ភ្នំពេញ ៖ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើការប្ដេជ្ញាចិត្ថថា នឹងបន្តធ្វើការងារនៅក្នុងឆ្នាំ២០២២នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងសំរាមឲ្យកាន់តែល្អប្រសើរ ខណៈដែលមានក្រុមហ៊ុន៣ បានិងកំពុងតែប្រកួតប្រជែងគ្នា លើការប្រមូលសំរាមចេញពីរាជធានីភ្នំពេញ និងការដាក់ចេញនូវវិធានការឲ្យបានហ្មត់ចត់បំផុត ជុំវិញការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ចជាតិឡើងវិញ។

ការប្ដេជ្ញាចិត្តបែបនេះ របស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែ មិនាឆ្នាំ២០២២ នេះក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងពីសមិទ្ធផលសំខាន់នានា ដែលសម្រេចបានរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅឆ្នាំ២០២១ និងបានលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយឲ្យកាន់តែល្អប្រសើរ ជាធាតុចូលដើម្បីយកទៅអនុវត្តនៅក្នុងឆ្នាំ ២០២២ ។

ឯកឧត្តមឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា នៅក្នុងអង្គសន្និបាតនេះ រដ្ឋបាលរាជធានីភ្នំពេញបានបែងចែក ជាក្រុមដើម្បីពិភាក្សាលើការងារមួយចំនួនក្នុងនោះ អង្គសន្និបាត បានពិភាក្សា ទៅលើការងារអនុវត្ត គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដែលធ្វើយ៉ាងណាឲ្យការអនុវត្តគោលនយោបាយនេះ កាន់តែល្អប្រសើរជាងបណ្ដាឆ្នាំមុនៗទៀត ការផ្ដល់សេវាសាធារណៈ បើទោះបីមានបញ្ហាប្រឈមមួយចំនួន។
អង្គសន្និបាត បានស្នើទៅក្រសួងមហាផ្ទៃដើម្បីធ្វើវិសោធនកម្ម ការងារមួយចំនួន ធ្វើយ៉ាងណាជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ ។ បញ្ហាសំណល់រឹង សំរាមគឺជាបញ្ហាមួយដែលអង្គសន្និបាត បានលើកឡើងនិងរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ ទុកដាក់ការប្រមូលសំរាមកាន់តែល្អប្រសើរបន្ថែមទៀត។ ការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ជាបញ្ហាសំខាន់ដែលអង្គសន្និបាតបានលើកឡើង ដោយធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឲ្យយើងមានឱកាសបើកសេដ្ឋកិច្ចប្រទេសឡើងវិញ សម្រាប់ឆ្នាំ២០២២នេះ។
ឯកឧត្តមឃួង ស្រេង បានបន្តថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក៏ជាកិច្ចការដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែពង្រឹងឲ្យបានល្អប្រសើរបំផុត ខណៈដែរកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខនេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសនោះបានសំដែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានអនុវត្តការងារបានយ៉ាងល្អនៅក្នុងឆ្នាំ២០២១ ពិសេសគឺ រក្សាបាននូវសន្តិសុខសុវត្ថិភាពជូន បងប្អូនប្រជាពរដ្ឋនៅក្នុងរាជធានីភ្នំពេញ ការអភិវឌ្ឍរាជធានីភ្នំពេញ បានកាន់តែរីកចម្រើន ដែលធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋកាន់តែធូរធារ។
សម្ដេចក្រឡាហោម ស ខេង ក៏បានសំដែងនូវការកោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជា អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ដែលបានចូលរួមនៅ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុនសែន ។ រដ្ឋបាលរាជធានីភ្នំពេញត្រូវតែអនុវត្តឲ្យបានល្អប្រសើរ លើការពង្រឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ អោយបានល្អបន្ថែមទៀត នៅក្នុងឆ្នាំ២០២២នេះ ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ផងដែរថា ស្របពេលដែលស្ថានភាព សង្គ្រាមនៅអ៊ុយក្រែន កាន់តែក្តៅ សម្ដេចបានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខឲ្យបានមួយម៉ាត់បំផុត ទៅលើស្ថានទូត ស្ថានតំណាងនានា ដែលមាននៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឲ្យជនឱកាសនិយម ឆក់យកឱកាសនេះ បង្កឱ្យមានភាពចលាចលនៅកម្ពុជា ។ យើងមិនត្រូវមើលស្រាលសភាពការណ៍នោះទេ ។ ត្រូវអនុវត្តធ្វើយ៉ាងណាឱ្យភូមិសង្កាត់ មានសុវត្ថិភាពទទួលបាននូវការជឿទុកចិត្ត ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានសម្ដែងការសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ដែលបានសហការគ្នាបំពេញការងារជាច្រើននៅឆ្នាំ២០២១ ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការខិតខំរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ រួមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទៅតាមកម្មវិធីនយោបាយ គោលនយោបាយរាជរដ្ឋាភិបាលសំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមក៏បានសម្ដែងការកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តដោយសារការអនុវត្តបាននូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងតាមការដឹកនាំដ៏មុតស្រួចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ យ៉ាងណាក៏ដោយទន្ទឹមនឹងលទ្ធផលទទួលបាននេះ សម្ដេចឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក៏មានការកើតឡើង នូវបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងដោះស្រាយនៅឆ្នាំ២០២២ និងនៅឆ្នាំបន្តបន្ទាប់។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីបំពេញបន្ថែមដល់អង្គសន្និបាត រួមមានការបន្តចូលរួមពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនៅតែជាភារកិច្ចគន្លឹះរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស ព្រោះជាកត្តាចំបងអាចនាំមកនូវអ្វីៗដែលជាការអភិវឌ្ឍ និងរីកចំរើនរបស់ប្រទេសជាតិ។ ជាមួយគ្នានេះការការពារឯករាជ្យ អធិបតេយ្យភាពជាតិ ក៏ជាកាតព្វកិច្ច និងភារកិច្ចរួម សំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិ ស្ថាប័នព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការរក្សា ការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាននៅកម្ពុជា។
សម្ដេចបន្ថែមថាការគ្រងសភាពការណ៍នៅមូលដ្ឋានជាប្រចាំ ដោយទប់ស្កាត់ការប៉ុនប៉ងបង្កភាពចលាចល ក្នុងសង្គមដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ក៏ជាកិច្ចការដែលចាំបាច់ត្រូវយកចិត្តទុកដាក់។ សម្ដេចបន្តថាការដោះស្រាយជម្លោះនៅមូលដ្ឋានដោយផ្អែកលើច្បាប់ និងប្រកបដោយយុត្តិធម៌ និងការចៀសវាងអំពើហិង្សាក៏ជាបទពិសោធន៍ និងជាគោលការណ៍ដែលត្រូវបន្តអនុវត្តឱ្យបានជាប់ជាប្រចាំ ចំណែកបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមវិញ សម្ដេចបានគូសបញ្ជាក់ថាការពាររាល់កិច្ចប្រជុំនានាដែលកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានប្ដូរវេន និងកិច្ចប្រជុំអន្តរជាតិផ្សេងទៀតនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ក៏ជាភារកិច្ចស្នូល។
សម្ដេចក៏បានផ្ដល់អនុសាសន៍ជូនរដ្ឋបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធអំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ។ ដោយឡែកក្នុងស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនកំពុងមានភាពតានតឹង សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ធានាដល់សុវត្ថិភាពស្ថានទូត ស្ថានតំណាងដែលមានការពាក់ព័ន្ធ និងដែលមាននិវេសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជាដាច់ខាត ដោយមិនត្រូវមើលស្រាលចំពោះជនឱកាសនិយម ឬឧក្រិដ្ឋជនអាចប្រើប្រាស់ឱកាសនេះបង្កបញ្ហាបានឡើយ។ សម្ដេចបន្ថែមថាបញ្ហាអ៊ុយក្រែនបានជះឥទ្ធពលមកដល់កម្ពុជាជាបឋមនេះគឺការឡើងថ្លៃប្រេង ខណៈប្រទេសផ្សេងៗទៀតក៏បានជួបប្រទះបញ្ហានេះដូចគ្នា។
សម្ដេចក៏បានណែនាំរដ្ឋបាលរាជធានីភ្នំពេញខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាយន្តការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងទាមទារការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយទាំង៧ចំណុច។ សម្ដេចក៏បានជំរុញឱ្យខិតខំយកចិត្តទុកដាក់ក្នុងកិច្ចការបង្ការ និងសង្គ្រោះករណីគ្រោះអគ្គិភ័យនៅក្នុងរាជធានីភ្នំពេញដែលជាបញ្ហាប្រឈមមួយ ពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ និងការចូលរួមពីក្រុមស្ម័គ្រចិត្តបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកម្លាំងពន្លត់អគ្គិភ័យ។
ពីវេទិកាអធិបតីនេះដែរ សម្ដេចនៅតែបន្តសង្កត់ធ្ងន់អំពីបញ្ហាគ្រឿញៀន ដោយសម្ដេចបន្ថែមថាមកដល់ពេលនេះ មានសារធាតុគីមីដែលគេអាចផ្សុំជាគ្រឿងញៀន សំយោគប្រមាណជាង៣០០តោនកំពុងត្រូវបានឃាត់ទុកក្នុងឃ្លាំង និងកំពុងរកសារធាតុផ្សេងទៀតមកបន្សាប សារធាតគីមីនោះ មុនពេលយកវាទៅកម្ទេចចោល។ សម្ដេចបន្តថារាជរដ្ឋាភិបាលនៅតែចាត់ទុកការងារបង្ក្រាបគ្រឿងញៀននេះ ជាកិច្ចការអាទិភាព ពីព្រោះវាប៉ះពាល់ដល់ជីវភាពសង្គម និងសេដ្ឋកិច្ច ពិសេសអនាគតយុវជន ខណៈបញ្ហានេះក៏នឹងមិនងាយបញ្ចប់ និងកាន់តែមានភាពស្មុគស្មាញបន្ថែមទៀតនាពេលអនាគត។
ជាមួយគ្នានេះ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យខិតខំរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះមន្រ្តីនគរបាលត្រូវប្រកាន់ខ្ជាប់វិជ្ជាជីវៈការងារ ចំណែកការខិតខំប្រឹងប្រែងរបស់មន្រ្តីមុខងារសាធារណៈពាក់ព័ន្ធ ដូចជាការគ្រប់គ្រងយានយន្តគ្រប់ប្រភេទ ការលើកស្លាកសញ្ញា និងគំនូសផ្លូវនៅក្នុងរាជធានីភ្នំពេញក៏ជាការចាំបាច់។ សម្ដេចថាគំនូសផ្លូវមិនមែនគ្រាន់តែលម្អរផ្លូវប៉ុណ្ណោះទេ ប៉ុន្តែជាគន្លឹះនៃការប្រើប្រាស់ផ្លូវ និងការអនុវត្តច្បាប់របស់មន្រ្តីនគរបាលចរាចរណ៍។ សម្ដេចថានគរបាលចរាចរណ៍នឹងជួបការលំបាក ក្នុងការអនុវត្តការងារប្រសិនបើផ្លូវធ្វើដំណើរ ក្នុងរាជធានីភ្នំពេញមិនមានគំនូសច្បាស់លាស់ទៅតាមច្បាប់។
ដោយឡែកប្រធានបទពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក៏នៅតែរបៀបវារៈ នៃការផ្ដល់អនុសាសន៍ណែនាំបន្ថែម របស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីដែរ ដោយសម្ដេចបានបន្តគូសបញ្ជាក់អំពីការបន្តផ្ទេរមុខងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវពីថ្នាក់ជាតិទៅឱ្យថ្នាក់ក្រោមជាតិ។ សម្ដេចថាការងារនេះចាំបាច់ត្រូវការមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិខិតខំបំពេញការងារដែលបានផ្ទេរមកនោះឱ្យបានល្អដើម្បីបំរើផលប្រយោជន៍ជាតិ និងប្រជាជន ពិសេសស្របតាមសេចក្ដីប្រាថ្នា និងឆន្ទៈធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល។
ដោយឡែកពាក់ព័ន្ធនឹងសំណើរវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ពិសេសពាក់ព័ន្ធនឹងតួនាទីស្មៀន និងក្រុមប្រឹក្សា ឃុំសង្កាត់ ព្រមទាំងសំណើរមួយចំនួនទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញនោះ សម្ដេចក្រឡាហោមបានសម្ដែងការស្វាគមន៍ ទទួលយកមកសិក្សា។ ទន្ទឹមគ្នានេះ សម្ដេចក៏បានផ្ដល់ការណែនាំជាថ្មីទៀត ឱ្យរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ពិសេសរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបំពេញតួនាទីភារកិច្ចប្រកប ដោយការទទួលខុសត្រូវ ពិសេសត្រូវពង្រឹងប្រព័ន្ធទំនាក់ទំនង ការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាល ក្នុងការសម្រេចកិច្ចការផ្សេងៗ ក្នុងដែនដីរដ្ឋបាលរបស់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី













