រដ្ឋធានីមូស្គូ៖ គិតរយៈពេល៤ថ្ងៃ នៃការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី បានប្រកាសធ្វើសង្គ្រាម វាយលុកចូលទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក ជនជាតិរុស្ស៊ី ចេញមកតាមដងផ្លូវនានា នៅតាមទីក្រុងសំខាន់ៗរបស់ប្រទេសនេះ បាននាំគ្នាតវ៉ាប្រឆាំងនឹងសង្គ្រាម ហើយក្រុមអ្នកតវ៉ា ជាង២០០០នាក់បន្ថែមទៀត ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភៈ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថា អង្គការសិទ្ធិមនុស្ស Rights Watchdog បានបញ្ជាក់ថា ក្រុមបាតុករ ជាង ៥ ០០០នាក់ ត្រូវបានចាប់ឃុំខ្លួន នៅទូទាំងប្រទេសរុស្ស៊ី ចាប់តាំងពីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ចាប់ផ្ដើមសង្គ្រាម វាយលុកចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
អ្នកឃ្លាំមើលឯករាជ្យមួយ បានអះអាងថា ប៉ូលិសរុស្ស៊ី បានចាប់ខ្លួនក្រុមបាតុករប្រឆាំងនឹងសង្គ្រាម ជាង ២ ០០០នាក់ នៅទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ បើគិតត្រឹមរយៈពេល៤ថ្ងៃ នៃសង្រ្គាមលុកលុយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅលើអ៊ុយក្រែន មានក្រុមអ្នកតវ៉ា ជាង៥ ០០០នាក់ ត្រូវបានចាប់ខ្លួន។
ក្រុមអ្នកតវ៉ាជនជាតិរុស្ស៊ី បានសរសេរ នៅលើបដារបស់ពួកគេថា «មិនត្រូវធ្វើសង្គ្រាម» កងទ័ពរុស្ស៊ី ត្រូវវិលចូលមាតុប្រទេសវិញ ហើយសន្ដិភាពត្រូវតែកើតមាន សម្រាប់ប្រទេសអ៊ុយក្រែន»។
អ្នកឃ្លាំមើលឯករាជ្យមួយ បានបន្ថែមថា ក្រុមអ្នកតវ៉ាប្រឆាំងនឹងសង្គ្រាម ចំនួន ២ ១១៤នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ធ្វើឲ្យចំនួនអ្នកត្រូវចាប់ខ្លួន កើនដល់ ៥ ២៥០នាក់ ចាប់តាំងពីលោក ពូទីន បានធ្វើសង្គ្រាមឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ៕








