Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលជប៉ុន អនុញ្ញាតឱ្យកម្មសិក្សាការី-ពលករជំនាញខ្មែរ ចូលប្រទេសជប៉ុនឡើងវិញ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី នីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន ស្របតាមវិធានការព្រំដែនថ្មី របស់រដ្ឋាភិបាល នៃប្រទេសជប៉ុន។

ក្រសួងការងារ បានអះអាងថា រដ្ឋាភិបាលជប៉ុន បានសម្រេចអនុញ្ញាតឱ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះតទៅ ដោយត្រូវអនុវត្តទៅតាមនីតិវិធីមួយចំនួន។

ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវ ៖ ១) សហការជាមួយក្រុមហ៊ុនទទួល ឬសមាគមនៅប្រទេសជប៉ុន ដើម្បីស្នើសុំលិខិតអនុញ្ញាតបន្ថែម សម្រាប់កម្មសិក្សាការី-ពលករជំនាញ ចូលប្រទេសជប៉ុន តាមរយៈប្រព័ន្ធ Entrants, Returnees Follow-up System របស់ប្រទេសជប៉ុន ។ ២) បន្ទាប់មក ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតនេះសម្រាប់កម្មសិក្សាការី-ពលករជំនាញ នៅពេលស្នើសុំទិដ្ឋាការជូនកម្មសិក្សាការី-ពលករជំនាញ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

កម្មសិក្សាការី-ពលករជំនាញត្រូវ ៖ ១) ត្រូវមានវិញ្ញាបនបត្របញ្ជាក់ថាគ្មានមេរោគកូវីដ-១៩ រយៈពេល៧២ម៉ោង មុនចេញដំណើរ។ ២) បំពេញកិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ដែលតម្រូវដោយរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន មុនពេលចាកចេញទៅប្រទេសជប៉ុន។ ៣) ទាញយកកម្មវិធី Covid-19 Contact-Confirming Application ទៅក្នុងទូរស័ព្ទដៃ និងចុះឈ្មោះក្នុងកម្មវិធី មុនពេលចាកចេញទៅប្រទេសជប៉ុន។ ៤) ផ្ដល់កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅអាកាសយានដ្ឋានប្រទេសជប៉ុន។ ៥) អនុវត្តវិធានការរបស់រដ្ឋាភិបាលជប៉ុនដូចខាងក្រោម ៖ – អ្នកបានចាក់វ៉ាក់សាំង ដែលទទួលស្គាល់ដោយប្រទេសជប៉ុនចំនួន ៣ ដូស ៖ ត្រូវធ្វើចត្តាឡីស័កចំនួន ៣ ថ្ងៃ នៅកន្លែងខ្លួនឯង និងធ្វើតេស្តរកមេរោគកូវីដ១៩ នៅថ្ងៃទី៣។ – អ្នកមិនបានចាក់វ៉ាក់សាំង ដែលទទួលស្គាល់ ដោយប្រទេសជប៉ុនចំនួន ៣ ដូស ៖ ត្រូវធ្វើចត្តាឡីស័កចំនួន ៣ ថ្ងៃនៅកន្លែងដែលកំណត់ ដោយការិយាល័យចត្តាឡីស័ក មិនអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយ ធ្វើដំណើរសាធារណៈ និងធ្វើតេស្តរកមេរោគកូវីដ១៩ នៅថ្ងៃទី៣។

ក្រសួងការងារ បានបញ្ជាក់ថា ក្នុងករណីដែលកម្មសិក្សាការី-ពលករជំនាញ មិនអនុវត្តតាមគោលការណ៍ណែនាំ នៅប្រទេសជប៉ុន អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសជប៉ុន នឹងចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×