ក្រុងឡុងដ៍ ៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលចក្រភពអង់គ្លេស បានពង្រីកការដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ី កើនឡើងដល់ជិត១០នាក់ ហើយវិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងកំពូលអ្នកមានរបស់រុស្ស៊ី នេះ នឹងឈានដល់ការបង្កកទ្រព្យទាំងអស់របស់ពួកគេ នៅលើទឹកដីប្រទេសមហាអំណាចមួយនេះថែមទៀតផង។

ទីភ្នាក់ងារសារព័ត៌មានគ្រង់គ្រងដោយរដ្ឋរុស្ស៊ី Tass បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា បើតាមសេចក្ដីប្រកាសរបស់ការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា អង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា បានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយបានដាក់ឈ្មោះកំពូលអ្នកមានរុស្ស៊ី ចំនួន៧នាក់ នៅក្នុងបញ្ជីខ្មៅ។ មហាសេដ្ឋីរុស្ស៊ី ទាំង៧នាក់នោះ រួមមាន ទី១-លោក អ៊ីហ្គ៍រ នាយកប្រតិបត្ដិក្រុមហ៊ុនរ៉ូសណែតហ្វ៍ (Rosnetf), ទី២-លោក Aleksey Miller នាយកប្រតិបត្ដិក្រុមហ៊ុនឧស្ម័នរាវដ៏ធំបំផុតគ្រប់គ្រងដោយរដ្ឋរុស្ស៊ី Gazprom, ទី៣-លោក Andrey Kostin នាយកប្រតិបត្ដិក្រុមហ៊ុន VTB, ទី៤-លោក Roman Abramovich ម្ចាស់ក្លឹប Chelsea FC នៅចក្រភពអង់គ្លេស, ទី៥-លោក Oleg Deripaska ប្រធានក្រុមហ៊ុន EN+ Group, ទី៦-លោក Dmitry Lebedev ប្រធានក្រុមប្រឹក្សាភិបាលធនាគារ Rossiya និង ទី៧-លោក Nikolay Tokarev ប្រធានក្រុមហ៊ុន Transneft ។

អ្នករងនូវទណ្ឌកម្មទាំងនេះ ត្រូវបានឃាត់ការធ្វើដំណើរ និង រស់នៅលើទឹកដីអង់គ្លេស ហើយទ្រព្យសម្បត្ដិរបស់ពួកគេ ត្រូវបានបង្កក។ ក្រៅពីនេះ មហាសេដ្ឋីទាំងអស់ ដែលរងនូវទណ្ឌកម្មនេះ ក៏ត្រូវបានហាមឃាត់ដល់ការធ្វើប្រតិបត្តិការជាមួយបុគ្គល និង អាជីវកម្មរបស់ចក្រភពអង់គ្លេស។ វិធានការតាមផ្លូវច្បាប់របស់អង់គ្លេស ក៏បានហាមឃាត់ដល់លោក Abramovich លក់ក្លឹប Chelsea FС និង ទ្រព្យសម្បត្ដិរបស់គាត់ នៅលើប្រទេសនេះថែមទៀតផង។ ជាមួយគ្នានេះ យន្តហោះទាំងឡាយណា ដែលជាកម្មសិទ្ធិរបស់បុគ្គលរុស្ស៊ី ដែលបានកំណត់ ក៏អាចនឹងត្រូវដកហូតចេញពីបញ្ជីឈ្មោះ យន្តហោះរបស់ចក្រភពអង់គ្លេស បើទោះជាបុគ្គលដែលត្រូវបានទទួលទណ្ឌកម្ម មិននៅលើយន្តហោះក៏ដោយ។
បើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យការបរទេសចក្រភពអង់គ្លេស បានបញ្ជាក់ថា នេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងឈានមុខគេរបស់ចក្រភពអង់គ្លេស ក្នុងការដាក់ឱ្យនៅដាច់ដោយឡែកពីគេ (ប្រធានាធិបតីរុស្ស៊ី លោក ពូទីន និង អ្នកនៅជុំវិញគាត់ ដោយមានមហាសេដ្ឋីទាំងនេះ ហើយពួកគេមានទ្រព្យសម្បត្តិ សរុបប្រហែល១៥ពាន់លានផោន (លុយអង់គ្លេស) ឬស្មើនឹង១៩,៧៤ពាន់លានដុល្លាសហរដ្ឋអាមេរិក។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីទាំងអស់ នៅក្នុងចក្រភពអង់គ្លេស នឹងត្រូវបានបង្កក ហើយពួកគេត្រូវបានហាមឃាត់ មិនឱ្យធ្វើដំណើរមកកាន់ចក្រភពអង់គ្លេស ហើយអនុញ្ញាតឲ្យពលរដ្ឋអង់គ្លេស ឬក្រុមហ៊ុនណាមួយ អាចធ្វើអាជីវកម្មជាមួយពួកគេបានឡើយ»៕រក្សាសិទ្ធិដោយ ៖ សារាយSN























