Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន​យល់ព្រម​ចូល​តុចរ​ចា ខណ: ពូ​ទីន ត្រៀម​អាវុធ​នុយក្លេអ៊ែ​រ បន្ទាប់ពី​សម្ព័ន្ធ​មិត្ត​លោកខាងលិច​បញ្ជូន​គ្រឿង​សព្វាវុធ​ទំនើប​ៗ​ជួយ​អ៊ុយក្រែន

នៅទីបំផុតទៅ អ៊ុយក្រែនបានយល់ព្រមធ្វើដំណើរទៅកាន់តុចរចានៅទីក្រុងហ្គូមែល (Gomel) ប្រទេសបេឡារុស ដើម្បីធ្វើការសន្ទនាជាមួយភាគីរុស្ស៊ី ខណៈដែល លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងកម្លាំងរក្សាអាវុធនុយក្លេអ៊ែរ ប្រុងជើងការខ្ពស់, ចំណែកកងទ័ព និងមេដឹកនាំអ៊ុយក្រែនវិញ ផ្ដើមមានកម្លាំងចិត្តថែមកម្រិតទៀត បន្ទាប់ពីមេដឹកនាំប្រទេសលោកខាងលិច សម្រេចផ្ដល់គ្រឿងសព្វាវុធទំនើបៗ ដើម្បីតស៊ូប្រឆាំងរុស្ស៊ី។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃអាទិត្យ ទី២៧ ខែកម្ភៈ ឆ្នាំ២០២២២ បានឲ្យដឹងថា នៅមុននេះបន្តិច ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី បានបដិសេធការរៀបចំកិច្ចចរចានៅក្នុងទីក្រុងហ្គូមែល (Gomel) ប្រទេសបែឡារុស ដោយចោទថា បេឡារុស កំពុងចូលដៃចូលជើងជាមួយរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដូច្នេះមិនត្រូវការទីតាំងមួយនេះទេ, ប៉ុន្តែ យ៉ាងណាក៏ដោយ លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ នៅតែបើកចំហទ្វារចរចាជាមួយរុស្ស៊ី និងចង់បានសន្តិភាព តែស្នើឱ្យរៀបចំកិច្ចចរចានៅប្រទេស ឬទីតាំងណាផ្សេងក្រៅពីបេឡារុស។

ការបដិសេធចំពោះទីតាំងចរចា បែរជាបានដុតកំដៅឲ្យភាគីរុស្ស៊ីកញ្ជ្រោលបន្ថែមការវាយលុកលើអ៊ុយក្រែនកាន់តែខ្លាំង រហូតដល់ប្រធានគណៈប្រតិភូចរចារបស់រុស្ស៊ីដាក់ឱសានវាទត្រឹមតែរយៈពេលជាង ១២ម៉ោងប៉ុណ្ណោះថា អ៊ុយក្រែននឹងទទួលរងធ្វើជាងនេះទៀត។ ប៉ុន្តែជាង ២ម៉ោងក្រោយមកប៉ុណ្ណោះ ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសអំពីការយល់ព្រមចូលតុចរចា ដោយបានរៀបចំគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងហ្គូមែល (Gomel) ប្រទេសបែឡារុស ហើយគណៈប្រតិភូរុស្ស៊ីក៏បានធ្វើដំណើរទៅដល់ទីនោះ រួចស្រេចទៅហើយដែរ។

សារព័ត៌មាន RT បានចេញផ្សាយទៀតថា ខណៈពេលដែលភាគីអ៊ុយក្រែនបង្កើតភាពស្រពិចស្រពិលក្នុងការជួបចរចា, ប្រមុខប្រតិភូរុស្ស៊ីដឹកនាំកិច្ចចរចាជាមួយអ៊ុយក្រែន បាននិយាយម៉ឺម៉ាត់ថា ខាងភាគីទីក្រុងម៉ូស្គូ នឹងរង់ចាំចម្លើយពីទីក្រុងកៀវ រហូតដល់ម៉ោង ១២៖០០នាទីយប់នេះ (យប់ថ្ងៃទី២៧ កុម្ភ: ម៉ោងនៅបេឡារុស) ជុំវិញកិច្ចចរចាក្នុងទីក្រុងហ្គូមែល (Gomel)។ ប៉ុន្តែស្ថានភាពបានធូរស្រាលបន្តិចវិញបន្ទាប់ពីភាគីខាងអ៊ុយក្រែនយល់ព្រមជួបចរចា, ក្រុមភាគីចរចារបស់រុស្ស៊ី រួមមាន មន្ត្រីមកពីក្រសួងការបរទេស និងក្រសួងការពារជាតិ ព្រមទាំងមន្ត្រីការិយាល័យប្រធានាធិបតីលោក ពូទីនផងដែរ, រីឯក្រុមអ៊ុយក្រែន ក៏មានសមត្ថភាពប្រហាក់ប្រហែលគ្នា។

រីឯ លោក វ្ល៉ាឌីមៀ ពូទីន វិញ បើតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឲ្យដឹងថា បានបញ្ជាឱ្យកងកម្លាំងរក្សានុយក្លេអ៊ែររបស់រុស្ស៊ី ប្រុងជើងការខ្ពស់ ខណ:បណ្ដាប្រទេសលោកខាងលិច ផ្ដល់ជំនួយគ្រឿងសព្វាវុធទំនើបៗ និងហិរញ្ញវត្ថុទៅដល់ប្រទេសអ៊ុយក្រែន ដែលជាការបង្កើនភាពតានតឹងជុំវិញសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

លោក ពូទីន ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីកំពូលៗរបស់លោក ក្នុងនោះមាន រដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការកងទ័ពសំខាន់ៗដោយសង្កត់ធ្ងន់ថា មហាអំណាចធំៗរបស់អង្គការណាតូបានធ្វើ «សេចក្តីថ្លែងការណ៍យ៉ាងគឃ្លើនប្រឆាំងប្រទេសរុស្ស៊ី» រួមជាមួយនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមកលើប្រទេសរបស់លោក ក្នុងនោះ រួមទាំងរូបលោកជាប្រធានាធិបតីទៀតផង។ ដូច្នេះ យើងត្រូវតែត្រៀមរៀបចំអាវុធនុយក្លេអ៊ែឲ្យបានរួចរាល់សម្រាប់ធ្វើប្រតិបត្តិការ។

បើតាមការផ្សាយរបស់សារព័ត៌មាន All Jazeera នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឲ្យដឹងផងដែរថា បណ្ដាប្រទេសអព្យាក្រឹតមួយចំនួនបានអំពានាវឱ្យមេដឹកនាំអ៊ុយក្រែន ចូលអង្គុយនៅតុចរចាស្វែងរកសន្តិភាពជាមួយរុស្ស៊ីទើបជាការប្រសើរ, ចំណែកភាគីរុស្ស៊ីកំពុងអង្គុយចុះ និងរង់ចាំនៅឯតុចរចា ក្នុងទីក្រុង Gomel ប្រទេសបេឡារុស រួចទៅហើយ ក៏ជាការបង្ហាញថា រុស្ស៊ីចង់បានសន្តិភាព និងដោះស្រាយដោយសន្តិវិធីដែរ, ប្រសិនបើ អ៊ុយក្រែនចូលរួមចរចា នោះ វានឹងក្លាយជាកិច្ចចរចាឈានទៅបញ្ចប់ជម្លោះ និងបញ្ចប់សង្គ្រាម , តែបើអ៊ុយក្រែនមិនចូលរួមទេ នោះវាគឺដូច លោកប្រធានាធិបតី ពូទីន អ្វីៗកើតឡើង គឺមកពីអ៊ុយក្រែនខ្លួនឯង និងថា ការមិនចូលរួមចរចារបស់អ៊ុយក្រែនគឺជាជម្រើសរបស់គេ យើងមិនអាចធ្វើអ្វីបានទេ។

នៅក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឈានចូលថ្ងៃទី៤នេះ មេដឹកនាំសម្ព័ន្ធមិត្តណាតូ និងសហភាពអឺរុប បានធ្វើការថ្កោលទោសធ្ងន់ធ្ងរទៅលើរុស្ស៊ី ដោយមានទណ្ឌកម្មផ្ដាច់ការទំនាក់ទំនង, កាត់ផ្ដាច់សេដ្ឋកិច្ច-ពាណិជ្ជកម្ម, សេវាកម្មធនាគារសាកល ស្វ៊ីហ្វ (Swift), និងថែមទាំងបានផ្ដល់គ្រឿងសព្វាវុធទំនើបៗរាប់រយរាប់ពាន់ដើម ក្នុងនោះ មានអាវុធប្រឆាំងរថក្រោះ, អាវុធប្រឆាំងយន្តហោះ ជាដើម ទៅឱ្យអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី ខណៈដែលប្រទេសអ៊ុយក្រែនខ្លួនឯង ជនស៊ីវិលជាច្រើន ក្នុងនោះមានស្ត្រីផងដែរ បានក្រោកឈរសូមចូលធ្វើកងទ័ពដើម្បីការពារប្រទេសជាតិ ប្រឆាំងនឹងរុស្ស៊ី។ ប្រទេសដែលនាំមុខក្នុងការផ្ដល់ជំនួយគ្រឿងសព្វាវុធ រួមមាន អាមេរិកអាល្លឺម៉ង់ អូស្ត្រាលី៕ ពិសិដ្ឋ CEN

×