ក្រុងប៊្រូសសែលស៍ (BRUSSELS) ៖ ស្របពេលស្ថានការណ៍ កងទ័ពអ៊ុយក្រែន កំពុងតែវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ទប់ទល់នឹងការវាយលុករបស់កម្លាំងយោធាមហាអំណាចរុស្ស៊ីនោះ សហភាពអឺរ៉ុប បានសម្រេច នឹងបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿង និង គ្រឿងយុទ្ធោបករណ៍ជាច្រើនប្រភេទផ្សេងទៀត មានតម្លៃ៥០០លានអឺរ៉ូ ឬស្មើនឹងជាង៥៥៩លានដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក ចូសេប ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយសហភាពអឺរ៉ុប បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហភាពអឺរ៉ុប កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានពិភាក្សា អំពីផែនការ ដើម្បីរួមគ្នាផ្តល់ហិរញ្ញប្បទាន ចែកចាយសព្វាវុធ ដែលមានតម្លៃ៥០០លានអឺរ៉ូ ឬស្មើនឹង ៥៥៩,៩៥លានដុល្លារសហរដ្ឋអាមេរិក ទៅឱ្យអ៊ុយក្រែន។ ថវិកាទាំងនេះ នឹងរួមបញ្ចូលទាំងគ្រឿងសព្វាវុធការពារជាច្រើនប្រភេទផ្សេងទៀត ដើម្បីវាយបកទៅលើកងកម្លាំងរុស្ស៊ី។
លោកប្រធានគោលនយោបាយសហភាពអឺរ៉ុប បានបន្ថែមថា បណ្ដាប្រទេសជាសមាជិកប្លុកនេះ នឹងបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន តាមសំណើរបស់ក្រុងគៀវ ដើម្បីជួយពួកគេ ទប់ទល់នឹងការវាយប្រហារ តាមអាកាស និង តាមផ្លូវគោក ពីកងទ័ពរុស្ស៊ី។

លោក Josep Borrell បានថ្លែងទៅកាន់សន្និសីទមួយ ថា «យើងនឹងផ្តល់យន្តហោះចម្បាំងជាច្រើនគ្រឿង ហើយយើងមិននិយាយ អំពីគ្រាប់រំសេវនោះទេ។ យើងកំពុងតែផ្តល់គ្រឿងសព្វាវុធសំខាន់ជាងនេះ សម្រាប់ធ្វើសង្រ្គាម។ ចំណែកលោក ឌីមីត្រូ គូលេបា ( Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ដល់សហភាពអឺរ៉ុប ថា «ពួកគេត្រូវការប្រភេទយន្ដហោះប្រយុទ្ធ ហើយកងទ័ពអ៊ុយក្រែន មានសមត្ថភាព ប្រតិបត្ដិការនូវយន្ដហោះប្រភេទនេះបាន ហើយរដ្ឋជាសមាជិកខ្លះ ក៏មានយន្ដហោះប្រភេទនេះដែរ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN












