ប៉ុស្តិ៍ទូរទស្សន៍ NBC បានដកស្រង់ប្រភពពីរ ដែលបានសង្ខេបអំពីការផ្លាស់ប្តូរនៅក្នុងសភាសហរដ្ឋអាមេរិក ដោយនិយាយថា អាមេរិកបានធ្វើការផ្តល់នេះ គឺក្រោមកម្មវិធីនៃកញ្ចប់ជំនួយទ្រង់ទ្រាយធំ ដែលប្រកាសដោយសេតវិមានកាលពីសប្តាហ៍មុន ទៅកាន់ទីក្រុងគៀវ។ ដែលក្នុងនោះ រាប់បញ្ចូលទាំងអាវុធប្រល័យលោក និងអាវុធមិនប្រល័យលោកមានតម្លៃ ៣៥០ លានដុល្លារ។
កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលផងដែរ នូវកាំជ្រួចប្រឆាំងរថក្រោះ Javelin -ជាអាវុធដែលរដ្ឋាភិបាលអ៊ុយក្រែន បានស្នើសុំពីសហរដ្ឋអាមេរិក ដើម្បី “វាយលុកការកើនឡើងនៃយោធារុស្ស៊ី”។
តែយ៉ាងណាមិញ ជុំវិញព័ត៌មាននេះ មន្ទីរបញ្ចកោណ និងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក គេមិនអាចទាក់ទងបានភ្លាមៗ សម្រាប់ការធ្វើអត្ថាធិប្បាយទេ។
មុននេះ កាសែត Bild របស់ប្រទេសអាឡឺម៉ង់ ដែលដកស្រង់ប្រភពពីរដ្ឋាភិបាល បាននិយាយថា សព្វាវុធដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ បានមកដល់អ៊ុយក្រែនហើយ គឺកាំជ្រួច 500 Stinger និង 1,000 Panzerfaust គ្រាប់បែកដៃប្រឆាំងរថក្រោះ។
កាសែតនេះដែលអះអាងបានដឹងព័ត៌មាន “ពីមន្ត្រីរដ្ឋាភិបាល” បានសរសេរថា “បីថ្ងៃក្រោយមក អាវុធអាល្លឺម៉ង់បានមកដល់អ៊ុយក្រែន”។
ទន្ទឹមនឹងនេះដែរ គេហទំព័រសារព័ត៌មាន The Montgomery Advertiser បានដកស្រង់សម្តីអ្នកជំនាញដែលនិយាយថា អ៊ុយក្រែនកំពុងប្រយុទ្ធជាមួយរុស្ស៊ីដោយអាវុធពីទីក្រុង Troy រដ្ឋ Alabama ។
Illia Ponomarenko អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមសម្រាប់កាសែត The Kyiv Independent របស់អ៊ុយក្រែន បានបង្ហោះរូបថតនៅលើ Twitter កាលពីថ្ងៃទី ២ ខែមីនា ដែលបង្ហាញពីអាវុធដែលឆ្លាក់ ដោយពាក្យថា “Javelin Joint Venture Lockheed Martin Troy, AL”។
នៅក្នុងអត្ថបទឆ្នាំ 2017 Military + Aerospace Electronics បានរាយការណ៍ថា អ្នកម៉ៅការការពារជាតិ Raytheon និង Lockheed Martin កំពុងសាងសង់កាំជ្រួចសម្រាប់អ៊ុយក្រែន និងរដ្ឋាភិបាលផ្សេងទៀត។
ក្រុមហ៊ុន Lockheed Martin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១ខែមីនា ថា “ការលក់ឧបករណ៍យោធាបរទេស គឺជាប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ហើយយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកលើការលក់ឧបករណ៍ទាំងអស់” ។ ក្រុមហ៊ុន Lockheed Martin ក៏បានបញ្ជាក់ឲ្យដឹងថា “ការពិភាក្សាអំពីការលក់ទៅឱ្យរដ្ឋាភិបាលបរទេសត្រូវបានដោះស្រាយល្អបំផុត ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

