Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បដិសេធការបញ្ជូនយន្ដហោះចម្បាំងប៉ូឡូញ ទៅឲ្យអ៊ុយក្រែន

រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលប៉ូឡូញ បានប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ចំពោះការសម្រេចចិត្តប្រគល់យន្ដហោះចម្បាំងរបស់ខ្លួន ទៅឲ្យមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ប្រគល់ឲ្យអ៊ុយក្រែន នោះមក ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានច្រានចោលសំណើនេះ ដោយអះអាងពីហានិភ័យខ្ពស់ សម្រាប់សម្ពន្ធមិត្តណាតូ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ថា មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានច្រានចោលនូវការផ្តល់ យន្តហោះចម្បាំង MiG-29 របស់ប៉ូឡូញ បញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ប្រគល់ឲ្យប្រទេសអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់សម្ពន្ធមិត្តរបស់អង្គការណាតូទាំងមូល ប្រសិនបើប្រគល់យន្ដហោះចម្បាំងទាំងនោះ ទៅកាន់ប្រទេសអ៊ុយក្រែន។

ប៉ូឡូញ កាលពីថ្ងៃទី៨ ខែមីនា បានចេញសេចក្ដីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងប្រគល់យន្ដហោះចម្បាំងរបស់ខ្លួន ប្រភេទ MiG-29 ផលិតនៅក្នុងសម័យសហភាពសូវៀត ទៅកាន់មូលដ្ឋានកងទ័ពអាកាសសហរដ្ឋអាមេរិក ដើម្បីបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ការប្រកាសរបស់ក្រុងវ៉ាសាវី បានកើតឡើង ចំពេលមានការអំពាវនាវម្តងហើយម្តងទៀត ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ស្នើសុំយន្តហោះចម្បាំងបន្ថែមទៀត សម្រាប់បំពេញតាមតម្រូវការបន្ថែមទៀត ដល់កងកម្លាំងទ័ពអាកាសរបស់ប្រទេសគាត់ ខណៈកំពុងតស៊ូយ៉ាងស្វិតស្វាញ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានផ្ញើសារទៅកាន់សមភាគីប៉ូឡូញ លោក ម៉ារូស ប្លាសហ្សេក (Mariusz Błaszczak) កាលពីព្រឹក ថ្ងៃពុធ ទី៩ ខែមីនា ដោយច្រានចោលសំណើនេះ។

ទោះជាយ៉ាងណា លោក Kirby ក៏បានកោតសរសើរ ចំពោះការប្រើប្រាស់យុទ្ធសាស្ត្ររបស់អ៊ុយក្រែន សម្រាប់ទប់ស្កានឹងការវាយលុករបស់រុស្ស៊ី។ ដោយឡែក ការបញ្ជូនយន្តហោះចម្បាំង ទៅឲ្យអ៊ុយក្រែន ទំនងជាមិនផ្លាស់ប្តូរប្រសិទ្ធភាពរបស់អ៊ុយក្រែន ណាស់ណាមួយនោះឡើយ។

អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានបញ្ជាក់ទៀតថា ការដាក់ពង្រាយយន្តហោះចម្បាំង ដែលគ្រប់គ្រង ដោយប៉ូឡូញ បញ្ជូនទៅកាន់មូលដ្ឋានកងទ័ពអាកាសដ៏សំខាន់របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ ដូចអ្វីដែលទីក្រុងវ៉ាសាវី ស្នើឡើងនោះ អាចនឹងមានហានិភ័យខ្ពស់ណាស់ ហើយវាអាចធ្វើឲ្យរុស្ស៊ីច្រឡំ ថា ជារឿងបន្តភាពតានតឹង។ ករណីននេះ មិនត្រឹមតែ មិនល្អសម្រាប់អង្គការណាតូប៉ុណ្ណោះទេ ប៉ុន្ដែវាកាន់តែមិនល្អសម្រាប់សហរដ្ឋអាមេរិក និង សន្តិសុខជាតិរបស់យើងថែមទៀតផង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×