Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់កហើយ! អាល្លឺម៉ង់​រឹបអូស​យក superyacht របស់​មហាសេដ្ឋី​រុស្ស៊ី​តម្លៃ ៦០០ លាន​ដុល្លារ

ទស្សនាវដ្ដី Forbes បាននិយាយថា លោក Alisher Usmanov ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មដោយសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ហើយពីរថ្ងៃក្រោយមក នាវាកម្សាន្ត Dilbar ប្រវែង ១៥៦ ម៉ែត្រ ដែលមានតម្លៃជិត ៦០០ លានដុល្លារ របស់មហាសេដ្ឋីរុស្ស៊ីរូបនេះ ត្រូវបានរឹបអូសដោយអាជ្ញាធរអាល្លឺម៉ង់នៅទីក្រុង Hamburg។

Dilbar បានស្ថិតនៅក្នុងកន្លែងផលិតកប៉ាល់ Hamburg នៃ Blohm + Voss (ប្រទេសអាល្លឺម៉ង់) ចាប់តាំងពីចុងខែតុលា ឆ្នាំមុន ដើម្បីធ្វើការជួសជុល។ តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអាល្លឺម៉ង់ “បានបង្កក” ទូកទេសចរណ៍នេះ ដែលបណ្តាលឱ្យកម្មករឈប់ធ្វើការនៅថ្ងៃទី២ ខែមីនា។

តំណាង Blohm + Voss និង Mr. Usmanov មិនបានឆ្លើយតបនោះទេ នៅពេលទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ។

លោក Usmanov បានទិញ Dilbar ពីក្រុមហ៊ុន Lürssen Shipbuilding (ប្រទេសអាល្លឺម៉ង់) ក្នុងឆ្នាំ ២០១៦ បន្ទាប់ពីបានផ្លាស់ប្ដូរតាមបំណងជាង ៥២ ខែ។ ក្រុមហ៊ុន​ហៅ​​កប៉ាល់នេះ​ថា​ជា ​«​សំណង់ស្មុគស្មាញបំផុតមួយ​»។ កប៉ាល់មានទម្ងន់ 15,917 តោន នេះត្រូវបានចាត់ទុកថាជាទូកចតធំជាងគេបំផុតនៅលើពិភពលោក ដោយទម្ងន់សរុបរបស់វា និងត្រូវការនាវិកចំនួន ៩៦ នាក់ ដើម្បីដំណើរការ។

Dilbar មានអាងហែលទឹកដ៏ធំបំផុត មិនធ្លាប់មាន នៅលើវាអាចផ្ទុក ឧទ្ធម្ភាគចក្រ ២ គ្រឿង សូណា ស្ប៉ា និងកន្លែងហាត់ប្រាណ។

លោក Usmanov បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើនក្នុងវិស័យផ្សេងៗដូចជាការរុករករ៉ែ គ្រឿងអេឡិចត្រូនិក ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ។

នៅថ្ងៃទី១ ខែមីនា លោក Usmanov បានប្រតិកម្មទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងគាត់ ដោយគាត់បាននិយាយថា “ខ្ញុំជឿថាការសម្រេចចិត្តបែបនេះគឺអយុត្តិធម៌ … ដែលធ្វើឱ្យខូចកិត្តិយស សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្ញុំយ៉ាងខ្លាំង”។

ដោយឡែក មហាសេដ្ឋីរុស្ស៊ី Bloomberg ក៏ត្រូវបានគេរាយការណ៍ថា កំពុងធ្វើដំណើរតាមកប៉ាល់ទៅកាន់ ម៉ាល់ឌីវ និងស៊ីស្ហែល បន្ទាប់ពីទទួលបានការព្រមានពីប្រធានាធិបតីអាមេរិក Joe Biden ថាទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុប នឹងស្វែងរកការរឹបអូសទ្រព្យសម្បត្តិរួមទាំងទូក និងផ្ទះល្វែងប្រណីត និងព្រមទាំងយន្តហោះឯកជនរបស់ពួកគេ។

យោងតាមគេហទំព័រ SuperyachtFan.com បានឲ្យដឹងថា កប៉ាល់ធំជាងគេចំនួន ៤ នៅក្នុងប្រទេសម៉ាល់ឌីវ បច្ចុប្បន្ន ជាកម្មសិទ្ធិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី ហើយក្នុងនោះទូកក្តោងមហាសមុទ្រ ប្រវែង ១៤០ ម៉ែត្រ ជាកម្មសិទ្ធិរបស់មហាសេដ្ឋីដែក Victor Rashnikov ។

ចំណែកមហាសេដ្ឋី Roman Abramovich ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏លក់អចលនទ្រព្យនៅទីក្រុងឡុងដ៍ – អង់គ្លេស សូម្បីតែក្លឹបបាល់ទាត់ Chelsea របស់គាត់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×