រុស្ស៊ី ៖ មេដឹកនាំនៃប្រទេសមហាអំណាច និងមេដឹកនាំលោកខាងលិចខ្លះ បានប្រែប្រួលឥរិយាបថពីភាពរឹងត្អឹងក្នុងការបញ្ជូនគ្រឿងសព្វាវុធ មានរថក្រោះយន្តហោះចម្បាំង អាវុធប្រឆាំងរថក្រោះ និងមីស៊ីលប្រឆាំងយន្តហោះទៅកាន់អ៊ុយក្រែន ព្រមទាំងដាក់ពង្រាយកងទ័ពណាតូទៅកាន់ប្រទេសក្បែរខាងរុស្ស៊ី ដើម្បីប្រឆាំងរុស្ស៊ី មកជាទន់ភ្លន់បន្តិចវិញ ដូចជា មេដឹកនាំបារាំង និងអាល្លឺម៉ង់ ងាកមកធ្វើសកម្មភាពសម្របសម្រួលផ្លាស់ប្ដូរទស្សន:គ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផ្ដោតលើការចរចាបង្កើនការសន្ទនាឈានបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណ:សហរដ្ឋអាមេរិកបរាជ័យក្នុងការបញ្ចុះបញ្ចូល មេដឹកនាំប្រទេសមួយចំនួនទៀត ឲ្យចូលរួមប្រឆាំងរុស្ស៊ី បែរជាមិនសម្រេចដូចបំណង, ហើយជាងនេះទៅទៀត វិមានក្រឹមឡាំងថែមទាំងព្រមានដល់សហរដ្ឋអាមេរិក និងមេដឹកនាំលោកខាងលិចតបវិញថា នឹងឆ្លើយតបធ្វើឱ្យពួកអ្នកឈឺចាប់ ខណ:សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១៧ហើយ នៅតែមានការប្រយុទ្ធខ្លាំងខ្លា។

ទាក់ទងទៅនឹងការបរាជ័យរបស់អាមេរិក ត្រូវបានសារព័ត៌មាន វ៉ល ស្ទ្រីត ហ្សួណាល់ (Wall Street Journal) ចេញផ្សាយពីប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក និងក្រុមមន្ត្រីនៅតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២ ឲ្យដឹងថា ជំនួបតាមទូរស័ព្ទរវាង លោក ចូ បៃដិន និងព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន នៃអារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេរំពឹងថា នឹងត្រូវរៀបចំឡើង ប៉ុន្តែវាមិនបានកើតឡើងតាមគ្រោងទុកនោះទេ មានន័យថា ខកខានមិនបាននិយាយអ្វីជាមួយអាមេរិកឡើយ។ ចំណែក ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីន ហ្សៃយ៉ីត នៃអេមីរ៉ាតអារ៉ាប់រួម ក៏បានបដិសេធកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ចូ បៃដិនផងដែរ។ តាមប្រភពព័ត៌មានបង្ហើបថា គោលដៅជជែកជាមួយមេដឹកនាំប្រទេសអារ៉ាប់ទាំងពីរខាងលើនេះ គឺស្ដីពីការកាត់បន្ថយការនាំចូលប្រេង ឬថាមពលពីរុស្ស៊ី និងគ្រប់គ្រងការឡើងថ្លៃនៃតម្លៃប្រេង ប៉ុន្តែមិនត្រឹមតែមិនទទួលបានលទ្ធផលប៉ុណ្ណោះទេ គឺគេមិននិយាយរក លោក ចូរ បៃដិន តែម្ដង។
ចំណែកមេដឹកនាំលោកខាងលិចវិញ (EU) ថ្មីៗនេះ ត្រូវបានសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២ ឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានស្នើទៅប្រទេសប៉ាគីស្ថាន ឱ្យចូលរួមការថ្កោលទោសប្រឆាំងនឹងរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន ហើយជំរុញឲ្យប៉ាគីស្ថានកុំនាំចូលស្រូវសាលី និងឧស្ម័នពីប្រទេសរុស្ស៊ី, ទីបំផុតទទួលរងនូវក្ដីអាម៉ាស់ ដោយលោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានវាយបកវិញថា តើ សហភាពអឺរ៉ុប (EU) ចាត់ទុកជនជាតិប៉ាគីស្ថាន ជា «ទាសករ» របស់ពួកអ្នកមែនទេ? អ្វីដែលពួកអ្នកនិយាយ តើយើងត្រូវតែធ្វើតាមមែនទេ។ ទាំងនេះមានន័យថា រុស្ស៊ីមិនស្ថិតនៅឯកោនោះទេ គឺនៅមានបណ្តាប្រទេសអ្នកមាន និងមហាអំណាចយោធាជាច្រើនទៀត ដែលត្រូវសហការទាំងការទូត ពាណិជ្ជកម្មសេដ្ឋកិច្ច។

ចំពោះអាមេរិកខ្លួនឯងទៀតសោតរួមជាមួយសម្ព័ន្ធមិត្តអឺរ៉ុប កាលពីប៉ុន្មានថ្ងៃនេះ បានបញ្ចុះបញ្ចូល ចិន និងរុស្ស៊ី ឱ្យគាំទ្រអត្ថបទកំណត់សម្គាល់មួយរបស់ អង្គការសហប្រជាជាតិ (UN) ស្ដីពី ការប្រឆាំងនឹងកូរ៉េខាងជើង ដែលបំពានបច្ចេកវិទ្យាមីស៊ីល-នុយក្លេអ៊ែរ ខណ:អ្នកវិភាគអាមេរិក បានចោទថា កូរ៉េខាងជើងបានបាញ់សាកល្បងផ្លោងមីស៊ីលបាលិស្ទីគតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង, បើសរុបចាប់តាំងពីដើមឆ្នាំ ២០២២មក គឺប្រហែល ១០គ្រាប់ហើយ ប៉ុន្តែ សំណើនេះត្រូវបាន ចិន និងរុស្ស៊ី បដិសេធ។
រូបភាពនេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសមហាអំណាចយោធាធំៗ ដូចជា ចិន កូរ៉េខាងជើង ជាដើម នៅតែជាមិត្តរបស់រុស្ស៊ី។ នេះបើតាមចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។
បើនិយាយពីការប្រែប្រួលឥរិយាបថរបស់សហរដ្ឋអាមេរិក និងមេដឹកនាំសម្ព័ន្ធមិត្ត NATO វិញ គឺអាមេរិក បានបង្កភាពភ្ញាក់ផ្អើលដោយច្រានចោលសំណើរបស់ប៉ូឡូញ ដែលចង់បញ្ជូនយន្ដហោះចម្បាំងបន្សល់ទុកតាំងពីសម័យរុស្ស៊ី គ្រប់គ្រង ប្រភេទ MiG-29 របស់ខ្លួន ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីត្រៀមបញ្ជូនឱ្យអ៊ុយក្រែន យកទៅប្រើប្រាស់ក្នុងសង្រ្គាមជាមួយរុស្ស៊ី ពោលគឺ មិនទទួល ហើយបញ្ជូនទៅអ៊ុយក្រែននោះទេ។
មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បាននិយាយថា ការបញ្ជូនយន្ដហោះចម្បាំងចេញពីដែនដី NATO ទៅកាន់តំបន់សង្រ្គាម គឺជាក្ដីកង្វល់ដ៏ធំសម្រាប់សម្ពន្ធមិត្ត NATO ទាំងមូល។

អង្គការ NATO រួមទាំងអាមេរិក បានបញ្ជាក់ជាច្រើនដងរួចមកហើយថា ពួកគេមិនចង់មានជម្លោះ ឬសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ីដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរនោះឡើយ, ហើយរឿងនេះទៀត គឺលោកប្រធានាធិបតី ពូទីន ក៏បានព្រមានទុកជាមុនរួចហើយថា ប្រទេសណាក៏ដោយ ឱ្យតែបង្កើតតំបន់គ្មានការហោះហើរ ឬផ្ដល់ជំនួយការពារដែនអាកាសដល់អ៊ុយក្រែន គឺមានន័យស្មើនឹងប្រកាសសង្រ្គាមជាមួយរុស្ស៊ី។
រីឯមេដឹកនាំមហាអំណាច ២រូបផ្សេងទៀត គឺប្រធានាធិបតីបារាំង លោក ម៉ាក្រុង (Macron) និងលោក ស្កូល (Scholz) នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ បានជជែកគ្នាកម្រិតកំពូលតាមប្រព័ន្ធវីដេអូជាមួយ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅឯ ទីក្រុងប៉េកាំង ប្រទេសចិន, ដោយ លោក ស៊ី ជិនពីង បានបញ្ជាក់ប្រាប់មេដឹកនាំបារាំង និងអាល្លឺម៉ង់ ថា កិច្ចសហប្រតិបត្តិការជាក់ស្តែងនានារបស់ចិន គឺប្រកាន់ខ្ជាប់នូវពហុភាគីនិយម ជំរុញរបៀបវារៈដ៏សំខាន់ ដែលមានលក្ខណៈជាសាកល។
លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ភាគីចិនផ្តួចផ្តើមថា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា គួរតែទទួលបានការគោរព, កម្មវិត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គួរតែទទួលការគោរព និងប្រតិបត្តិតាម, ការយកចិត្តទុកដាក់ដ៏សមរម្យស្តីពីសន្តិសុខរបស់ប្រទេសនានា គួរតែទទួលបានការឱ្យតម្លៃ, កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធីគួរតែទទួលបានការគាំទ្រ, ពួកយើងគួរតែរួមគ្នា គាំទ្រការចរចាដោយសន្តិវិធីរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវចរចាឱ្យមានផ្លែផ្កា និងសន្តិភាព។

លោក ម៉ាក្រុង (Macron) និងលោក ស្កូល (Scholz) បានថ្លែងថា អឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុត គិតចាប់តាំងពីសង្គ្រាមលោកលើកទី២មក, ប្រទេសបារាំង និងអាល្លឺម៉ង់ គាំទ្រ ការដោះស្រាយបញ្ហាតាមការចរចា ជាពិសេស សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។ រីករាយរួមជាមួយភាគីចិន បង្កើនការប្រាស្រ័យទាក់ទង់ និងការសម្របសម្រួល ឱ្យមានការចរចាដោយសន្តិវិធីក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ចៀសវាងស្ថានការណ៍កាន់តែឡើងកម្តៅថែមទៀត។ ពោលគឺ ថ្នាក់ដឹកនាំទាំង៣រូប បានផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរមតិយោបល់ ស្តីពីស្ថានការណ៍សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នាពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ នៅមុននេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសចិនថា សកម្មភាពរបស់អង្គការណាតូ (NATO) ដឹកនាំដោយសហរដ្ឋអាមេរិក បានជំរុញឱ្យភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
នៅក្នុងសន្និសីទសារព័ត៌មានដដែល លោក ចាវ លីជាន (Zhao Lijian) បានជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់ប្រទេសចិន និងចៀសវាងការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៏របស់ចិន ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងជាមួយរុស្ស៊ី។ លោកបន្ថែមថា ចិន ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ហើយថាគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីតោនចំពោះអ៊ុយក្រែន និងរុស្ស៊ី មិនគួរធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៏របស់ចិននោះទេ។
ទាក់ទងទៅនឹងភាពសុខសាន្តលើលោក រុស្ស៊ីនៅតែរាប់អានអាមេរិកយ៉ាងស្ម័គ្រស្មើដដែល ប៉ុន្តែសូមតែកុំរុញឲ្យរុស្ស៊ីបន្ទប់ជញ្ជាំងទៅបានហើយ, បើតាមការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៉ី ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានរុស្ស៉ី interfax បានឲ្យដឹងថា រុស្ស៉ី និងសហរដ្ឋអាមេរិក គួរតែត្រឡប់ទៅរកគោលការណ៍រួមរស់នៅជាមួយគ្នាដោយសន្តិភាព ដូចអំឡុងសម័យសង្រ្គាមត្រជាក់ទៅ គឺល្អប្រសើរហើយ, ក្រសួងការបរទេសរុស្ស៊ីលើកឡើងថា រុស្ស៉ីបើកចំហចំពោះកិច្ចសន្ទនា ដោយស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ហើយនៅតែមាន ក្តីសង្ឃឹមថា ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំង២ អាចនឹងត្រូវបានស្តារឡើងវិញ។
ងាកទៅមើលអ៊ុយក្រែនវិញ ដែលកំពុងតែរងភាពខ្ទេចខ្ទាំដោយសារសង្គ្រាម សឹងតែមិនស្គាល់ទីក្រុងទៅហើយ នៅតែតស៊ូក្រាញននៀលជានិច្ច ដោយអនុរដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន លោក យេវហេន យេននីន (Yevhen Yenin) បាននិយាយថា ជនបរទេសដែលស្ម័គ្រចិត្តជួយប្រយុទ្ធដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ លោក យេវហេន យេននីន ថា អ៊ុយក្រែន កំពុងបង្កើតកងកម្លាំងអន្តរជាតិមួយដើម្បីការពារទឹកដី ដែលរួមមានជនបរទេស ដែលចង់ចូលរួមក្នុងការតស៊ូប្រឆាំងនឹងការវាប្រហាររបស់រុស្ស៊ី និងការពារសន្តិសុខពិភពលោក, ហើយថា ចំនួនអ្នកស្ម័គ្រចិត្តបរទេសកំពុងកើនឡើង, ការប្រើនុយកេណ្ឌទាហានជាថ្នូរនឹងការផ្ដល់សញ្ជាតិរបស់អ៊ុយក្រែន តើអាចទៅរួចទេ។
ជាងនេះទៅទៀត អ៊ុយក្រែនកំពុងខិតខំប្រើប្រាស់គ្រប់មធ្យោបាយដោយអំពាវនាវដល់កងទ័ពរបស់ខ្លួនឱ្យធ្វើមាតុភូមិនិវត្តន៍ និងឧបករណ៍យោធា ក្នុងនោះរួមមានទាំងឧទ្ធម្ភាគចក្រដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងអឺរ៉ុប ឲ្យត្រឡប់ចូលមាតុប្រទេសវិញ ដើម្បីពង្រឹងការការពារប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២។
ពេលវេលាចេះតែកន្លងផុតទៅ សង្គ្រាមបានឈានចូលដល់ថ្ងៃទី១៧ហើយ ដោយអស់សង្ឃឹមថា គ្មានប្រទេសណាជួយខ្លួនក្រៅតែពាក្យអំណោយគ្រឿងសព្វាវុធ លុយកាក់ និងស្បៀងអាហារ
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី បាននិយាយថា លោកលែងមានអារម្មណ៍ត្រេកត្រអាល ចង់ឱ្យប្រទេសរបស់លោកចូលជា សមាជិកអង្គការ NATO ទៀតហើយ បន្ទាប់ពីទីក្រុងកៀវ ភ្ញាក់ដឹងខ្លួនឯងថា បក្សសម្ពន្ធយោធាមួយនេះ មិនទាន់ត្រៀមលក្ខណៈទទួលយកអ៊ុយក្រែនធ្វើជាសមាជិករបស់ខ្លួនបាននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។
ជាការឆ្លើយតបទៅនឹងសំណួរដែលសួរស្ដីពីសំណើរបស់ទីក្រុងម៉ូស្គូ នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទូរទស្សន៍អាមេរិក ABC News ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានបញ្ជាក់ថា ទីក្រុងកៀវ អាចនឹងបើកកិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងតំបន់គ្រីមៀ រួមទាំងតំបន់ដូណេត (Donetsk) និងលូហ្កាន់ (Lugansk)។
ឆ្ពោះត្រង់ទៅអ៊ុយក្រែនផ្ទាល់ រុស្ស៊ី បានប្រាប់អ៊ុយក្រែនថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ ប្រសិនបើអ៊ុយក្រែនអាចបំពេញតាមលក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូបាន , នេះគឺជាការបង្ហើបត្រង់ៗរបស់រុស្ស៊ី ពីលក្ខខណ្ឌបញ្ចប់សង្រ្គាម ដែលធ្វើឡើងដោយអ្នកនាំពាក្យវិមានក្រឹមឡាំង ហើយដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។
នៅក្នុងលក្ខខណ្ឌទាមទាររបស់រុស្ស៊ី ត្រូវបានអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បញ្ជាក់ថា រុស្ស៊ីបានស្នើអ៊ុយក្រែនឱ្យបញ្ឈប់សកម្មភាពយោធា, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យក្លាយជាប្រទេសអព្យាក្រឹត, ទទួលស្គាល់ ឧបទ្វីបគ្រីមៀថា ជាទឹកដីរុស្ស៊ី និងទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន គឺ ដូណេត (Donetsk) និង លូហ្កាន់ (Lugansk) ជារដ្ឋឯករាជ្យ។ ករណីនេះគេមើលឃើញថា ខាងអ៊ុយក្រែន ក៏ធ្លាប់បានបង្ហើបបើកកិច្ចពិភាក្សាជុំវិញលក្ខខណ្ឌទាមទាររបស់រុស្ស៊ីផងដែរ, មានន័យថា អ៊ុយក្រែនអាចធ្វើសម្បទានតាមលក្ខខណ្ឌរបស់រុស្ស៊ីក្នុងកម្រិតខ្ពស់ដើម្បីឈានទៅបញ្ចប់សង្រ្គាម។
បើពិនិត្យមើលទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងមេដឹកនាំសហភាពអឺរុប ដែលដាក់ទៅលើរុស្ស៊ីវិញ គឺរុស្ស៊ីទទួលរងយ៉ាងធ្ងន់ធ្ងរបំផុត រហូតដល់ហៅលែងឮ , គេពិនិត្យឃើញថា រុស្ស៉ីបានទទួលរងទណ្ឌកម្មវ៉ាដាច់អ៉ីរ៉ង់ទៅទៀត ជាប់ឈ្មោះជាប្រទេសដែលកំពុងទទួលរងការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងច្រើនបំផុតលើលោក បន្ទាប់ពីបើកការវាយប្រហារយោធាលើអ៊ុយក្រែន រយ:ពេលជិត២០ថ្ងៃមកនេះ សរុបទៅមាន ៥,៥៣២ទណ្ឌកម្ម ខណ:អ៉ីរ៉ង់ ត្រូវធ្លាក់ទៅលេខរៀងទី២ ជាប់ទណ្ឌកម្មចំនួន ៣,៦១៦ទណ្ឌកម្ម, ហើយលេខរៀងបន្តបន្ទាប់ទៀត រួមមាន ស៉ីរី ២,៦០៨ទណ្ឌកម្ម និងកូរ៉េខាងជើង ២,០៧៧ទណ្ឌកម្ម។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា ការកើនឡើងយ៉ាងគំហុក នៃការដាក់ទណ្ឌកម្មអន្តរជាតិនេះ អាចត្រូវចាត់ទុកថា ជា ទង្វើប្រកាសសង្រ្គាមជាមួយរុស្ស៉ី។
ទាក់ទងនឹងការដាក់ទណ្ឌកម្មនេះផងដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា សង្គ្រាមនៅអ៊ុយក្រែន នឹងធ្វើឱ្យផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ចពិភពលោក ដែលមិនត្រឹមតែរុស្សីម្នាក់ឯងប៉ុណ្ណោះទេ។
លោកស្រី គ្រីស្តាលីណា ចកជាវ៉ា (Kristalina Georgieva) ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងក្នុងសេក្តីប្រកាសព័ត៌មានមួយបង្ហាញថា ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដោយសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសផ្សេងៗទៀត នឹងធ្វើឱ្យជះផលប៉ះពាល់ខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក និងទីផ្សារហិរញ្ញវត្ថុពិភពលោក បញ្ហាអតិផរណា ដោយមានការរាលដាលខ្លាំងទៅដល់ប្រទេសផ្សេងៗ ជាពិសេស ប្រទេសក្រីក្រនឹងជួបការលំបាកខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មរុស្សី និងចិន នៅតែមានសក្ដានុពល, អគ្គរដ្ឋបាលគយរបស់ប្រទេសចិន មុននេះប៉ុន្មានថ្ងៃ បានប្រកាសឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៉ី សម្រាប់ខែមករា-ខែកុម្ភៈ ឆ្នាំនេះ បានកើនក្នុងអត្រា ៣៨.៥ភាគរយ គឺឡើងដល់ ២៦.៤៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន TASS ។
របាយការណ៍របស់គយចិន ឲ្យដឹងទៀតថា ការនាំចេញរបស់ប្រទេសចិនទៅកាន់រុស្ស៉ី បានកើនឡើង ៤១.៥ភាគរយ ក្នុងរយៈពេល ២ខែ ស្មើនឹងខ្ទង់ ១២.៦២ពាន់លានដុល្លារ។ រីឯការនាំចូលនៃទំនិញក៏ដូចជាសេវាកម្មរបស់រុស្ស៉ី មកកាន់ប្រទេសចិនវិញ បានកើន ៣៥.៧ភាគរយ គឺដល់ទំហំ ១៣.៨១ពាន់លានដុល្លារ, មានន័យថា នៅតែរក្សាបានកម្រិតខ្ពស់នៅឡើយ។
មនុស្សនៅពេលដល់.ក អ្វីក៏ហ៊ានធ្វើគឺ រុស្ស៊ី នៅពេលថ្មីៗនេះ បានព្រមានថា ខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្ម វាយបកត្រឡប់ទៅវិញ ដែលនឹងធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច រងការឈឺចាប់ ខណៈទីក្រុងម៉ូស្គូ កំពុងរងទណ្ឌកម្មស្ទើរជុំទិស ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ លោក ឌីមីទ្រី ប៊ីរីឆេវស្គី (Dmitry Birichevsky) ជាប្រធាននាយកដ្ឋានសហប្រតិបតិ្តការ សេដ្ឋកិច្ចនៃក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ការឆ្លើយតបរបស់រុស្ស៊ី នឹងមានភាពលឿនរហ័ស, ម៉ឺងម៉ាត់ជាទីបំផុតចំពោះពួកអ្នក (លោកខាងលិច) ដែលត្រូវប្រឈមមុខនឹងចំណាត់ការនេះ។

ជាមួយគ្នានេះផងដែរ លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ទង្វើលោកខាងលិច បាននិងកំពុងប្រកាន់ឥរិយាបថ ដូចជាចោរព្រៃ ដោយដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយទីក្រុងម៉ូស្គូនឹងចាត់វិធានការឆ្លើយតបស្របតាមប្រយោជន៍របស់រុស្ស៊ី។ ក្រុមលោកខាងលិច នឹងមិនអាចធ្វើឱ្យរុស្ស៊ីឯកោឡើយ ពីព្រោះថាពិភពលោក គឺធំល្វឹងល្វើយជាងសហរដ្ឋអាមេរិក និងអឺរ៉ុប។
ឆ្លើយតបនឹងការដាក់ទណ្ឌកម្ម ការផ្ដល់ជំនួយគ្រប់យ៉ាង ព្រមទាំងការដាក់កម្លាំងទ័ពរបស់ អាមេរិក និងសម្ព័ន្ធមិត្តណាតូលឹបលោៗនៅក្បែរប្រទេសអ៊ុយក្រែន, បុរសខ្លាំង វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ទីក្រុងម៉ូស្គូ នឹងចាត់ទុកភាគីទី៣ណាមួយក៏ដោយ ដែលប្រកាសបង្កើតតំបន់ គ្មានការហោះហើរនៅក្នុងប្រទេសអ៊ុយក្រែន គឺស្មើនឹងបានចូលរួមនៅក្នុងជម្លោះប្រដាប់អាវុធដូចគ្នាដែរ។
ថ្លែងទៅកាន់ក្រុមពីឡុតជាស្ត្រីក្នុងកិច្ចប្រជុំមួយ លោក ពូទីន បានសង្កត់ធ្ងន់ថា អ្មកណាបង្កើតតំបន់គ្មានការហោះហើរ គឺជាការគំរាមកំហែងដល់កងទ័ពរុស្ស៊ី, ដូច្នេះ ក្នុងពេលត្រឹមតែប៉ុន្មានវិនាទី យើងនឹងចាត់ទុកថាពួកគេបានចូលរួមនៅក្នុងជម្លោះយោធាសព្វថ្ងៃ មិនថាពួកគេជាសមាជិកអង្គការអ្វីនោះទេ។
គួរបញ្ជាក់ថា នៅពេលដែលស្ថានភាពតានតឹង លោកប្រធានាធិបតី ពូទីន បានចាត់បញ្ជាទៅកងកម្លាំងរក្សានុយក្លេអ៊ែរ ឲ្យប្រុងជើងការខ្ពស់រួចហើយសម្រាប់ប្រតិបត្តិការយោធា។ ដោយឡែក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានសិក្សារកឃើញថា លោក ពូទីន អាចនឹងបង្កើនការវាយប្រហារលើអ៊ុយក្រែន ខ្លាំងជាងសព្វថ្ងៃនេះបន្ថែមទៀត រហូតដល់បានជោគជ័យតាមលក្ខខណ្ឌ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






















