Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង អគារខ្ពស់ៗជាង១៦០០អគារ និងមានគម្រោងសង់ថ្មីជាង១០០០គម្រោង ក្នុងទំហំទឹកប្រាក់ជាង២,២៦ ពាន់លានដុល្លារ

ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗចំនួន ១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ហើយក្នុងឆ្នាំ ២០២១ កន្លងទៅ យើងទទួលបានតម្រោងសាងសង់ថ្មីៗ ពីវិស័យឯកជន ចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍បន្តទៀតថា “ការបណ្តាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅរាជធានីភ្នំពេញនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿជឿជាក់ ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បី បណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត”។

ឯកឧត្តមអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានបន្តថា ទោះបីក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ វិបត្តិជំងឺកូវីដ-១៩ បានបង្កការគំរាមកំហែងដល់ សេដ្ឋកិច្ចសកល ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងណាក្តី ប៉ុន្ដែ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ខ្ពស់លើបញ្ហាទាំងនេះ និងបានដាក់ចេញនូវវិធានការគាំពារ សំដៅកាត់បន្ថយផលប៉ះពាល់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច រក្សាលំនឹងផលិតកម្ម-អាជីវកម្ម និងបង្កើនភាពធន់ដល់វិស័យឯកជន ហើយរាជរដ្ឋាភិបាល តែងតែចាត់ទុកថា វិស័យឯកជន គឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។

អភិបាលរាជធានីបន្តទៀតថា ទន្ទឹមគ្នានឹងវឌ្ឍនភាព ក៏ដូចជានិន្នាការជាវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើង នូវតម្រូវការសកល និងទំនុកចិត្ត របស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារៈសំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម និងខុនដូទំនើបៗ។

ឯកឧត្តម បានបន្តទៀតថា គម្រោងលំនៅឋាន-ដីឡូតិ៍នានា នឹងរួមចំណែកធ្វើឱ្យភាគខាងលិចឆៀងខាងជើង រាជធានីភ្នំពេញ កាន់តែមានសក្តានុពល ប្រកួតប្រជែងក្នុងវិស័យអចលនទ្រព្យ លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងចូលរួមបំពេញ តម្រូវការទីផ្សារលំនៅឋាន ជូនបងប្អូនប្រជាពលរដ្ឋ កាន់តែមានជម្រើសសម្បូរបែប ស្របពេលដែលតម្រោងអភិវឌ្ឍន៍ ទាំងផ្នែករដ្ឋ និងទាំងផ្នែកឯកជនជាច្រើន កំពុងតម្រង់ឆ្ពោះមករកតំបន់នេះ។

លោកបន្ថែមថា យើងទាំងអស់គ្នា ត្រូវរូបរួមគ្នា ដើម្បីការពារសន្តិភាព ព្រោះថា “សន្តិភាព” មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយដរាបណាយើងមានសន្តិភាព នោះទើបជាតិមាតុភូមិយើងមានការអភិវឌ្ឍរីកចម្រើន ទៅមុខបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×