ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុងសប្តាហ៍ថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប១៦៥,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១៥៧, ៤៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៧,៦០៣នាក់។ នេះជាការបង្ហោះជាផ្លូវការ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា, គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៤,៥២២នាក់ ។ ខេត្តពោធិ៍សាត់ ២៤,៥០២នាក់ ។ ខេត្តបាត់ដំបង ២៣,៥១០នាក់ ។ រាជធានីភ្នំពេញ ១៨,៧៣០នាក់ ។ ខេត្តកំពត ៨,២៥៤នាក់ ។ ខេត្តមណ្ឌលគិរី ៦,២៩៥នាក់ ។ ខេត្តកែប ៥,៤៩៥នាក់ ។ ខេត្តសៀមរាប ៤,៩៦៤នាក់។ ការបន្តរកឃើញអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅតាមបណ្តារាជធានី-ខេត្តនានាបានជះឥទ្ធិពលដល់ការសម្រចចិត្តធ្វើដំណើររបស់ភ្ញៀវទេសចរ។ ជាកស្តែង តួលេខខាងលើមានការថយចុះប្រមាណ១៧.០៩% ធៀបនឹងចុងសប្តាហ៍កន្លងមក។
ខណៈចរន្តភ្ញៀវទេសចរពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមខេត្តបន្តថមថយខ្លះទៀត ការដើរកម្សាន្តក្នុងខេត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់ ក៏មានថមថយខ្លះដែរ ពិសេសគោលដៅទេសចរណ៍សំខាន់ៗ ដូចជាខេត្តសៀមរាប ព្រះសីហនុ និងកំពតជាដើម។ ទន្ទឹមនឹងនេះ ការគិតគូរអំពីការសន្សំប្រាក់ចំណូលមួយចំនួន ព្រមជាមួយការទុកពេលវេលា ដើម្បីដើរកម្សាន្តពេលដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្ត ពិសេសនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក៏ជាកត្តាមួយពន្យល់អំពីការថមថយចរន្តភ្ញៀវទេសចរ នារយៈពេល២សប្តាហ៍ ចុងក្រោយនេះផងដែរ។

ក្រសួងទេសចរណ៍បញ្ជាក់ថា ដោយឡែក ទោះបីចរន្តភ្ញៀវទេសចរមានការថមថយខ្លះ ប៉ុន្តែក្រសួងទេសចរណ៍រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍បានបន្តខិតខំណែនាំអប់រំ និងជំរុញការអនុវត្តវិធានការបង្កាជំងឺកូវីដ-១៩ វិធានការណ៍៣កុំ និង៣ការពារ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








