Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនជប៉ុន និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វិនិយោគ ៤០លានដុល្លារ ស្ថាបនារោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ចែកចាយនៅភាគខាងត្បូង និងខាងលិចរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅភាគខាងត្បូង និងភាគខាងលិចផ្លូវជាតិលេខ ២ (ម្ដុំរង្វង់មូលកួរស្រូវ) នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ ព្រោះពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនជប៉ុន លើកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយទៀត នៅក្រុងតាខ្មៅ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីពង្រីកនូវការផ្គត់ផ្គង់ទឹក នៅតំបន់ភាគខាងត្បូង និងខាងលិចរាជធានីភ្នំពេញ។

គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសហការជាមួយក្រុមហ៊ុន KKKCT Consortium ទាំងដំណើរការសាងសង់ និងផ្គត់ផ្គង់ទឹករហូតដល់ ១០ឆ្នាំ មុននឹងប្រគល់រោងចក្រទាំងស្រុងឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រប់គ្រងផ្ទាល់វិញ ពោលគឺក្រោយពេលបញ្ចប់ដំណើរការសាងសង់ ក្រុមហ៊ុន KKKCT Consortium ត្រូវដំណើរការផលិតទឹកស្អាត និងលក់ដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងតម្លៃមិនលើសពី ៥០០រៀល ក្នុងមួយម៉ែត្រគូប សម្រាប់រយៈពេលរយៈ១០ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ បន្ទាប់មកនឹងប្រគល់រោងចក្រឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមកគ្រប់គ្រងវិញ។

គម្រោងនេះ ត្រូវបានចុះហត្ថាលេខាលើកិច្ចសន្យាពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KKKCT Consortium នាថ្ងៃទី៧ មីនា ឆ្នាំ២០២២ ដោយ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, លោក ឡុង ណារ៉ូ បានឱ្យដឹងថា គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងតាខ្មៅ និងអាចទៅដល់ប្រជាពលរដ្ឋរស់នៅភាគខាងត្បូងជាប់ផ្លូវជាតិលេខ ឬម្ដុំកួរស្រូវទៀតផង មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងជំរុញឱ្យប្រជាពលក្រីក្រ មានលទ្ធភាពតបណ្តាញទឹកស្អាតទៅប្រើប្រាស់។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងទៀតថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះ ប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣ ៤២១ លានយ៉េន ឬប្រមាណ៣០លានដុល្លារអាមេរិក។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចំណាយថវិកាបន្ថែមប្រមាណ១០លានដុល្លារទៀត ដើម្បីពង្រីកបណ្តាញមេនាំទឹក និងបណ្តាញចែកចាយទឹកផងដែរ។

លោកអគ្គនាយក បានមានប្រសាសន៍ថា ខ្ញុំមានជំនឿថា នេះគឺជាកិច្ចសហប្រតិបត្តិការ និងជាជោគជ័យបំផុត នៅក្នុងការរកស៊ី និងជាមិត្តភាពមួយយូរអង្វែង និងការពង្រីកសមត្ថភាពធនធានមនុស្ស ឱ្យកាន់តែមានកម្រិតយល់ដឹងពីដំណើរការ និងការថែទាំប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតនៅក្នុងរដ្ឋាករទឹកកម្ពុជា ឱ្យកាន់តែមានលក្ខណៈប្រសើរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×