ភ្នំពេញ ៖ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ បានចេញសេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនយោបាយរូបិយវត្ថុ លើកទី៥៨។
នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការនយោបាយរូបិយវត្ថុ លើកទី៥៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេសាភិបាល និងជាប្រធានគណៈកម្មាធិការ នយោបាយរូបិយវត្ថុ។ អង្គប្រជុំបានពិភាក្សា លើបច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និងបញ្ហាប្រឈមនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងនយោបាយរូបិយវត្ថុសម្រាប់ អនុវត្តនាគ្រាខាងមុខ។
ការបើកប្រទេសឡើងវិញ បានផ្ដល់ផលវិជ្ជមាន ទៅលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលរួមមាន ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងស្រុក ជាដើម ស្របពេលដែលសេដ្ឋកិច្ច ពិភពលោកបន្តទទួលបានកំណើន។
អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបានក្នុង អត្រា ៣% ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ ៤.១០៨ រៀលក្នុងមួយដុល្លារអាមេរិក។ ទុនបម្រុង អន្តរជាតិបន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹង ៨ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់ គ្រាបន្ទាប់ សម្រាប់បម្រើដល់ការអនុវត្តនយោបាយរូបិយវត្ថុ ក៏ដូចជា នយោបាយអត្រាប្ដូរប្រាក់។ ធនាគារជាតិនៃកម្ពុជា បន្តអនុវត្តនយោបាយវិត្ថារកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ខណៈដែលបន្តរក្សាបានស្ថិរភាពរឹងមាំក្នុងវិស័យធនាគារ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការអនុវត្តនយោបាយរូបិយវត្ថុ និងបានផ្តល់ ការណែនាំសម្រាប់ការអនុវត្តនយោបាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់។ ការលេចឡើងមេរោគបំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍ អាចនឹងមានផលប៉ះពាល់ដល់សន្ទុះកំណើន ក៏ប៉ុន្តែឥទ្ធិពលនេះ រំពឹងថមថយ ដោយសារការគ្រប់គ្រងលើការរាលដាល និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល។
ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុសម្រាប់ គ្រាបន្ទាប់ គណៈកម្មាធិការនយោបាយរូបិយវត្ថុ បានសម្រេចលើជំហរនយោបាយរូបិយវត្ថុ ដូច ខាងក្រោម៖
១/- បន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ រួមទាំងការធ្វើអន្តរាគមន៍ និងការបញ្ចេញសន្ទនីយភាពជាប្រាក់រៀល
២/- រក្សាអត្រាការប្រាក់ដេញថ្លៃនៃប្រតិបត្តិការ ផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) ក្នុងកម្រិតសមស្រប
៣/-ផ្តល់សន្ទនីយភាពតាមយន្តការ LPCO ក្នុងបរិមាណដែលជួយដល់តម្រូវការប្រាក់រៀល របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
៤- បន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ច ក្នុងអត្រា ៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក និង ៥/- បន្តលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ប្រាក់រៀល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

