រដ្ឋធានីគៀវ ៖ ចាប់តាំងពី ក្រុងមូស្គូ បានចាប់ផ្ដើម ធ្វើសង្គ្រាមវាយលុក ឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ មានសេចក្ដីរាយកាណ៍ថា កងទ័ពរុស្ស៊ី ជាង៧ ០០០នាក់ បានបាត់បង់ជីវិត និង រាប់រយនាក់ផ្សេងទៀត ត្រូវចាប់ជាឈ្លើយសឹក ដោយរួមទាំងមេបញ្ជាការជាច្រើននាក់ទៀតផ ហើយជនស៊ីវិល បានស្លា.ប់កើន ដល់២២៧នាក់។

សារព័ត៌មាន CDE បានចេញផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ថា លោក អូឡេកស៊ីយ អារ៉េស្ដូវិច (Oleksiy Arestovich) ទីប្រឹក្សាយោធារបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡែនស្គី បានបញ្ជាក់ កាលពីថ្ងៃពុធ ទី២ ខែមីនា ថា កងទ័ពរុស្ស៊ី ជាង៧ ០០០នាក់ ត្រូវបានស.ម្លាប់ ចាប់តាំងពីការចាប់ផ្ដើម ធ្វើសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។ ដោយឡែក ទាហានរុស្ស៊ី រាប់រយនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ជាឈ្លើយសឹក ដោយរួមទាំងមន្រ្ដីយោធាជាន់ខ្ពស់ជាច្រើននាក់ ផងដែរ។
លោកទីប្រឹក្សាយោធារបស់ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៅកាន់សន្និសីទ តាមទូរទស្សន៍ ថា មេបញ្ជាការយោធារុស្ស៊ី ត្រូវបានបញ្ជូនទៅកាន់ប្រទេសបេឡារុស ក្រោយពេលរងរបួសធ្ងន់។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ថា ជនស៊ីវិល ចំនួន២៧៧នាក់ ត្រូវបានសម្លាប់ និង ៥២៥នាក់ផ្សេងទៀតរងរបួស នៅក្នុងប្រទេសអ៊ុយក្រែន គិតត្រឹមពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី១ ខែមីនា ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានមក។

ដោយឡែក នៅឯក្រុងវ៉ាស៊ីនតោន ឯណោះវិញ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខែន (Antony Blinken) បានបញ្ជាក់ថា ការវាយលុករបស់រុស្សី បង្កការខូចខាតដល់គោលដៅ ដែលមិនមែនជាយោធា។ ប៉ុន្តែករណីនេះ មិនបាននិយាយទាំងស្រុងថា ក្រុងមូស្គូ មានចេតនាវាយប្រហារ ទៅលើជនស៊ីវិល នោះដែរ។
លោករដ្ឋមន្រ្ដី បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា «យើងកំពុងតែពិនិត្យមើលយ៉ាងដិតដល់នូវអ្វី ដែលកំពុងតែកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន នាពេលនេះ រួមទាំងអ្វីដែលកំពុងកើតឡើង ចំពោះជនស៊ីវិល។ ជាមួយគ្នានេះ យើងកំពុងតែពិចារណាលើសង្គ្រាមនេះ ហើយ យើងក៏កំពុងតែចងក្រងឯកសារ ហើយយើងចង់ធានាថា រឿងរ៉ាវទាំងអស់ នឹងត្រូវយកមកពិនិត្យ និងគិតគូរ»៕រក្សាសិទ្ធិដោយ ៖ សារាយSN







