រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តនៅអឺរ៉ុបខាងកើត បានសម្រេចថា នឹងបង្កើនជំនួយ ទាំងជំនួយមនុស្សធម៌ និង គ្រឿងយុទ្ធោបករណ៍ មានទឹកប្រាក់ ប្រហែល១៤ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែរងគ្រោះ ពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
សារព័ត៌មាន Military Times បានចេញផ្សាយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ថា គិតត្រឹម ថ្ងៃអង្គារ ទី៨ ខែមីនា កញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តអឺរ៉ុបខាងកើត បានកើនឡើង ដល់ប្រហែល១៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈសមាជិកសភា បានដាក់ការចាប់អារម្មណ៍ លើការអនុម័តការចំណាយទូទៅរបស់ក្រុងវ៉ាស៊ីនតោន ចំនួន១,៥ពាន់ពាន់លានដុល្លារ។ ជាមួយគ្នានេះ មេដឹកនាំសហរដ្ឋអាមេរិក សង្ឃឹមថា សភាទាំង២បក្ស នឹងអនុម័តនូវកញ្ចប់ថវិកាដ៏ច្រើនមហាសាល នៅចុងសប្តាហ៍នេះ។

សមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ បានប្រមូលផ្តុំគ្នាយ៉ាងរឹងមាំ នៅពីក្រោយជំនួយ សម្រាប់ប្រទេសអ៊ុយក្រែន។ ការព្រមព្រៀង លើកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក បានកើតឡើង ក្រោយពេលលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបើកប្រតិបត្ដិការយោធាទ្រង់ទ្រាយធំ វាយលុកចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នា២០២២។ សង្គ្រាមរបស់លោក ពូទីន បាន និង កំពុងតែជំរុញឲ្យមានវិបត្ដិជនភៀសខ្លួន កាន់តែអាក្រក់បំផុត នៅតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
ក្រុមអ្នកចរចា បានបញ្ជាក់ថា កញ្ចប់ជំនួយផ្នែកយោធា មនុស្សធម៌ និង សេដ្ឋកិច្ច នៅក្នុងតំបន់អឺរ៉ុប បានកើនឡើង ប្រហែល១៤ពាន់លានដុល្លារ ដោយកើនលើស ពី១២ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ទី៧ ខែមីនា ខណៈលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំ ចំនួន១០ ពាន់លានដុល្លារ កាលពីសប្តាហ៍មុន។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងសេតវិមានថា «យើងនឹងគាំទ្រដល់ប្រជាពលរដ្ឋអ៊ុយក្រែន ប្រឆាំងនឹងការជិះជាន់ ការគាបសង្កត់ និង ការសម្លុតដោយអំពើហិង្សា»។
ការរួបរួមគ្នា រវាងគណបក្សទាំង២របស់សហរដ្ឋអាមេរិក នៅពីក្រោយកញ្ចប់ជំនួយ សម្រាប់ប្រទេសអ៊ុយក្រែន គ្រាន់តែជាការបង្ហាញ ពីឆន្ទៈតែមួយរបស់សភា នៅក្នុងការជួយដល់ប្រទេសអឺរ៉ុប មួយនេះ។ កញ្ចប់ជំនួយដ៏មហាសាលពីសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នឹងជួយដល់ប្រទេសអ៊ុយក្រែន អាចមានលទ្ធភាពទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយនឹងធ្វើឲ្យក្រុងមូស្គូ ជាប់ផុត នៅក្នុងសង្គ្រាមនេះ។
ទោះជាយ៉ាងនេះក្ដី សមាជិសភា មកពីគណបក្សសាធារណរដ្ឋ បានចោទប្រកាន់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង អង្គការណាតូ អំពីការធ្វើសកម្មភាពយឺតយ៉ាវ នៅក្នុងការជួយដល់ប្រទេសអ៊ុយក្រែន និង ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន។
ដោយឡែក គណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ថា ពេលវេលាចាំបាច់ សម្រាប់ការនាំសម្ព័ន្ធមិត្តអឺរ៉ុប បញ្ចៀសនូវការពឹងផ្អែកយ៉ាងខ្លាំង ទៅលើប្រភពថាមពលរបស់រុស្ស៊ី។ ជាមួយគ្នានេះ គណបក្សទាំង២របស់សហរដ្ឋអាមេរិក ក៏នឹងជំរុញដល់ការហាមឃាត់នូវការនាំចូលប្រេង ពីរុស្ស៊ី ថែមទៀតផង៕ រក្សាសិទ្ធិដោយ ៖ សារាយ SN







