ភ្នំពេញ ៖ មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ហៅកាត់ថាសាលា អេស៊ីអ៊ី បានរៀបចំពិធីសម្ពោធជាផ្លូវការនៃសាលា អេស៊ីអ៊ី ទីតាំងទួលគោក កាលពីព្រឹកថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីអ្នកតំណាងពីស្ថាប័នរដ្ឋ ស្ថានទូតអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនអន្តរជាតិជាច្រើនផ្នែក។
ដោយបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ដោយស្ថាប័ន IDP Education ក្នុងគោលបំណងបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់ក្រុមការងារ UNTAC (United Nations Transitional Authority in Cambodia) សាលា អេស៊ីអ៊ី ក៏ត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេស ឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

ពីឆ្វេងទៅស្តាំៈ ឯកឧត្តម Pablo Kang ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និង លោក ម៉ៅ ស្រេង
សាលា អេស៊ីអ៊ី ទីតាំងទួលគោក គឺជាសាខាមួយក្នុងចំណោមសាខាទាំងប្រាំមួយដែលដំណើរការដោយស្ថាប័នIDP Education ប្រចាំប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការភាសាអង់គ្លេស របស់យុវជនកម្ពុជា និងអ្នកដែលមិនមានភាសាដើមកំណើត ជាភាសាអង់គ្លេស។ ជាក់ស្តែង សាលា អេស៊ីអ៊ី ទីតាំងទួលគោក បានបើកដំណើរការក្នុងឆ្នាំ ២០១៨ ក៏ប៉ុន្តែដោយសារការរាលដាលនៃជំងឺកូវីដ១៩ ពិធីបើកសម្ពោធជាផ្លូវការត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ។
បច្ចុប្បន្ននេះ សាលា អេស៊ីអ៊ី បណ្ដុះបណ្ដាលសិស្ស ជាង ២០ ០០០ នាក់រៀងរាល់វគ្គសិក្សានៅគ្រប់សាខានៅភ្នំពេញ ខេត្តសៀមរាប និងតាមប្រព័ន្ធអនឡាញផងដែរ។ សិស្សានុសិស្សប្រមាណ ៧០០ ០០០ នាក់ ចម្រុះដោយ ៣៨ ជាតិសាសន៍ បានទទួលការបណ្តុះបណ្តាលពី សាលា អេស៊ីអ៊ី ក្នុងរយៈពេល ៣០ឆ្នាំមកនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំប្រទេសកម្ពុជា និង លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃ សាលាអេស៊ីអ៊ី និង ស្ថាប័ន IDP Education ក៏បានផ្តល់កិតិ្តយសអញ្ជើញចូលរួម ពិធីបើកសម្ពោធសាលា អេស៊ីអ៊ី ទីតាំងទួលគោក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ថ្លែងសុន្ទរកថា បើកកម្មវិធីក្នុងពិធីសម្ពោធជាផ្លូវការនៃសាលាអេស៊ីអ៊ី ទីតាំងទួលគោក
ដោយផ្តោតទៅលើសារៈសំខាន់នៃការសិក្សាភាសាអង់គ្លេស ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា “ភាសាអង់គ្លេស ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្ស ក្នុងការទទួលបានចំណេះដឹង ដែលជាមធ្យោបាយក្នុងការទំនាក់ទំនង និងជាស្ពានក្នុងការបន្តការសិក្សាមុខវិជ្ជាដទៃទៀត។ ការសិក្សា និងការចេះប្រើប្រាស់ភាសាអង់គ្លេសស្ទាត់ជំនាញ គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍គុណភាពឧត្តមភាពក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រេចនៅគោលដៅសិក្សារយៈពេលយូរអង្វែង។”
ដោយប្រទេសកម្ពុជាមានតួនាទី ជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)សម្រាប់ឆ្នាំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តទៀតថា “ភាសាអង់គ្លេស គឺជាភាសាប្រើប្រាស់ជាផ្លូវការ សម្រាប់សមាគមអាស៊ាន ដូច្នេះហើយការប្រើប្រាស់ភាសានេះបានល្អ មានសារៈសំខាន់ក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន និងទំនាក់ទំនងផ្លូវការនានា។ ខ្ញុំសូមសម្តែងការកោតសសើរទៅលើសាលា អេស៊ីអ៊ីដែលបានចូលរួមផ្តល់ចំណេះដឹងផ្នែកភាសារអង់គ្លេសនេះ ដល់ប្រជាជនកម្ពុជាជាង ៣ ទស្សវត្សន៍មកនេះ។”
សាលា អេស៊ីអ៊ី ទីតាំងទួលគោកបំពាក់ដោយបច្ចេកវិទ្យា និងបរិក្ខារទំនើបចុងក្រោយបង្អស់ ដើម្បីធានាបាននូវបរិយាកាសសិក្សា ប្រកបដោយគុណភាពដល់សិស្សានុសិស្សគ្រប់វ័យ។

ឯកឧត្តម Pablo Kang ថ្លែងសុន្ទរកថាពិសេសជូនចំពោះឥស្សរជន និងភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធជាផ្លវការនៃសាលាអេស៊ីអ៊ីទីតាំងទួលគោក
បន្ទាប់ពីការធ្វើទស្សនកិច្ចទីតាំងថ្មីរបស់សាលាអេស៊ីអ៊ីរួចមក ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានលើកឡើងថា “កំឡុងពេល ៣០ឆ្នាំមកនេះ សាលាអេស៊ីអ៊ី រក្សាបានយ៉ាងខ្ជាប់ខ្ជួនលើគុណភាព នៃការអប់រំ និងលើសពីអ្វីដែលបានរំពឹងទុកក្នុងកម្រិតស្តង់ដារអន្តរជាតិ ដោយសារការធានាបានថា សិស្សានុសិស្សអាចទទួលបានការបង្រៀនពីគ្រូដែលមានសមត្ថភាពខ្ពស់ ព្រមទាំងធនធាន និងបច្ចេកវិទ្យាលំដាប់ពិភពលោក ដូចដែលបានផ្តល់ជូននៅសាលា អេស៊ីអ៊ី ទីតាំងទួលគោកនេះផ្ទាល់។ សាលាអេស៊ីអ៊ី នៅតែមានភាពឈានមុខគេផ្នែកច្នៃប្រឌិតថ្មីសម្រាប់វិស័យអប់រំ ពិសេសក្នុងដំណាក់កាលនៃការចាប់ផ្តើមនៃជំងឺកូវីដ១៩ និងជាគ្រឹះស្ថានអប់រំដ៏សំខាន់ដំបូងគេនៅប្រទេសកម្ពុជា ដែលបានបង្កើតប្រព័ន្ធគ្រប់គ្រងការសិក្សាដែលអនុញ្ញាត ឲ្យសិស្សបន្តការសិក្សាបានយ៉ាងពេញលេញតាមប្រព័ន្ធអនឡាញ។”
“ការបង្កើតថ្មីនេះ បានអនុញ្ញាតអោយសាលា អេស៊ីអ៊ី គ្រប់គ្រងបាននូវហានិភ័យនានា និងពិសេសហានិភ័យដែលកើតឡើងដោយសារតែវត្តមានរបស់វិរុសបន្លែងថ្មី Omicron ដោយចាប់យកការបង្រៀនបែបលាយបញ្ចូលគ្នា រវាងការសិក្សានៅថ្នាក់រៀន និងការសិក្សាតាមប្រព័ន្ធអនឡាញ។”
កត់សម្គាល់ទៅលើកេរ្តិ៍ឈ្មោះរបស់សាលាអេស៊ីអ៊ីនៅទូទាំងពិភពលោក ឯកឧត្តមឯកអគ្គរាជទូតបានធ្វើការបន្តថា “ឆ្នាំមុនកន្លងទៅនេះ សាលា អេស៊ីអ៊ីបានឈ្នះពានរង្វាន់ជា “អ្នកអប់រំភាសាល្អបំផុតប្រចាំឆ្នាំ” ក្នុងកម្មវិធីពាន់រង្វាន់ PIE Award នៅឯទីក្រុងឡុងន៍ ប្រទេសអង់គ្លេស ហើយពានរង្វាន់នេះត្រូវជ្រើសរើសដោយគណៈកម្មការអន្តរជាតិ ៤៣រូប ដែលមកពីសាកលវិទ្យាល័យ ស្ថាប័ន និងបុគ្គលជំនាញ ពី ២៥ ប្រទេសជុំវិញពិភពលោក។ ខ្ញុំពិតជាមានភាពសោមន្សរីករាយយ៉ាងក្រៃលែង ដែលសាលាអេស៊ីអ៊ីបានទទួលការទទួលស្គាល់ ជាអន្តរជាតិថាជាគ្រឹះស្ថានអប់រំដ៏មានឧត្តមភាព។”
ឯកឧត្តមក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់សាលាអេស៊ីអ៊ី ក្នុងសកម្មភាពសង្គមកន្លងមកដូចតទៅ “សាលាអេស៊ីអ៊ី គួរតែទទួលបានការកោតសសើរ ចំពោះទំនួលខុសត្រូវសាជីវកម្ម ទៅលើសង្គមរបស់ស្ថាប័ននេះ តាមរយៈក្រុមការងារសង្គម និងតាមរយៈឯកអគ្គរាជទូតសុច្ចនៈ សិស្ស និងអតីតសិស្ស ដែលតែងតែចូលរួមយ៉ាងសកម្មទៅលើសកម្មភាពសង្គមដូចជាផ្នែកអប់រំ បរិស្ថាន ភាពក្រីក្រ និងក្នុងគ្រាអាសន្នរបស់ជាតិជាដើម។ ក្នុងកំឡុងពេលមានជំងឺរាតត្បាត សាលាអេស៊ីអ៊ី បានផ្តល់ជាកញ្ចប់អាហារសម្រន់ដល់ក្រុមការងារជួរមុខ និងបានផ្តល់ទីតាំងរបស់សាលាធ្វើជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា ដែលទាំងនេះគឺជាសកម្មភាពដែលគួរអោយកោតសសើរ។”

លោក ម៉ៅ ស្រេង ស្វាគមន៍ភ្ញៀវមកពីស្ថាប័នរដ្ឋ ស្ថានទូតអូស្ត្រាលី អង្គការក្រៅរដ្ឋាភិបាល និងអង្គការពហុជាតិ
លោក ម៉ៅ ស្រេង បានមានប្រសាសន៍ក្នុងកំឡុងពេលបើកសម្ភោធ សាលា អេស៊ីអ៊ី ទីតាំងទួលគោកថា “ឆ្នាំ ២០២២ គឺជាខួបគម្រប់ ៣០ឆ្នាំ នៃប្រតិបត្តិការ និងការចូលរួមចំណែកដល់វិស័យអប់រំរបស់យើង នៅប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលភាសាអង់គ្លេស ការធ្វើតេស្តវាស់សមត្ថភាពភាសាអង់គ្លេស IELTS និង ការជួយរៀបចំឯកសារបញ្ជូនសិស្ស ទៅសិក្សានៅក្រៅប្រទេស។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំក្រុមការងារ ដែល ខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាអប់រំស្តង់ដារពិភពលោក ដល់សិស្សានុសិស្សរបស់យើងនៅក្នុងប្រទេសកម្ពុជា។ ពួកយើងក៏បានធ្វើការយ៉ាងសកម្ម ទៅលើការចែករំលែកនៃការអនុវត្តល្អបំផុត នៅក្នុងវិស័យបង្ហាត់បង្រៀនភាសាអង់គ្លេសស តាមរយៈវេទិកាអភិវឌ្ឍន៍វិជ្ជាជីវៈអន្តរជាតិផ្សេងៗ រួមទាំង កម្មវិធីសន្និបាត CamTESOL ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំផងដែរ។”

បច្ចុប្បន្ននេះ សាលា អេស៊ីអ៊ី ផ្ដល់ជូនកម្មវិធីសិក្សាភាសាអង់គ្លេសទាំងនៅថ្នាក់រៀនផ្ទាល់ និងថ្នាក់អនឡាញសម្រាប់សិស្សចាប់ពីកុមារអាយុ ៨ឆ្នាំ រហូតដល់មនុស្សធំពេញវ័យ និងអ្នកជំនាញ។
ទីតាំងទួលគោកថ្មីនេះក៏មាននូវការិយាល័យផ្តល់ប្រឹក្សាពីការសិក្សានៅក្រៅប្រទេស និង មជ្ឈមណ្ឌលសម្រាប់ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេស IELTS ប្រចាំកម្ពុជា។
បង្កើតឡើងដោយសាកលវិទ្យាល័យជាច្រើននៅប្រទេសអូស្រ្តាលី ស្ថាប័ន IDP Education ជាស្ថាប័នឈានមុខគេលើពិភពលោក ក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស ជាមួយបណ្ដាញការិយាល័យនៅជុំវិញពិភពលោកជាង ១៣០ នៅក្នុង ៤៧ ប្រទេស ដើម្បីជួយសិស្សទៅបន្តការសិក្សា នៅប្រទេសអូស្ដ្រាលី កាណាដា ណូវែលហ្សេឡង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអៀរឡង់។
ស្ថាបនាដោយរដ្ឋាភិបាលអូស្រា្តលីតាំងពី ៥៣ ឆ្នាំមុន ស្ថាប័នIDP Education ក៏ជាស្ថាបនិកនៃតេស្តភាសាអង់គ្លេស IELTS ដែលជាតេស្តសម្រាប់វាស់កម្រិតសមត្ថភាពភាសាអង់គ្លេស ដែលមានប្រជាប្រិយភាពជាងគេ នៅលើពិភពលោក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









