ភ្នំពេញ ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ មានសន្ទុះវិជ្ជមានឡើងវិញ បន្ទាប់ពីមានការថមថយ ៣ សប្តាហ៍ជាប់គ្នា ដោយភ្ញៀវសរុបមានចំនួន១៩៩,៤២៩នាក់ ក្នុងនោះភ្ញៀវជាតិ១៨៨,៣៣៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,០៩១នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖ ខេត្តព្រះសីហនុ ៤០,០១២នាក់ , រាជធានីភ្នំពេញ ២៤,១០១នាក់ , ខេត្តពោធិ៍សាត់ ២៣,៥១៨នាក់ , ខេត្តបាត់ដំបង ២០,៥៩០នាក់ , ខេត្តកំពត ១៩,៣៦១នាក់ , ខេត្តសៀមរាប ១៨,៦០៩នាក់ , ខេត្តកែប ៦.៣១៦នាក់ , ខេត្តកំពង់ស្ពឺ ៥,៨៧៧នាក់ និង ខេត្តមណ្ឌលគិរី ៥,០៣១នាក់។

ឯកឧត្ដម ថោង ខុន បានអះអាងថា ចរន្តភ្ញៀវទេសចរក្នុងសប្តាហ៍នេះ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ២០.៨៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។
ជាមួយអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលមានលក្ខណៈថមថយខ្លះធៀបនឹងសប្តាហ៍កន្លងមក ភ្ញៀវទេសចរបានចាប់ផ្តើមដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍តាមខេត្តឡើងវិញជាបណ្តើរៗ ប៉ុន្តែតាមការសង្កេតជាក់ស្តែង ចរន្តភ្ញៀវពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក៏នៅមិនទាន់មានចំនួនច្រើននៅឡើយ ធៀបនឹងរយៈពេលមុនមានការកំរើកឡើង នៃវីរុសប្រភេទអូមីក្រុង។ បើសិនជានិន្នាការ នៃការរីករាលដាលនៃ អូមីក្រុង បន្តថមថយចុះ ចរន្តភ្ញៀវទេសចរផ្ទៃក្នុង នឹងមានភាពផុសផុលត្រលប់មកវិញ ពិសេសអាចវិលទៅរកស្ថានភាព មុនការកម្រើកនៃប្រភេទអូមីក្រុងនេះ ដូចកាលពីកំឡុងចុងខែមករា និងដើមខែកុម្ភៈកន្លងមក។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយកចិត្តទុកដាក់ខ្លាំងជាមុន ពិសេសការអនុវត្តវិធានការជាមូលដ្ឋាន «៣កុំ និង ៣ការពារ» ដោយបារម្ភខ្លាចប្រភេទអូមីក្រុង ដែលមានការចម្លងលឿន។
ក្រសួងទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាលនៅតែបន្តសហការជាមួយមន្ទីរ និងស្ថាប័នពាក់ព័ន្ធខិតខំ ជំរុញការអនុវត្តន៍វិធានការ៣កុំ និង៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និង SOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









