Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន នៅតែបន្តជួយកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវ:យុវជន និងសុខភាពអនាម័យសហគមន៍

ភ្នំពេញ ៖ ជាការចូលរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឲ្យប្រសើរឡើងដល់សមត្ថភាពយុវជន និងសេវាសុខាភិបាល នៅតាមមូលដ្ឋាន នៃខេត្តព្រះវិហារ និងខេត្តប៉ៃលិន រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយឥតសំណងជាង ១លានដុល្លារអាមេរិក។

ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់លើកកម្ពស់សុខភាពសហគមន៍-អនាម័យ និងការកសាងសមត្ថភាពយុវជននេះ រួមមាន ÷

១- គម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ ឆ្នាំទី៣ ដែលមានថវិកាជំនួយ ៤៤៥,៩៩៤ដុល្លារអាមេរិក, អង្គភាពដែលទទួលជំនួយនេះ គឺអង្គការកុមារឥតព្រំដែន (KnK)។

ក្នុងគម្រោងនេះ អង្គការ KnK នឹងធ្វើបេសកកម្មគាំទ្រដល់យុវជន ជាពិសេស អ្នកដែលទទួលរងការលំបាកដោយសារការងារមិនឋិតថេរ ខ្វះជំនាញជីវិត និងបោះបង់ចោលការសិក្សា។ មជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន ៦ នឹងត្រូវសាងសង់ ព្រមជាមួយនឹងការបំពាក់សម្ភារៈសិក្សា ដើម្បីបណ្ដុះបណ្ដាលជំនាញផ្សេងៗដល់យុវជន។

តាមរយៈការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានភាពប្រសើរជាងមុន ក៏ដូចជាការគាំទ្រយ៉ាងជិតស្និទ្ធដល់យុវជន ធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវជំនាញដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះសម្រាប់ជីវិតកាន់តែប្រសើរនាពេលអនាគត។

២- គម្រោងរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ ឆ្នាំទី៣ ដែលមានថវិកាចំនួន ៦៤៧,៨២៤ដុល្លារអាមេរិក, អង្គភាពដែលទទួលជំនួយ គឺអង្គការ World Vision Japan.(WVJ)។

ក្នុងគម្រោងនេះ អង្គការ WVJ នឹងបន្តផ្តល់វគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ដល់មន្ត្រីសុខាភិបាល និងមន្ត្រីអភិវឌ្ឍន៍ជនបទ ព្រមទាំងសហគមន៍ ក្នុងខេត្តព្រះវិហា ដើម្បីអនុវត្តជួយកុមារឱ្យមានការលូតលាស់ប្រកបដោយសុខភាពល្អ និងភាពរឹងមាំជាងមុន។

សូមបញ្ជាក់ថា ពិធីផ្ដល់ជំនួយថវិកាសម្រាប់អនុវត្តគម្រោងទាំងពីរខាងលើនេះ ធ្វើឡើងក្រោមវត្តមាន លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយចំនួនពីរ នៅស្ថានទូតជប៉ុន នាថ្ងៃរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នេះ បានចាប់ផ្ដើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×