ភ្នំពេញ ៖ ថ្លែងក្នុងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន , អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានជម្រាបជូនអង្គប្រជុំអំពីទិសដៅអាទិភាព របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលអនុលោមនិងគាំទ្រដល់មូលបទរួមរបស់កម្ពុជាដែលជាប្រធានអាស៊ាន។ អ្នកឧកញ៉ាប្រធាន បានកត់សម្គាល់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែល ”ឈានមុខគេ” ក្នុងការប្រើប្រាស់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដើម្បីនាំផលិតផលស្បែកជើង ទៅកាន់ប្រទេសចិន។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួម និងធ្វើបទអន្តរាគមន៍អំពី ទិសដៅអាទិភាពរបស់ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរួម សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ១២ តាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សាវីនឌើ ស៊ីញ អគ្គលេខាធិការងអាស៊ាន និង ជាប្រធានគណៈកម្មាធិការរួមសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់ នៃប្រទេសសមាជិកអាស៊ាន និងតំណាងពីស្ថាប័នពាក់ព័ន្ធ។
ថ្លែងក្នុងឱកាសនៃ កិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានថ្លែងអំណរគុណដល់ គណៈកម្មាធិការរួម សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានអញ្ជើញក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន ចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ាប្រធាន បានជម្រាបជូនអង្គប្រជុំអំពី ទិសដៅអាទិភាពរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលអនុលោម និងគាំទ្រដល់មូលបទរួមរបស់កម្ពុជា ដែលជាប្រធានអាស៊ាន។

អ្នកឧកញ៉ាប្រធាន បានលើកឡើងពីការចូលរួមរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងការអភិវឌ្ឍសហគ្រាសមីក្រូសហគ្រាសធុនតូច និងមធ្យម ការចូលរួមអនុវត្តក្របខណ្ឌច្រករបៀង នៃការធ្វើដំណើរ អាស៊ាន សេដ្ឋកិច្ចឌីជីថល និងការដោះស្រាយបញ្ហាភស្តុភារនិងខ្សែច្រវាក់ផ្គត់ផ្គង់។ ក្នុងនាមក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន អ្នកឧកញ៉ាប្រធាន បានដាក់ជូននូវរបាយការណ៏អនុសាសន៍ដល់អង្គប្រជុំ ពាក់ព័ន្ធនិងកិច្ចសម្រួលពាណិជ្ជ កម្ម ដែលស្នើឡើងដោយវិស័យឯកជន រួមមានដូចជា៖ ការតម្រូវឲ្យអនុវត្តជាចាំបាច់នូវគោលការណ៍រួមនៃវិធានការមិនមែនពន្ធគយអាស៊ាន ការបង្កើតកិច្ចប្រឹក្សាយោបល់ ដោយក្រុមជំនាញការអំពី វិធានការមិនមែនពន្ធគយ ការធ្វើ បច្ចុប្បន្នភាពនៃទំនិញចាំបាច់ ការជំរុញឲ្យមានការអនុម័ត ជាគោលការណ៍លើកម្មវិធីបញ្ជូនទំនិញដែលមានតម្លៃទាប និង ការបើកូដទំនិញអាស៊ាន (AHTN) ដូចៗគ្នាគ្រប់ប្រទេសអាស៊ានជាដើម។
បន្ថែមពីលើនេះ អ្នកឧកញ៉ាប្រធាន មានប្រសាសន៍ស្វាគមន៍ និងអបរអរសាទរចំពោះការផ្តល់សច្ចាប័នដោយប្រទេសចំនួន១១ ទៅលើកិច្ចព្រមព្រៀង ភាពជាដៃគគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅនេះ និងសង្ឃឹមថាប្រទេសផ្សេងទៀត នឹងផ្តល់សច្ចាប័នក្នុងពេលឆាប់ៗខាងមុខ។
អ្នកឧកញ៉ាប្រធានបានកត់សម្គាល់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែល ”ឈានមុខគេ” ក្នុងការប្រើប្រាស់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដើម្បីនាំផលិតផលស្បែកជើងទៅកាន់ប្រទេសចិន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




