ភ្នំពេញ ៖ គិតត្រឹមដំណាច់ឆ្នាំ២០២១ នៅរាជធានី ភ្នំពេញ មានសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១.៦០៣ អគារ។ បន្ថែមពីនេះរដ្ឋបាលរាជធានី បានពិនិត្យផ្តល់យោបល់លើប្លង់ ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន១,០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់ លានដុល្លាអាមេរិក (ពីរក្បៀសម្ភៃប្រាំមួយពាន់លានដុល្លាអាមេរិក) បន្ថែមទៀត។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តមឃួង ស្រេងបាន មានប្រសាសន៍ថា៖ បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះ ដោយវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ ជាច្រើន បាននឹងកំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញ ក្នុងនោះ គិតត្រឹមដំណាច់ឆ្នាំ២០២១ នៅរាជធានី ភ្នំពេញ យើងមានសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១.៦០៣ អគារ និងបានពិនិត្យផ្តល់យោបល់លើប្លង់ ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន ចំនួន ១,០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់ លានដុល្លាអាមេរិក (ពីរក្បៀសម្ភៃប្រាំមួយពាន់លានដុល្លាអាមេរិក) បន្ថែមទៀត។ ដោយឡែក ចំនួនអាជីវកម្មដ្ឋាន ក៏មិនមានការថយចុះឡើយ ក្នុងនោះ រោងចកវិនិយោគមានចំនួន ៧៥៤ រោងចក្រ និងឧស្សាហកម្មធុនតូច និង សិប្បកម្មមានចំនួន ៥,១៧៤ មូលដ្ឋាន មានតម្លៃប៉ាន់ស្មានផលិតផលសរុប ២,០៥០ ពាន់លានដុល្លាអាមេរិក (ពីរក្បៀសហាសិបពាន់លានដុល្លាអាមេរិក) បានផ្តល់ការងារជូនកម្មករ-កម្មការិនីចំនួន ៦៣១.៥៦៧ នាក់ (ប្រាំមួយសែន បីម៉ឹនមួយពាន់ ប្រាំរយហុកសិបប្រាំពីរនាក់) កំពុងដំណើរការយ៉ាងសកម្ម។

ឯកឧត្តមឃួង ស្រេង បានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ក្នុងនោះ គម្រោងសកម្មភាពរបស់រដ្ឋបាល រាជធានីភ្នំពេញចំនួន ១៤២ គម្រោង, គម្រោងសកម្មភាពរបស់រដ្ឋបាលខណ្ឌ-សង្កាត់ចំនួន ៤២៣ គម្រោង និង គម្រោងសកម្មភាពរបស់មន្ទីរ-អង្គភាព ចំនួន ១០៩ គម្រោង សរុបមានថវិកាគាំទ្រប្រមាណ ១.៣៩៧.៨៣៩,៣៤ លានរៀល (មួយម៊ីលាន បីរយកៅសិបប្រាំពីរពាន់ ប្រាំបីរយសាមសិបប្រាំបួន ភៀសសាមសិបបួន លានរៀល) បានផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ ចំនូន ៥៧.៨១៩ សេវា ដែលជារួមគិតចាប់ពីពេលបើកដំណើរការរហូតមកដល់ពេលនេះ អង្គភាពច្រកចេញ-ចូលតមួយរាជធានីភ្នំពេញ បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ១៥៥.៨២៨ សេវា (ដប់ប្រាំម៉ឺន ប្រាំពាន់ប្រាំបីរយម្ភៃប្រាំបីសេវា) ដោយទទួលបានចំណូលបង់ចូលថវិការដ្ឋសរុបចំនូន៤៤.៣៦៨.៥០១.២៥០៛ (សែសិបបួនពាន់ បីរយហុកសិប ប្រាំបីលាន ប្រាំសែនមួយពាន់ ពីររយហាសិបរៀល) គឺប្រមាណ ជាង ១១ លានដុល្លាអាមេរិក។ បានបើកការដ្ឋានស្ថាបនាស្ពានអាកាសប្ញស្សីកែវ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចប្រសព្ធផ្លូវលេខ ៣៦ និងស្ពានបេតុងអាម៉េខ្សែកាបឆ្លងកាត់ទន្លេសាប ក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ ខ្សែ តភ្ជាប់ពីមហាវិថី ឈ្នះ-ឈ្នះ ទៅផ្លូវជាតិលេខ ៤២ មានប្រវែង ៦.៤៩០ ម៉ែត្រ និងមានលំហទទឹងផ្លូវ ១២ ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ ព្រមទាំងកំពុងខិតខំជំរុញការសិក្សាគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ជាច្រើនទៀតក្នុងរាជធានីភ្នំពេញ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









