ភ្នំពេញ ៖ ស្នាក់ការសាខាគយ និងរដ្ឋាករខេត្តព្រៃវែង បានរង់ការចោទប្រកាន់ពីក្រុមឈ្មួញ និងអាជីវករម្ចាស់រយន្តដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ខេត្តព្រៃវែងថា បើទោះបីពួកគេដឹកជញ្ជូនទំនិញ ដែលបង់ពន្ធនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏នៅតែបង់លុយនៅស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែងមួយតង់ទៀត។ រថយន្តដឹកទំនិញទាំងធំទាំងតូច បានចតនៅមុខស្នាក់ការសាខាគយខេត្តព្រៃវែង ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ហើយម្ចាស់រយន្តឬព្រូរថយន្ត យកលុយទៅបង់ឲ្យមន្រ្តីគយ ដោយមិនទទួលបានបង្កាន់ដៃ ឬវិក្កយបត្របង់លុយត្រឹមត្រូវនោះទេ។
ចំណែកមន្រ្តីគយដែលអង្គុយចាំប្រមូលលុយ ពីក្រុមឈ្មួញ បានលើកឡើងថា ពួកគេធ្វើតាមបញ្ជារបស់លោក មួង ដារ៉ា ដែលជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង។

ប្រភពដដែលបានឲ្យដឹងទៀតថា សព្វថ្ងៃមានមនុស្សក្មេងៗស្លៀកពាក់ស៊ីវិល ៣ ទៅ៤នាក់ អង្គុយចាំយកលុយពីម្ចាស់រថយន្ត ឬព្រូរថយន្តដឹកទំនិញ ទាំងថ្ងៃទាំងយប់។ សម្រាប់ទំនិញក្នុងមួយរថយន្តត្រូវបង់លុយចាប់ពី១០ម៉ឺនរៀលឡើងតាមរថយន្តតូច ឬធំ មិនអាចខកបានឡើយ ប្រសិនបើចង់ឲ្យអាជីវកម្មរបស់ខ្លួនអាចដំណើរការបានរលូន។ ក្រៅពីនេះក្រុមឈ្មួញធំៗខ្លះមកជួបមន្រ្តីគយនៅស្នាក់ការសាខាគយខេត្តព្រៃវែងជាមុន ដើម្បីឲ្យរថយន្តដឹកទំនិញរបស់ពួកគេមិនពិបាកឈប់បង់លុយដូចឈ្មួញដទៃទៀត។ ចំពោះឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ត្រូវតែបង់លុយតាមការកំណត់ ប្រសិនបើមិនចង់ប្រឈមនឹងការគាបសង្កត់ឬការព្រមានពីមន្រ្តីគយ ក្រោមបញ្ជាលោក មួង ដារ៉ា ទេនោះ។
ទាក់ទងករណីខាងលើនេះ លោក មួង ដារ៉ា ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង មិនអាចសុំការអត្ថាធិបប្បាយបានទេ កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ៕ រក្សាសិទ្ធិដោយ ៖ CEN

