បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន លំហូរនៃព័ត៌មានមិនពិត ឬការបំភ័ន្តអំពីសង្រ្គាមនៅអ៊ុយក្រែនបានបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម។
ដើម្បីកាត់បន្ថយការយល់ច្រឡំនៃព័ត៌មានទាំងនេះ អ្នកសារព័ត៌មានអាជីពក៏បានចាប់ផ្តើមផ្ទៀងផ្ទាត់ព័ត៌មានខ្លះៗ មកវិញជាមួយអ្នកពាក់ព័ន្ធនឹងរឿងរ៉ាវទាំងនោះ ហើយដែលពួកគាត់បាន អះអាង ថាព័ត៌មានខ្លះត្រូវបានគេប្រឌិត បន្លំ ឬ ត្រូវ បាន បំផ្លើស ឬដោយអចេតនាតាមរយៈការបន្តចែករំលែកដោយគ្មានការពិចារណាឬផ្ទៀងផ្ទាត់អ្វីឡើយ។

ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗដែលត្រូវបានរកឃើញថា ជាព័ត៌មានមិនពិត៖
១. តួសម្តែងក្នុងសង្រ្គាមនៅអ៊ុយក្រែន ÷ វីដេអូមួយរបស់អ្នកយកព័ត៌មានម្នាក់ នៅពីមុខមនុស្សជាច្រើនដែលគេច្រកដាក់ក្នុងថង់កៅស៊ូព័ណ៌ខ្មៅ បានផ្សាយ នៅលើបណ្តាញសង្គមធំៗជាច្រើន ហើយត្រូវបានចែកចាយបន្ត យ៉ាងគ្រគ្រឹកគគ្រេង ដោយអ្នកគាំទ្រវិមានក្រឹមឡាំង។ តាមពិត វីដេអូនេះត្រូវបានគេថតនៅពេលមានការតវ៉ា អំពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងវីយែន ប្រទេសអូទ្រីសកាលពីដើមខែកុម្ភៈកន្លងទៅនេះសោះ។
២. ភរិយារបស់អនុប្រធានាធិបតីអ៊ុយក្រែនចូលរួមប្រយុទ្ធជាមួយកងទ័ព ÷ អ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែករូបភាពមួយដែលបង្ហាញថា ភរិយារបស់អនុប្រធានាធិបតីអ៊ុយក្រែន បានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសខ្លួន ដើម្បីប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។ អ្នកត្រួតពិនិត្យស្វែងរកការពិត បានអះអាងថា រូបថតនេះជាទាហាននារីអ៊ុយក្រែនមួយរូបដែលត្រូវ បានថតក្នុងអំឡុងពេលហាត់សមសម្រាប់ក្បួន ព្យុះហយាត្រា យោធាមួយនៅ ក្នុងទីក្រុង Kyiv កាលពីខែសីហា ឆ្នាំ២០២១។ ដោយឡែករដ្ឋាភិបាលអ៊ុយក្រែនក៏មិន មានតំណែងអនុប្រធានាធិបតី ដែរ។

៣. ប្រធានាធិបតី Zelensky ផឹកតែជាមួយកងកម្លាំងអ៊ុយក្រែន ÷ វីដេអូដែលបង្ហាញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុង ផឹកតែជាមួយទាហ៊ានអ៊ុក្រែននៅសមរភូមិមួយ បានទទួលអ្នកចូលមើលជិតបីលានដងកាលពីពេលថ្មីៗនេះ។ តាមពិត វីដេអូនេះត្រូវបានគេថតកាលពីមួយសប្តាហ៍មុនពេលការឈ្លានពានពីសំណាក់រុស្សី។ វាត្រូវបានគេថតនៅ Shyrokyne នៅពេលដែលប្រធានាធិបតី Zelensky ចុះសួរសុខទុក្ខទាហ៊ានជួរមុខដើម្បីបង្ហាញការគាំទ្រដល់កងទ័ពរបស់គាត់។
៤. តារាភាពយន្ត លោក Steven Seagal ចូលរួមប្រយុទ្ធនៅអ៊ុយក្រែន ÷ តារាសម្តែងលោក Steven Seagal ដែលមានសញ្ជាតិពីរ៖ អាមេរិក-រុស្ស៊ី ត្រូវបានគេប្រទះឃើញ “ក្នុងចំណោមកងកម្លាំងពិសេសរុស្ស៊ី” នៅជិតរដ្ឋធានី Kyiv របស់អ៊ុយក្រែន។ រូបភាពគាត់នៅក្នុងគណនី Twitter មួយ ត្រូវបានចែកចាយបន្តដោយពិធីករមួយរូបទៀតរបស់អាមេរិក ហើយបានទាក់ទាញអ្នកចូលមើលដល់ទៅ១៤លាននាក់។ ប៉ុន្តែការពិត តារាសម្តែងវ័យ៦៩ឆ្នាំរូបនេះ មិនបានចូលរួមប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែននោះឡើយ វាជារូបភាពកាត់ត។ ថ្លែងប្រាប់ Fox News លោកបានបដិសេធព័ត៌មានខាងលើ ហើយបានបន្ថែមថា ប្រទេសទាំងពីរជា “គ្រួសារតែមួយ” ហើយសង្ឃឹមថានឹងមាន “ដំណោះស្រាយវិជ្ជមាននិងសន្តិភាពឡើងវិញ” ។

៥. ទ័ពយន្តហោះចម្បាំងរុស្សីហោះពេញអាកាសអ៊ុយក្រែន ÷ ការបង្ហោះឃ្លីបវីដេអូមួយបង្ហាញពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកដែលកំពុងហោះហើរលើទីក្រុងមួយជាមួយនឹងសំឡេងស៊ីរ៉ែនវាយប្រហារតាមផ្លូវអាកាស បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គម។ ការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញដោយ BBC បានរកឃើញថា រូបភាពវីដេអូនេះគឺជាការត្រៀមរៀបចំសម្រាប់ក្បួនដង្ហែយោធាមួយកាលពីឆ្នាំ២០២០ឯណោះ។
៦. អ៊ុយក្រែនរៀបចំឆាកសម្តែងពីសង្គ្រាមជាមួយរុស្សី ÷ វីដេអូមួយរបស់នារីវ័យក្មេងម្នាក់ និងយុវជនម្នាក់ដែលមានឈាមនៅលើមុខរបស់ពួកគេ បាន ទទួលការចូលមើលរាប់លានដង នៅលើបណ្តាញសង្គម ដែលគេនាំគ្នាសន្មតថា ជាឆាកមួយដែលត្រូវបានគេជួលឱ្យសម្តែង អំពីការវាយប្រហារពីរុស្ស៊ី។ ប៉ុន្តែការពិតវីដេអូនោះ មិនពាក់ព័ន្ធនឹង សង្គ្រាមនៅអ៊ុយក្រែនទេ វាត្រូវបានគេថតនៅឆ្នាំ២០២០ សម្រាប់រឿងភាគមួយរបស់ទូរទស្សន៍នៅអ៊ុយក្រែន ហើយត្រូវបានគេបង្ហោះ ជាសារធារណៈម្តងហើយកាលពីខែធ្នូនៅឆ្នាំដដែលនោះ។
អ្នកប្រើប្រាស់បណ្តាញសង្គមអាចកម្រិតការរីករាលដាលនៃព័ត៌មានមិនពិតដោយចំណាយពេលពីរបីនាទីមុនពេលចែករំលែក ដើម្បីពិចារណាថាតើអ្វីដែលពួកគេកំពុងឃើញឬអានអាចពិតដែរឬទេ និងមកពីប្រភពដែលគួរទុកចិត្តដែរឬទេ?។ ការផ្ទៀងផ្ទាត់ជាមួយប្រភពដែលអាចទុកចិត្តបានច្រើន អាចជួយទប់ស្កាត់ ឬកាត់បន្ថយព័ត៌មាននិងរូបភាពមិនពិតបាន៕ ប្រភព៖ BBC












