Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំចរចាជុំទី១ អ៊ុយក្រែន-រុស្ស៊ី បានបញ្ចប់ លទ្ធផលមិនទាន់ត្រូវបានបង្ហាញ ខណ: ពូទីន បានបង្ហាញលក្ខខណ្ឌទាមទាររួចហើយ

អ៊ុយក្រែន-រុស្ស៊ី ៖ ទោះបីខ្លឹមសារ និងលក្ខខណ្ឌផ្សេងៗក្នុងកិច្ចប្រជុំចរចារកដំណោះស្រាយបញ្ចប់សង្គ្រាម អ៊ុយក្រែន-រុស្ស៊ី ត្រូវបានបញ្ចប់កិច្ចសន្ទនាជុំទី១ហើយ កាលពីរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែលទ្ធផលព្រមព្រៀងគ្នាយ៉ាងណានោះ មិនត្រូវបានអង្គប្រជុំនៃភាគីទាំងពីរ ឲ្យក្រុមអ្នកសារព័ត៌មានដឹងនៅឡើយទេ គ្រាន់តែដឹងថា ពួកគេគ្រោងនឹងជួបប្រជុំគ្នានៅជុំទី២ ជាបន្តទៀត ប៉ុន្តែកុំទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ។

បើតាម សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជុំទី១ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី ដែលមិនបានចូលប្រជុំផងទេនោះ បាននិយាយថា ទីក្រុងកៀវ នឹងធ្វើការសម្រេចចិត្តជាថ្មីថា តើត្រូវចូលរួមក្នុងកិច្ចចរចាជុំទី២ ជាមួយរុស្ស៊ី ទៀត ឬក៏យ៉ាងណា ដោយរង់ចាំការវិភាគលើលទ្ធផលនៃកិច្ចចរចាជុំទី១សិន, ដោយលោក ហ្សេលែនស្គី បានបញ្ជាក់ថា មកទល់នឹងពេលនេះ, យើងមិនទាន់មានលទ្ធផលដែលយើងអាចសម្រេចបាននៅឡើយទេ។

គួរបញ្ជាក់ថា នៅទីបំផុត ប្រធានាធិបតីរុស្ស៊ី បានបង្ហាញនូវលក្ខខណ្ឌដែលលោកចង់បានពីអ៊ុយក្រែនហើយ ខណៈដែលភាគីទាំងពីរកំពុងជួបចរចានៅទីក្រុងហ្គូមែល (Gomel) ប្រទេសបេឡារុស ហើយ ពូទីន ទៀតសោតក៏បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែរ ប្រុងជើងការខ្ពស់ ស្របពេលដែល អាមេរិក និងមេដឹកនាំប្រទេសលោកខាងលិច ចេះតែបញ្ជូនកងទ័ពទៅដាក់ពង្រាយក្នុងប្រទេសសម្ព័ន្ធមិត្ត ក្បែរៗព្រំដែនរុស្ស៊ី និងផ្ដល់គ្រឿងសព្វាវុធទំនើបៗឲ្យទៅអ៊ុយក្រែន ដើម្បីប្រឆាំងរុស្ស៊ី ធ្វើឱ្យកម្ដៅនេះភ្លើងសង្រ្គាមនេះ កាន់តែកើនឡើង។

រីឯ លោក វ្ល៉ាឌីមៀ ពូទីន វិញ បើតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឲ្យដឹងថា បានបញ្ជាឱ្យកងកម្លាំងរក្សានុយក្លេអ៊ែររបស់រុស្ស៊ី ប្រុងជើងការខ្ពស់ ខណ:បណ្ដាប្រទេសលោកខាងលិច ផ្ដល់ជំនួយគ្រឿងសព្វាវុធទំនើបៗ និងហិរញ្ញវត្ថុទៅដល់ប្រទេសអ៊ុយក្រែន ដែលជាការបង្កើនភាពតានតឹងជុំវិញសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

លោក ពូទីន ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីកំពូលៗរបស់លោក ក្នុងនោះមាន រដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការកងទ័ពសំខាន់ៗដោយសង្កត់ធ្ងន់ថា មហាអំណាចធំៗរបស់អង្គការណាតូបានធ្វើ «សេចក្តីថ្លែងការណ៍យ៉ាងគឃ្លើនប្រឆាំងប្រទេសរុស្ស៊ី» រួមជាមួយនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមកលើប្រទេសរបស់លោក ក្នុងនោះ រួមទាំងរូបលោកជាប្រធានាធិបតីទៀតផង។ ដូច្នេះ យើងត្រូវតែត្រៀមរៀបចំអាវុធនុយក្លេអ៊ែឲ្យបានរួចរាល់សម្រាប់ធ្វើប្រតិបត្តិការ។

ដ្បិតអី ភាគីអ៊ុយក្រែន-រុស្ស៊ី បានចូលទៅកាន់តុចរចា ប៉ុន្តែស្ថានភាពសង្គ្រាមដោយអាវុធធុនធ្ងន់ពីរុស្ស៊ី នៅតែប្រឈមនៅឡើយ ដែលជាប្រការធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី នៅតែមានការព្រួយបារម្ភ, លោកប្រធានាធិបតីរូបនេះ នៅតែទទូចស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបម្ដងហើយម្ដងទៀត។ បើតាម សារព័ត៌មាន RT ចេញផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី កាលពីព្រឹកថ្ងៃចន្ទ ទី២៨ កុម្ភ: បានចេញមុខអំពាវនាវសាជាថ្មីដល់សហភាពអឺរ៉ុប (EU) ដើម្បីឱ្យទទួលប្រទេសលោកចូលជាសមាជិកក្នុងពេលភ្លាមៗជាបន្ទាន់តែម្តងទៅ ក្រោមនីតិវិធីថ្មីពិសេសមួយ, ប៉ុន្តែមិនទាន់មានការឆ្លើយតបថា អនុញ្ញាត ឬមិនអនុញ្ញាតនោះទេ គ្រាន់តែទទួលបាននូវការឆ្លើយតបជាជំនួយប៉ុណ្ណោះ ដូចជាការផ្ដល់លុយ ស្បៀងអាហារ និងគ្រឿងសព្វាវុធទំនើបៗដើម្បីប្រឆាំងរុស្ស៊ីតបវិញប៉ុណ្ណោះ។

ស្ដីពីលក្ខខណ្ឌនៃកិច្ចចរចារបស់ភាគីរុស្ស៊ីវិញ គឺប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវបានសារព័ត៌មាន RT ផ្សាយនៅព្រលប់ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឲ្យដឹងថា នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាង លោក ពូទីន និងលោក ម៉ាក្រុង ប្រធានាធិបតីបារាំង, លោក ពូទីន បានប្រាប់លោកប្រធានាធិបតីបារាំងថា ដំណោះស្រាយជាមួយអ៊ុយក្រែន គឺអាចធ្វើទៅបានលុះត្រាតែផលប្រយោជន៍សន្តិសុខស្របច្បាប់របស់រុស្ស៊ី ត្រូវបានយកមកពិចារណាដោយគ្មានលក្ខខណ្ឌ រួមមាន ៖

១- ការទទួលស្គាល់អធិបតេយ្យភាពរុស្ស៊ីលើគ្រីមៀ,

២- ការរំសាយអាវុធរបស់រដ្ឋអ៊ុយក្រែន,

៣- ធានាស្ថានភាពអព្យាក្រិត្យលើបញ្ហាអ៊ុយក្រែន,

លទ្ធផលយ៉ាងណានោះ លោក ម៉ាក្រុង មិនមែនជាអ្នកសម្រេចចំពោះលក្ខខណ្ឌនេះ នោះឡើយ តែលោកប្រាកដណាស់ថា នឹងនាំពាក្យទាំងនេះទៅប្រាប់ដល់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី និងក្រុមមេដឹកនាំសហភាពអឺរុប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×