Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលវៀតណាម បានផ្តល់កិច្ចសហការ ក្នុងការសម្រួលពាណិជ្ជកម្ម ការនាំចេញកសិផលកម្ពុជា តាមបណ្តោយព្រំដែន ក្នុងអំឡុងពេល ដែលប្រទេសទាំងពីរ កំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានថ្លែងថា រដ្ឋាភិបាល និងស្ថានទូតវៀតណាម បានផ្តល់កិច្ចសហការបានល្អប្រសើរ ក្នុងការសម្រួលពាណិជ្ជកម្ម (ការនាំចេញកសិផលកម្ពុជា) តាមបណ្តោយព្រំដែនបានយ៉ាងល្អប្រសើរក្នុងអំឡុងពេល ដែលប្រទេសយើងទាំងពីរ កំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣ មីនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង បានលើកយកប្រធានបទសំខាន់ពីរមកពិភាក្សា និងស្នើសុំអន្តរាគមន៍ពីឯកឧត្តមរដ្ឋមន្រ្តី ៖ ទី១- ពង្រឹង និងពង្រីកកិច្ចសហការលើអនុវិស័យវារីវប្បកម្ម តាមរយ:ការផ្តល់បច្ចេកទេសសមស្រប ទំនើបទាន់សម័យ ធ្វើយ៉ាងណាឲ្យអនុវិស័យមួយនេះមានការរីកចម្រើន និងទី២- ស្នើសុំឲ្យក្រសួង ជួយគាំទ្រឲ្យកាន់តែល្អប្រសើរថែមទៀត ដល់សកម្មភាពវិនិយោគសម្បទានដីសេដ្ឋកិច្ច ជាអាទិ៍៖ ការពិនិត្យ និងវាយតម្លៃលើកផែនការមេ ការចុះបញ្ជីដី និងការធ្វើអនុប្រយោគ។ល។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាល និងស្ថានទូតវៀតណាម បានផ្តល់កិច្ចសហការបានល្អប្រសើរ ក្នុងការសម្រួលពាណិជ្ជកម្ម (ការនាំចេញកសិផលកម្ពុជា) តាមបណ្តោយព្រំដែនបានយ៉ាងល្អប្រសើរក្នុងអំឡុងពេល ដែលប្រទេសយើងទាំងពីរ កំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។ ចំពោះចំណុចទី១ ទាក់ទងនឹងកិច្ចសហការលើអនុវិស័យវារីវប្បកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ដោយសារ លោកបានបញ្ជាក់ថា បច្ចុប្បន្នផលចាប់មច្ឆជាតិពីគ្រប់ប្រភពធម្មជាតិបាននិងកំពុងមានការធ្លាក់ ចុះជាបន្តបន្ទាប់។ ផ្ទុះទៅវិញកំណើននៃបរិមាណបរិភោគចេះតែកើនឡើង ហេតុនេះរាជរដ្ឋា ភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានផ្តល់អាទិភាពលើការអភិវឌ្ឍអនុវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ធ្វើយ៉ាងណាបង្កើនបរិមាណផ្គត់ផ្គង់ផលត្រី ឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការ ទាំងបរិភោគ គុណភាព និងសុវត្ថិភាព តាមរយ:ការពង្រឹង គាំទ្រ និងលើកទឹកចិត្តដល់វារីវប្បករឲ្យប្រើប្រាស់បច្ចេកទេសបង្កាត់ ជ្រើសរើសពូជ ចំណី និងបរិស្ថានចិញ្ចឹម។ល។

ដោយឡែកចំពោះចំណុចទី២ ឯកឧត្តមរដ្ឋមន្ត្រី នៅចំពោះមុខឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវខុសរបស់ក្រុមហ៊ុន ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចយកទៅវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម (កៅស៊ូ អាកាស្យា ប្រេងខ្យល់ ចេក ស្វាយចន្ទី និងដំណាំឈើហូបផ្លែមួយចំនួនទៀត) ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយបានធ្វើការនាំចេញទៀតផង។ ព្រមជាមួយគ្នានេះ ក៏មានក្រុមហ៊ុនមួយចំនួនតូច មានភាពអសកម្ម ដោយមិនបានគិតគូ យកចិត្តទុកដាក់អនុវត្តតាមផែនការមេ ការចុះញ្ជីដី ឬអនុវត្តកិច្ច សន្យាដែលបានចុះហត្ថលេខាជាមួយក្រសួង។ល។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រមហ៊ុនត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវស្របតាមផែនការមេ ដែលក្រសួងបានអនុម័ត ហើយត្រូវពង្រឹងការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ ចូលរួមសហការឲ្យបានពេញ លេញជាមួយលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច និងត្រូវចូលរួមសហការការពារ ទប់ស្កាត់រាល់សកម្មភាពទន្រ្ទានកាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់។ ដោយឡែក ក្រសួងនឹងរង់ចាំផ្តល់កិច្ច សហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឲ្យការវិនិយោគសម្រេចទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យានឹងខិតខំពង្រឹង និងពង្រីកកិច្ចសហការ លើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ប្រយោជន៍ដើម្បីកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×