្នកកាន់តំណែងមុនរបស់គាត់ បានផ្តល់ស្វ័យភាពដល់អតីតដែនដីអាណានិគមរបស់អង់គ្លេសមួយនេះ និង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នៅក្នុងក្រុងហុងកុង។

អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ស្ថាប័នសន្តិសុខរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើម កត់សម្គាល់នូវអ្វីដែលមន្ទីរបញ្ចកោណ នាអំឡុងឆ្នាំ ២0១៥ ហៅ «ការលេចចេញជាថ្មី នៃការប្រកួតប្រជែងអំណាចដ៏អស្ចារ្យ» ហើយបានផ្លាស់ប្តូរ ពីការផ្ដោតយ៉ាងខ្លាំងរបស់ខ្លួន លើប្រតិបត្តិការប្រឆាំងនឹងភេរវកម្ម នៅមជ្ឈិមបូព៌ា និងអាស៊ីនិរតី។

នៅក្នុងការកំណត់អាទិភាព ខណៈមន្ទីរបញ្ចកោណ កំពុងតែស្វែងរកដំណោះស្រាយឡើងវិញសម្រាប់ជម្លោះ នាពេលអនាគតនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានចាត់ទុកប្រទេសចិន ម្តងហើយម្តងទៀតថា ជា «ការប្រឈមមុខដាក់គ្នា» ខណៈរុស្ស៊ី ត្រូវបានគេមើលឃើញថា ជាគ្រោះថ្នាក់ រយៈពេលតិចជាង។

ការព្យាករណ៍នេះ ត្រូវនឹងអាទិភាពរបស់លោកប្រធានាធិបតី ចូ បៃដិន បើទោះជាលោកបានសន្យាថា នឹងសង្កត់ធ្ងន់លើលទ្ធិប្រជាធិបតេយ្យរបស់ពិភពលោក។ លោកប្រធានាធិបតី បានចូលកាន់តំណែង ដោយចង់ផ្តោត លើជំងឺរាតត្បាត សេដ្ឋកិច្ច និង បញ្ហាផ្សេងៗ នៅក្នុងប្រទេស ដោយសន្យាលើគោលនយោបាយការបរទេស «វណ្ណៈកណ្តាល» ដែលនឹងផ្តល់ផលចំណេញ សម្រាប់ជនជាតិអាមេរិក បន្ទាប់ពីការចំណាយរាប់ពាន់ពាន់លានដុល្លារ នៅក្នុងសង្រ្គាម នៅអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន។ ការគ្រប់គ្រងទំនាក់ទំនងជាមួយទីក្រុងមូស្គូ នឹងជួយឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ផ្តោតលើការប្រកួតប្រជែងផ្នែកយោធា សេដ្ឋកិច្ច និង បច្ចេកវិទ្យាជាមួយក្រុងប៉េកាំង។

ដើម្បីឆ្ពោះទៅរកទីបញ្ចប់នោះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំកំពូលមួយ កាលពីខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីបំលែងនូវអ្វីដែលសេតវិមាន ហៅថា ទំនាក់ទំនង «ស្ថិរភាព និង អាចព្យាករបាន»។ ដើម្បីដាក់របាំងការពារលើទំនាក់ទំនងជាមួយក្រុងមូស្គូ នោះ លោក បៃដិន បានយល់ព្រមលើការបន្ត រយៈពេល៥ឆ្នាំ នៃសន្ធិសញ្ញា New START ដែលកំណត់អំពីការកាត់បន្ថយនូវអាវុធនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី។ សេតវិមាន ក៏បានបញ្ជាឱ្យមន្ទីរបញ្ចកោណ រុករក ដោយប្រើមូលដ្ឋានរុស្ស៊ី នៅអាស៊ីកណ្តាល ដើម្បីការពារនូវការលេចចេញជាថ្មី នៃការគំរាមកំហែងភេរវករ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក បានដកកងទ័ពចេញ។

ទោះជាយ៉ាងណា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្យាយាមទាញយកប្រយោជន៍ ពីការផ្តោតអារម្មណ៍របស់ក្រុងវ៉ាស៊ីនតោន នៅកន្លែងផ្សេងទៀត ដើម្បីបន្តរបៀបវារៈរបស់គាត់ នៅក្នុងការនាំយកប្រទេសបេឡារុស និងអ៊ុយក្រែន ឲ្យចូលមកក្នុងផ្នែកមួយ នៃឥទ្ធិពលរបស់ក្រុងមូស្គូ ជាពិសេស ជាមួយនឹងការកសាងយោធាដ៏ធំរបស់រុស្ស៊ី នៅលើមាត់ទ្វារ នៃសម្ពន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិក និង ការលើកកងទ័ពវាយលុករបស់វិមានក្រឹមឡាំង ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ សារាយ SN

×