រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាចំណាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានទំហំទឹកប្រាក់ រហូតដល់១,៥ពាន់ពាន់លានសហរដ្ឋអាមេរិក ហើយក្នុងនោះមានទាំងជំនួយ ទំហំទឹកប្រាក់ជិត១៤ពាន់លានដុល្លារ សម្រាប់កិច្ចការមនុស្សធម៌ និង ការចំណាយលើកការទិញគ្រឿងយុទ្ធោបករណ៍ ជួយដល់ប្រទេសអ៊ុយក្រែន ផងដែរ។

បើតាមទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ (វេលានៅវ៉ាស៊ីនតោន) បានអនុម័តច្បាប់ ផ្តល់ថវិកា មានទំហំទឹកប្រាក់ចំនួន ១,៥ ពាន់ពាន់លានដុល្លារ ដល់រដ្ឋាភិបាលសហព័ន្ធន៍ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។ នៅក្នុងចំណោមថវិកា មានទំហំដ៏មហាសាលនោះ ក៏មានជំនួយ ទំហំទឹកប្រាក់១៣,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយដល់អ៊ុយក្រែន ផងដែរ។
ព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ បានអនុម័តច្បាប់មានកម្រាស់ ២ ៧០០ទំព័រ ដោយមានសំឡេងគាំទ្រ ៦៨ ទល់នឹង៣១។ ការអនុម័ត លើកញ្ចប់ថវិកាចំណាយ មានទំហំទឹកប្រាក់ ចំនួន១,៥ពាន់ពាន់លានដុល្លាររបស់ព្រឹទ្ធសភា បានកើតឡើងមួយថ្ងៃ ក្រោយពេលរដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តលើច្បាប់នេះរួចហើយ។ ក្រោយពេលព្រឹទ្ធសភាបានអនុម័តរួច គេរំពឹងថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងចុះហត្ថលេខា លើច្បាប់នេះ នៅមុនពាក់កណ្តាលអធ្រាត្រ ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ (វេលានៅរដ្ឋធានីវ៉ាស៊ីនតោន)។

លោក ឈុក ស្គូមើរ ( Chuck Schumer) មេដឹកនាំភាគច្រើន នៃព្រឹទ្ធសភា បានបញ្ជាក់ថា «យើងកំពុងតែរក្សានូវការសន្យារបស់យើង នៅក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណៈពួកគេកំពុងតែប្រយុទ្ធ ការពារជីវិតរបស់ពួកគេ ប្រឆាំងនឹងលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលបានសម្រេចចិត្ត លើកកងទ័ពចូលឈ្លានពាន ទៅលើប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ចំណែកកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ ១៣,៦ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែននេះ គឺជាការផ្តល់ហិរញ្ញប្បទាន សម្រាប់ការទិញគ្រឿងសឹកចម្បាំង និងការផ្គត់ផ្គង់សម្ភារយោធាផ្សេងៗទៀត ក៏ដូចជា ជំនួយមនុស្សធម៌ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយ SN
















