Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ មន្ទីរបញ្ចកោណ ៖ សហរដ្ឋអាមេរិក កំពុងតែទាក់ទង ជាមួយរដ្ឋាភិបាលប៉ូឡូញ ក្នុងការបញ្ជូនយន្តហោះ ទៅឲ្យប្រទេសអ៊ុយក្រែន

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ នៅតាម Email កាលពីល្ងាច ថ្ងៃទី៨ ខែមីនា ថា សហរដ្ឋអាមេរិក «ឥឡូវនេះកំពុងតែទាក់ទងជាមួយរដ្ឋាភិបាលប៉ូឡូញ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ បានចេញផ្សាយ នៅថ្ងៃនេះ»។ ការសម្រេចចិត្តនេះ គឺអាស្រ័យទៅលើប្រទេសប៉ូឡូញ នៅក្នុងការបញ្ជូនយន្តហោះទាំងនោះ ទៅឲ្យប្រទេសអ៊ុយក្រែន។ ចំណែកសហរដ្ឋអាមេរិក ក៏នឹងបន្ដពិភាក្សាជាមួយនឹងប៉ូឡូញ និង សម្ពន្ធមិត្តរបស់អង្គការណាតូ អំពីបញ្ហានេះផងដែរ។

ការប្រកាសរបស់ប៉ូឡូញ បានកើតឡើង ចំពេលមានការសន្ទនាគ្នាយ៉ាងតានតឹង អស់រយៈពេលមួយសប្តាហ៍កន្លងមកហើយ រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីស្វែងរកវិធីសាស្រ្ដដ៏ល្អបំផុត នៅក្នុងការផ្តល់ជំនួយ តាមផ្លូវអាកាស ទៅដល់ប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់លោកខាងលិច ត្រូវបានរុស្ស៊ី ព្រមានថា ការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសអ៊ុយក្រែន នឹងបង្កើនភាពតានតឹង កាន់តែខ្លាំង ហើយក្រុងមូស្គូ បានចាត់ទុកសកម្មភាពបែបនេះ ជាការបង្កហេតុ។ .

បើតាមកម្លាំងកងទ័ពអាកាសពិភពលោក បានឲ្យដឹងថា ប្រទេសប៉ូឡូញ មានយន្ដហោះចម្បាំង ប្រភេទ MiG-29 ផលិត នៅក្នុងសម័យសហភាពសូវៀត សរុប ចំនួន២៧គ្រឿង។ ការប្រគល់យន្ដហោះទាំងអស់របស់ប៉ូឡូញ នឹងជួយឲ្យប្រទេសអ៊ុយក្រែន មានកម្លាំងទ័ពអាកាសខ្លាំងក្លា អាចទប់ទល់នឹងរុស្ស៊ី បាន។ ជាមួយគ្នានេះ អាកាសយានិកកងទ័ពអាកាសរបស់អ៊ុយក្រែន សុទ្ធតែធ្លាប់ទទួលបានការបណ្ដុះបណ្ដាល បើកបរយន្ដហោះប្រភេទនេះ តាំងពីសម័យសូវៀត មកម៉្លេះ។

ដោយឡែក ប៉ូឡូញ វិញ ក្រោយការផ្ដល់យន្ដហោះចម្បាំង ប្រភេទ MiG-29 ទាំងអស់របស់ខ្លួន ទៅឲ្យសហរដ្ឋអាមេរិក សម្រាប់យកទៅជួយប្រទេសអ៊ុយក្រែន រួចមក ប៉ូឡូញក៏នឹងទទួលបានយន្ដហោះចម្បាំងថ្មី ពីសហរដ្ឋអាមេរិក មានដូចជា F-16…ជាដើម។ ចំណែកអាកាសយានិករបស់ប៉ូឡូញ ក៏នឹងត្រូវហ្វឹកហ្វឺន អំពីប្រព័ន្ធបើកបរយន្ដហោះរបស់សហរដ្ឋអាមេរិក ផងដែរ។

លោក Josep Borrell ប្រធានសន្តិសុខសហភាពអឺរ៉ុប បានបញ្ជាក់ភ្លាមៗ ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថា បណ្តាប្រទេស នៅអឺរ៉ុបខាងកើត ដែលនៅតែមានយន្តហោះចម្បាំងផលិតក្នុងសម័យសហភាពសូវៀត បានយល់ព្រមផ្ទេរយន្តហោះប្រភេទនេះ ឲ្យបានលឿន ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×