ក្រុងបូកគោ៖ ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ ទៅកម្សាន្តភ្នំបូកគោកាន់តែច្រើន ផ្លូវថ្មីមួយខ្សែទៀត ត្រូវបានសិក្សា និងត្រួសត្រាយសាងសង់តភ្ជាប់ពីលើកំពូលភ្នំបូកគោ ទៅកាន់ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ ១៥៨ដោយឆ្លងកាត់ដីសម្បទានសេដ្ឋកិច្ចចម្ការដូងប្រេងឧកញ៉ា ម៉ុង ឬទ្ធី និងដីសម្បទាន ភ្នំបូកគោ។
គេជឿជាក់ថា ក្រោយផ្លូវមួយខែ្សនេះ សាងសង់រួចរាល់ វានឹងជួយជំរុញកំណើនភ្ញៀវទេសចរទៅកម្សាន្តនៅ រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ កាន់តែច្រើនឡើង រីឯតម្លៃអចលនទ្រព្យនៅតំបន់នោះវិញ ក៏នឹងកាន់តែមានភាពល្អប្រសើរឡើងផងដែរ។
លោកតុង រដ្ឋា វិស្វករសាងសង់ផ្លូវក្នុងគម្រោងអភិវឌ្ឍន៍ភ្នំបូកគោនេះ បានឱ្យដឹងថា គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក មានរយៈពេល ៣ខែមកហើយ ដែលក្រុមការងាររបស់លោក បានធ្វើការត្រួសត្រាយផ្លូវថ្មីមួយខ្សែនេះ ដោយកាប់ឆ្កាព្រៃ និងកាយថ្មភ្នំ បានប្រវែងសរុបជាង ៨គីឡូម៉ែត្រ ពីចំនុចវាលស្រែ៥០០។ ប៉ុន្តែលោកមិនទាន់ដឹងចប់នៅពេលណាទេ ។ ផ្លូវដ៏សំខាន់នេះ មានប្រវែង១២៧គីឡូម៉ែត្រ ដែលវានឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជួយសេដ្ឋកិច្ចជាតិ ពិសេសអ្នកចង់មកលេងកំសាន្តនៅទីក្រុងបូកគោ អាចមកតាមផ្លូវជាតិលេខ៤ ហើយបើកត្រង់តាមផ្លូវនេះ មកកាន់ទីក្រុងបូកគោតែម្តង។
លោកបន្តថា ការសិក្សា ត្រួសត្រាយ និងឈូសឆាយសាងសង់ផ្លូវនេះ ជួបនិងឧបសគ្កជាច្រើន ទាំងការមិនមានសេវាទូរស័ព្ទ ដើម្បីទាក់ទងគ្នា និងការស្នាក់នៅលើភ្នំជាដើម។ លោក បញ្ជាក់ថា ផ្លូវនេះ ត្រូវការចំណាយទុន និងពេលវេលាច្រើន បើធៀបនិងផ្លូវធម្មតា ព្រោះ វាជាគម្រោងអភិវឌ្ឍន៍ផ្លូវលើភ្នំ ជាប្រភេទផ្លូវថ្មី មិនមានផ្លូវចាស់ ដែលទាមទាឱ្យអ្នកសាងសងត្រូវលុកព្រៃ និងកាប់ឆ្កាព្រៃ និងបំបែកថ្មជាដើម។
ក្រៅពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ធម្មជាតិ នៅលើភ្នំបូកគោ ក៏មានតំបន់កម្សាន្តកែច្នៃជាច្រើន ទៀត ដែលភ្ញៀវទេសចរណ៍អាចទៅលេងកម្សាន្ត មានដូចជា៖ បដិមាលោកយាយម៉ៅ ទឹកជ្រោះពពកវិល .បឹងលើភ្នំ .ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់)ជាដើម។ ជាពិសេសភ្ញៀវទេសចរណ៍អាចស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានការផ្គត់ផ្គង់បន្លែធម្មជាតិដែលដាំដុះនៅលើភ្នំផ្ទាល់។ លើសពីនេះ ក៏មានប្រភេទលំនៅដ្ឋានលំហែរកាយ ដែលកំពុងសាងសង់ ក្រោយរដ្ឋបាលក្រុងបូកគោ ទើបតែបានបង្កើតឡើងនាពេលថ្មីនេះ ដែលកំពុងតែទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ឱ្យចូលទៅវិនិយោគនៅទីនោះ ខណៈដែលប្រជាជនកាន់តែច្រើន កំពុងចាប់អារម្មណ៍ចូលទៅរស់នៅទីនោះ។
គួរបញ្ជាក់ថា អ្នកជំនាញស្រាវជ្រាវផ្នែកសុខភាពបានឲ្យដឹងថា “ខ្យល់អាកាសនៅភ្នំបូកគោ អាចជួយសុខភាពមនុស្សបានយ៉ាងល្អប្រសើរ ពិសេសអាចជួយអ្នកមានជម្ងឺសួតបានទៀតផង”។ បច្ចុប្បន្ននេះ បើតាមក្រុមហ៊ុន សុខារៀលអ៊ីស្ទេត បានឱ្យដឹងថា មរណីដ្ឋានឧទ្យានជាតិភ្នំបូកគោ មានការអភិវឌ្ឍន៍ច្រើន ទាំងហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន និង គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់លំហែកាយ ចំនួន ៣គម្រោង និងមានប្រជាជនជាង ៣០០គ្រួសារ បានមកទិញផ្ទះ និងរស់នៅទីនោះជាបន្តបន្ទាប់៕