រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ រុស្ស៊ីកំពុងតែបង្កើនការវាយប្រហារយ៉ាងខ្លាំង ទៅលើរដ្ឋធានី និង ទីក្រុងនានារបស់ប្រទេសអ៊ុយក្រែន ទើបក្រុមតំណាងរាស្រ្ដរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានសន្យា ផ្ដល់ជំនួយទាំងវិស័យយោធា និង មនុស្សធម៌ ចំនួន១០ពាន់លានដុល្លារ ទៅឲ្យប្រធានាធិបតីអ៊ុយក្រែន។

សារព័ត៌មាន CNA បានចេញផ្សាយថា ក្រុមសមាជិកសភាសហរដ្ឋអាមេរិក បានសន្យា នៅក្នុងការហៅតាមវីដេអូមួយ កាលពីថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២ ជាមួយនឹងលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន ថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយចំនួន ១០ពាន់លានដុល្លារបន្ថែមទៀត ខណៈប្រទេសអឺរ៉ុបខាងកើតមួយនេះ ត្រូវបានឡោមព័ទ្ធ និងកំពុងតែរងនូវការវាយប្រហារយ៉ាងសន្ធាប់ ពីកងទ័ពរុស្ស៊ី។ ជំនួយទាំង១០ពាន់លានដុល្លារនោះ គឺពាក់កណ្ដាល សម្រាប់វិស័យយោធា និង ពាក់កណ្ដាល សម្រាប់មនុស្សធម៌។
នៅក្នុងការអំពាវនាវទៅកាន់ក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិក ទាំង២គណបក្សនោះ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានរំឭកឡើងវិញនូវការអង្វររបស់លោក សម្រាប់ការផ្ដល់យន្តហោះចម្បាំងផលិតដោយរុស្ស៊ី សម្រាប់ជួយដល់ប្រទេសរបស់លោក នៅក្នុងការប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ក្រុងមូស្គូ។ ការអំពាវនាវរបស់លោកប្រធានាធិបតី ហ្សេឡែនស្គី បានកើតឡើង ចំពេលរុស្ស៊ី កំពុងតែប្ងកើនការវាយសង្គ្រប់យ៉ាងខ្លាំង មកលើប្រទេសអ៊ុយក្រែន។
លោក ឈុក ស្កូមើរ (Chuck Schumer) មេដឹកនាំ ភាគច្រើន នៃសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ត្រូវបានដកស្រង់សម្តី ដោយប្រភពព័ត៌មានមួយរាយការណ៍ អំពីការអំពាវនាវនេះ បានអះអាងថា គណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ «កំពុងធ្វើការយ៉ាងខ្លាំង» ឆ្ពោះទៅរកការអនុម័តកញ្ចប់ជំនួយមានទឹកប្រាក់ដ៏ច្រើនលើសលប់នេះ។

លោក ឈុក ស្កូមើរ (Chuck Schumer) បានបញ្ជាក់ថា «យើងនឹងអនុម័តលើជំនួយ ចំនួន១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយផ្ដោតលើសេដ្ឋកិច្ច មនុស្សធម៌ និង សន្ដិសុខ សម្រាប់ប្រជាជនអ៊ុយក្រែន ឲ្យបានលឿន។ កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សទាំងនេះ ត្រូវបានគូសបញ្ជាក់ ដោយសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ លោក ស្ទេវ ដេនស៍ (Steve Daines) បន្ទាប់ពីមានការអំពាវនាវថា សមាជិកសភា ត្រូវរួបរួមគ្នា នៅក្នុងការគាំទ្ររបស់យើង សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន»។
លោក ស្ទេវ ដេនស៍ (Steve Daines) បានបញ្ជាក់ថា «យើងត្រូវតែអនុម័តកញ្ចប់ថវិកាជំនួយ ១០ពាន់លានដុល្លារសហរដ្ឋអាមេរិកនេះ។ នៅក្នុងជំនួយទាំងនេះ គឺពាក់កណ្ដាល សម្រាប់ជួយដល់មនុស្សធម៌ និង ពាក់កណ្ដាលទៀត សម្រាប់ជាជំនួយយោធា៕រក្សាសិទ្ធិដោយ ៖ សារាយSN
















