Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីរុស្ស៊ី បញ្ជូនគ្រួសាររបស់គាត់ ទៅកាន់តំបន់សុវត្ថិភាព ក្រោយបញ្ជាឲ្យកម្លាំងនុយក្លេអ៊ែរប្រុងជើងការ

បរទេស៖ ក្រោយពេល វិមានក្រឹមឡាំង បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែរ ប្រុងជើងការខ្ពស់ ស្របពេលសង្គ្រាមកំពុងតែវាយប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង នៅក្នុងប្រទេសអ៊ុយក្រែន នោះ ក៏មានសេចក្ដីរាយការណ៍ថា លោកប្រធានាធិបតីរុស្ស៊ី បានបញ្ជូនសមាជិកគ្រួសាររបស់គាត់ ទៅកាន់ទីក្រុងក្រោមដី ដែលរចនាឡើង សម្រាប់រស់នៅ ខណៈមានសង្គ្រាមអាវុធមហាប្រល័យលោក។

សារព័ត៌មានអង់គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ថា លោក វ៉ាឡេរី សូឡូវេ ( Valery Solovey) អាយុ៦១ឆ្នាំ ជាអ្នកវិទ្យាសាស្រ្ដនយោបាយ និង ជាអតីតសាស្រ្ដាចារ្យ នៅក្នុងទីក្រុងមូស្គូ បានអះអាងថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជូនសមាជិកគ្រួសាររបស់គាត់ ទៅកាន់លេណដ្ឋាននុយក្លេអ៊ែរ នៅភ្នំអាល់តៃ (Altai)។

លោក Valery Solovey អ្នកវិទ្យាសាស្រ្ដនយោបាយ និង ជាអតីតសាស្រ្ដាចារ្យរុស្ស៊ី បានបញ្ជាក់ថា លោក វ៉្លាឌីមៀរ ពូទីន បានលាក់គ្រួសារគាត់ នៅក្នុងទីក្រុងមួយ នៅស៊ីបេរី។ នៅភ្នំអាល់តៃនោះ ជាលេណដ្ឋានប្រកបដោយបច្ចេកវិទ្យាដ៏ទំនើប ត្រូវបានរចនាឡើង សម្រាប់ការពារដល់ហេតុការណ៍ នៃសង្គ្រាមអាវុធមហាប្រល័យលោក។

អតីតសាស្ត្រាចារ្យ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (ហៅកាត់ MGIMO) ដែលបានចូលរួមដោយអ្នកការទូតកំពូល នាពេលអនាគត និង អ្នកស៊ើបការណ៍នោះ លោក សូឡូវេ (Solovey) ធ្លាប់បានចោទប្រកាន់ថា លោក ពូទីន កំពុងតែទទួលរងនូវបញ្ហាវេជ្ជសាស្រ្តលាក់កំបាំង ពីសាធារណជនរុស្ស៊ី ហើយបានចូលរួម នៅក្នុងពិធីសាសនាដ៏សម្ងាត់មួយជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក ស៊ើជេ ស៊ូអ៊ីហ្គូ (Sergey Shoigu) ។

ការអះអាងរបស់អតីតសាស្រ្ដាចារ្យរូបនេះ បានកើតឡើង ចំពេលរុស្ស៊ី កំពុងតែបង្កើនការវាយប្រហារ ដោយមីស៊ីលយ៉ាងសន្ធាប់ ទៅលើរដ្ឋធានីគៀវ និង ទីក្រុងខាឃីវ (Kharkiv) ប្រទេសអ៊ុយក្រែន។ សកម្មភាពយោធារបស់ក្រុងមូស្គូ បាននាំឲ្យមានការចោទប្រកាន់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែប្រព្រឹត្ដឧក្រិដ្ឋកម្មសង្គ្រាម ដោយការទម្លាក់គ្រាប់បែក បង្កវិនាសកម្ម លើជនស៊ីវិល ដោយគ្មានត្រាប្រណី។

លោក វ៉ាឡេរី សូឡូវេ ( Valery Solovey) អាយុ៦១ឆ្នាំ ជាអ្នកវិទ្យាសាស្រ្ដនយោបាយ បានអះអាងទៀតថា លោក វ៉្លាឌីមៀរ ពូទីន មានកូនស្រី២នាក់ រួមមាន នាង ម៉ារៀ វ៉ូរ៉ុនតាសូវ៉ា (Maria Vorontsova) អាយុ៣៦ឆ្នាំ ជាអ្នកឯកទេសខាងហ្សែន និង នាង កាទេរីណា ទីខូណូវ៉ា (Katerina Tikhonova) អាយុ៣៥ឆ្នាំ ជាអ្នករាំរបាំ ហើយក្រោយមកក្លាយជាគណិតវិទូ។

លោក Solovey បានបន្ថែមថា ការអះអាង ពីការបញ្ជូនគ្រួសាររបស់លោក ពូទីន ទៅកាន់ភ្នំអាល់តៃ នោះ បានកើតឡើងក្រោយបរាជ័យ ចំពោះគម្រោងយុទ្ធសាស្រ្ដរបស់គាត់ ដើម្បីវាយក្រសោប យកប្រទេសអ៊ុយក្រែន។ លោក ពូទីន បានរងនូវប្រតិកម្មរួមគ្នាយ៉ាងខ្លាំង ពីបណ្ដាប្រទេសបស្ចិមលោក និង ពិភពលោក ទាក់ទងនឹងផែនការរបស់រុស្ស៊ី ធ្វើសង្គ្រាមឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

រុស្ស៊ី បានអះអាង ពីការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រេន ចំនួន ១ ១៤៦កន្លែង រួមមាន មជ្ឈមណ្ឌលបញ្ជាការ និង ទំនាក់ទំនង ចំនួន៣១កន្លែង មូលដ្ឋានការពារដែនអាកាស S-300 ចំនួន៨១ បូកទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស Buk M-1 និង Osa និងស្ថានីយរ៉ាដា ចំនួន៧៥កន្លែងផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×