ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានជំរុញឱ្យម្តាយរបស់ទាហានរុស្ស៊ីទាំងអស់ រកវិធីការពារកូនប្រុសរបស់ពួកគេ ពីការបញ្ជូនឱ្យចូលរួមក្នុងប្រតិបត្តិការយោធា នៅក្នុងប្រទេស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះតាម Telegram នៅថ្ងៃនេះថា “ជាថ្មីម្តងទៀត ខ្ញុំចង់និយាយរឿងនេះទៅកាន់ម្តាយរុស្ស៊ី ជាពិសេសម្តាយនៃទាហាន សូមកុំឱ្យកូនៗរបស់អ្នកទៅធ្វើសង្គ្រាមនៅបរទេស»។
លោក Zelensky បានបន្ថែមថា «ពិនិត្យមើលកន្លែងដែលកូនប្រុសរបស់អ្នកកំពុងនៅ។ ហើយប្រសិនបើមានការសង្ស័យណាមួយដែលថាកូនៗរបស់អ្នក អាចត្រូវបានគេដាក់ពង្រាយនៅអ៊ុយក្រែន សូមចាត់វិធានការភ្លាមៗ។ អ៊ុយក្រែនមិនដែលចង់បានសង្រ្គាមដ៏អាក្រក់នេះទេ ប៉ុន្តែ នឹងត្រូវតែការពារខ្លួនឲ្យបានពេញលេញ»។
សាររបស់លោក Zelansky ត្រូវបានធ្វើឡើង គឺបន្ទាប់ពីយោធាអ៊ុយក្រែន បានប្រកាសថា ខ្លួនបានចាប់អ្នកទោសរាប់សិបនាក់ក្នុងអំឡុងពេលប្រតិបត្តិការយោធារុស្ស៊ី។ ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានបញ្ចេញលេខទូរស័ព្ទ និងអ៊ីមែល សម្រាប់ម្តាយរបស់ពួកគេ ដើម្បីទទួលបានព័ត៌មានអំពីកូនរបស់ពួកគេ និងបានអញ្ជើញម្តាយជនជាតិរុស្សី មកប្រទេសអ៊ុយក្រែន ដើម្បីទទួលកូនរបស់ពួកគេទៅវិញ។
កាលពីថ្ងៃទី១០ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា មានទាហានមួយចំនួនបានចូលរួមក្នុងប្រតិបត្តិការយោធានៅអ៊ុយក្រែន ហើយទាហានមួយចំនួន ត្រូវបានចាប់ខ្លួនដោយអ៊ុយក្រែន។
គួរបញ្ជាក់ថា ប្រធានាធិបតី ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបើកប្រតិបត្តិការយោធាពិសេសមួយ ចូលទៅក្នុងប្រទេសអ៊ុយក្រែន ដោយប្រកាសថា លោកមិនមានគម្រោងកាន់កាប់អ៊ុយក្រែនទេ ប៉ុន្តែមានគោលបំណង “លុបបំបាត់យោធា និងផ្តាច់ការហ្វាស៊ីសនិយម” នៃប្រទេសជិតខាង។
ជាមួយប្រតិបត្តិការជាច្រើនថ្ងៃនេះ កងកម្លាំងរុស្ស៊ី និងកងជីវពលបំបែកខ្លួន ក៏បានដណ្តើមកាន់កាប់ទីក្រុង Kherson នៅភាគខាងត្បូង, Volnovakha នៅភាគអាគ្នេយ៍អ៊ុយក្រែន ដោយឡោមព័ទ្ធ Mariupol និង Kharkov ហើយកំពុងធ្វើការដើម្បីបង្កើនសម្ពាធជាមួយនឹងគោលដៅធំៗ រួមទាំងរដ្ឋធានី Kiev ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





