រដ្ឋធានីគៀវ ៖ ស្របពេលរុស្ស៊ីបង្កើនការវាយប្រហារយ៉ាងសន្ធាប់ ទៅលើប្រទេសអ៊ុយក្រែន កាន់តែមានសភាពខ្លាំងក្លាឡើងនោះ ក៏មានសំណួរជាច្រើន បានចោទសួរថា តើអង្គការណាតូ នឹងហក់ចូលទៅក្នុងសង្គ្រាមនេះ ដែរឬទេ?
សារព័ត៌មាន Al Jazeera បានចេញផ្សាយ ថា ក្រុមរដ្ឋមន្រ្ដីក្រសួងការបរទេស នៃប្រទេសជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស ឬអូតង់ តាមភាសាបារាំង) បានជួបគ្នា នៅក្នុងទីក្រុងប្រូសសែលស៍ (Brussels) ដើម្បីបើកកិច្ចប្រជុំកំពូលមួយ ស្ដីពីសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។

សម្ពន្ធមិត្តអង្គការណាតូ បានបញ្ជាក់ថា អង្គការណាតូ នឹងមិនចូលពាក់ព័ន្ធ នៅក្នុងសង្គ្រាមនេះ។ ប៉ុន្ដែណាតូ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់សង្គ្រាម ក្រោយពេលរុស្ស៊ីចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ សម្ពន្ធមិត្តរបស់អង្គការនេះ បានជំរុញឲ្យមានការដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើងបន្ថែមទៀត ទៅលើលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី និង អ្នកជុំវិញគាត់ ពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ស្របគ្នានេះដែរ សហរដ្ឋអាមេរិក ក៏នឹងបន្ដដាក់ទណ្ឌកម្ម ទៅលើពួកមហាសេដ្ឋីនានា ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងវិមានក្រឹមឡាំង។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ឃើញ មានសញ្ញាណាមួយ ជំរុញឲ្យលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអ៊ុយក្រែន នោះដែរ។
លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា អង្គការ NATO មិនចង់ប្រឈមមុខដាក់គ្នាជាមួយទីក្រុងមូស្គូ នោះទេ ប៉ុន្តែណាតូ បានត្រៀមខ្លួនជាស្រេច ប្រសិនបើជម្លោះនោះ បន្ដកើតឡើង។

រហូតមកដល់ពេលនេះ សម្ពន្ធមិត្តណាតូ បានបញ្ជូនគ្រឿងយុទ្ធោបករណ៍ និង យន្ដហោះចម្បាំង មានតម្លៃជាង៥៥៩លានដុល្លារ ខណៈសហរដ្ឋអាមេរិក បានបញ្ជូនគ្រឿងសឹក មានតម្លៃ ៣៥០លានដុល្លារ ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ដោយឡែក ធនាគារពិភពលោក បានរៀបចំកញ្ចប់ថវិកា ចំនួន៣ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន ដោយរួមទាំងមូលនិធិបន្ទាន់ ចំនួន៣៥០លានដុល្លារ ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN










