ឥណ្ឌា : លោក អានីល ទ្រីហ្គុនីយ៉ាត (Anil Triguniyat) អតីតអ្នកការទូតឥណ្ឌា ធ្លាប់បម្រើការ នៅទីក្រុងមូស្គូ និង នៅប្រទេសលីប៊ី ជាកន្លែងដែលគាត់មើលការខុសត្រូវ លើការជម្លៀសពលរដ្ឋឥណ្ឌា ខណៈមានជម្លោះផ្ទុះឡើង កាលពីអំឡុងឆ្នាំ ២០១១ បានបញ្ជាក់ថា ការធានាសុវត្ថិភាព គឺជាការចាំបាច់។
លោក បានបន្ថែមថា «ស្ថានភាពបែបនេះ ឥណ្ឌាមិនអាចចាប់យកតែផ្នែកម្ខាង ដែលមានហានិភ័យ បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពពលរដ្ឋរបស់ខ្លួននោះឡើយ។ ជាងនេះទៅទៀត ឥណ្ឌាកំពុងតែមើលឃើញរូបភាពរួម ពាក់ព័ន្ធនឹងការរក្សាបណ្តាញបើកចំហជាមួយមនុស្សគ្រប់គ្នា។ ក្នុងន័យនេះ ឥណ្ឌាកំពុងតែស្ថិតក្នុងទីតាំងពិសេសមួយ ដោយសារឥណ្ឌា ជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសមួយចំនួន មានទំនាក់ទំនងល្អ ទាំងជាមួយក្រុងវ៉ាស៊ីនតោន និង ក្រុងមូស្គូ។

លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា បានថ្លែងទៅកាន់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី និង លោក សូប្រាម៉ាន់យ៉ាម ចៃសានការ (Subrahmanyam Jaishankar) រដ្ឋមន្រ្ដីក្រសួងការបរទេសឥណ្ឌា សុំឲ្យមានការចរចាជាមួយមន្រ្ដីនានា នៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ចំណែក រូបលោកក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ផងដែរ។
លោក Triguniyat បានបន្ថែមថា បើក្នុងករណីបែបនេះ ឥណ្ឌាធ្វើបានល្អ នៅក្នុងការរក្សាបណ្តាញការទូត បើកចំហជាមួយភាគីទាំងពីរ។ ឥណ្ឌា មិនរិះគន់រុស្ស៊ី ដោយផ្ទាល់ទេ ប៉ុន្តែករណីនេះមិនមែនថា ឥណ្ឌាបើកភ្នែកមើលនូវការរងទុក្ខវេទនារបស់ប្រទេសអ៊ុយក្រែន នោះដែរ។ ឥណ្ឌាបានអនុវត្តយុទ្ធសាស្រ្ត ប្រកបដោយតុល្យភាព។ ឥណ្ឌាបាននិយាយអំពីបូរណភាពទឹកដី នៅក្នុង UNSC ហើយករណីនេះ មានន័យយ៉ាងច្បាស់ ដើម្បីបញ្ជាក់ អំពីស្ថានភាពរបស់ប្រទេសអ៊ុយក្រែន។
លោក Triguniyat បានបន្ដថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្តអឺរ៉ុប បន្តដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើរុស្ស៊ី នោះ ឥណ្ឌាក៏អាចនឹងមានការលំបាក ធ្វើជំនួញជាមួយនឹងក្រុងម៉ូស្គូ បន្ដទៀតដែរ។ ដោយឡែក សហរដ្ឋអាមេរិក ហាក់យល់ អំពីជំហររបស់ឥណ្ឌា នាពេលនេះ ប៉ុន្តែឥណ្ឌាមិនមានការធានាថា ក្រុងញូវដេលី នឹងធ្វើយ៉ាងដូច្នេះបន្ដទៀតនោះដែរ។
លោក Triguniyat បានបន្ថែមទៀតថា នៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានសួរអំពីជំហររបស់ឥណ្ឌា គាត់មិនបានផ្តល់ចម្លើយច្បាស់លាស់នោះទេ។យើងនឹងមានការពិគ្រោះយោបល់ជាមួយឥណ្ឌា ជុំវិញបញ្ហាអ៊ុយក្រែន។ យើងមិនទាន់បានដោះស្រាយឱ្យបានពេញលេញនៅឡើយដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN












