អាមេរិក ៖ មេដឹកនាំអាមេរិក និងមេដឹកនាំសម្ព័ន្ធមិត្តណាតូ បានបង្ហាញនូវសញ្ញាមួយចំនួនដែលធ្វើឱ្យក្រុមអ្នកវិភាគយល់ឃើញថាសង្គ្រាមលោកលើកទី៣ នឹងមិនអាចកើតមាននោះទេ តាមរយៈការមិនបញ្ជូនកងទ័ពរបស់អាមេរិក និងណាតូ ទៅកាន់ប្រទេសអ៊ុយក្រែនផ្ទាល់, ប៉ុន្តែការបញ្ជូនគ្រឿងសព្វាវុធទំនើបៗ និងការដាក់ទណ្ឌកម្មធ្ងន់ៗផ្នែកសេដ្ឋកិច្ច ពីសំណាក់អាមេរិក និងសហភាពអឺរ៉ុប គឺជាអាវុធមុខពីរទៅវិញ ÷ ទី១- ជំរុញញភ្លើងសង្គ្រាមឱ្យកាន់តែឆាបឆេះ, ទី២- ក៏ជាសម្ពាធជំរុញឲ្យរុស្ស៊ីពិចារណាលើបទឈប់បាញ់នៅអ៊ុយក្រែនផងដែរ, ប៉ុន្តែទោះជាយ៉ាងណា បទឈប់បាញ់ពិតប្រាកដ គឺដូចអ្វីដែលកម្ពុជា និងចិន លើកឡើងដូច្នោះថា ” ការបញ្ជូនគ្រឿងសព្វាវុធ និងកងទ័ពទៅជួយធ្វើសង្គ្រាមនៅអ៊ុយក្រែន មិនមែនជាដំណោះស្រាយបញ្ចប់សង្គ្រាមនោះទេ ប្រៀបដូចយកសាំងទៅចាក់លើភ្លើង, ការបញ្ចប់សង្គ្រាមពិតប្រាកដ គឺត្រូវលើកទឹកចិត្តគ្រប់ភាគីចូលតុចរចា បង្កើនការសន្ទនារកដំណោះស្រាយ “។

សញ្ញាមួយចំនួនដែលគេមើលឃើញថា មិនអាចបង្កើនភ្លើងសង្គ្រាមនៅអ៊ុយក្រែនឲ្យរាលដាលទៅជាសង្រ្គាមលោកលើកទី៣នោះ រួមមាន ÷ អាមេរិក និងណាតូ មិនបិទដែនអាកាសហោះហើរនៅអ៊ុយក្រែន, ការមិនបញ្ជូនកងទ័ពរបស់ពួកខ្លួនទៅចូលរួមជួយអ៊ុយក្រែនផ្ទាល់ប្រឆាំងនឹងរុស្ស៊ី, អាមេរិក និងណាតូ យល់ឃើញដូចគ្នាថា បើត្រូវបញ្ជូនកងទ័ពទៅប្រយុទ្ធតទល់ផ្ទាល់ជាមួយនឹងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នោះច្បាស់ណាថា សង្រ្គាមលោកលើកទី៣ នឹងកើតឡើង ព្រោះថា រុស្ស៊ីក៏ជាមហាអំណាចនុយក្លេអ៊ែរ ដូច្នេះបើជ្រុលជាមានសង្រ្គាមទៅហើយ គឺឱ្យវាមានត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទៅបានហើយ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ធំដល់ពិភពលោក។
ជាក់ស្ដែងណាស់សញ្ញាដែលមិនអាចកើតមានសង្រ្គាមលោកលើកទី៣ គឺប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើងថា ការបញ្ជូនរថយន្ត រថក្រោះ និង កងទ័ពរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែនផ្ទាល់ គឺស្មើនឹងការចាប់ផ្តើមនៃសង្រ្គាមលោកលើកទី៣ មិនខានឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន TASS នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។
លោក ចូ បៃដិន នៅតែរឹងមាំក្នុងការជួយអ៊ុយក្រែន ប៉ុន្តែមិនមែនជាការបញ្ជូនគ្រឿងសព្វាវុធ និងកងកម្លាំងទ័ពដោយផ្ទាល់នោះទេ, លោក បៃដិន បានបញ្ជាក់ប្រាប់សមាជិកសភាអាមេរិកនៃបក្សប្រជាធិបតេយ្យរបស់លោក ថា យើងកំពុងបង្ហាញពីកម្លាំងរបស់យើង ហើយយើងមិនចុះញ៉មដាច់ខាតក្នុងរឿងនេះ ប៉ុន្តែទាក់ទងគំនិតចង់ឱ្យពួកយើងបញ្ជូនគ្រឿងសព្វាវុធ ដូចជា រថក្រោះ យន្តហោះ អមជាមួយកងទ័ពអាមេរិកផ្ទាល់ ទៅកាន់អ៊ុយក្រែន គួរយល់ឱ្យបានច្បាស់ថា ទោះអ្នកទាំងអស់គ្នាចង់ហៅវាថាជាអ្វីក៏ដោយ ធាតុពិតការធ្វើបែបនេះ គឺស្មើនឹងផ្ទុះសង្រ្គាមលោកលើកទី៣, ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់នៅទីនេះ យើងគួរតែគិតអំពីគ្រោះថ្នាក់ទាំងមូលលើពិភពលោក។ ទោះយ៉ាងណា លោក ចូ បៃដិន បានសង្កត់ធ្ងន់ថា ខ្លួននឹងធ្វើការអន្តរាគមន៍ភ្លាមៗ ប្រសិនបើសង្រ្គាមរាលដាល ដល់ប្រទេសណាមួយដែលជាសមាជិកអង្គការ NATO។

ជាមួយគ្នានេះផងដែរ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា មិនមានផែនការតាមដានពលរដ្ឋអាមេរិកទាំងឡាយ ដែលស្ម័គ្រចិត្តទៅជួយប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ីនោះឡើយ ខណៈដែលការវាយប្រហារបស់រុស្ស៊ីនៅតែបន្ត។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក បានព្រមានថា ការធ្វើដំណើរបែបនេះ (ទៅជួយអ៊ុយក្រែន) អាចនឹងមាន ” ការចាប់ខ្លួន ឬបាត់បង់ជីវិត ” ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។
ឆ្លើយនឹងសំណួរសួរថា តើមានជនជាតិអាមេរិកប៉ុន្មាននាក់ហើយ ដែលបានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន? លោក នេត ប៉្រាយ (Ned Price) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា នៅតែជំរុញឲ្យចៀសវាង ប៉ុន្តែមិនហាមឃាត់ដាច់ណាត់, គ្រាន់តែបញ្ជាក់ប្រាប់ពួកគេថា ការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន បង្កហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួនខ្លាំងណាស់ ហើយពលរដ្ឋអាមេរិកគួរតែដឹងថា រុស្ស៊ី បានចាត់ទុកជនបរទេស ដែលប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ថា ជា «ទាហានស៊ីឈ្នួល» ជាជាងអ្នកប្រយុទ្ធស្របច្បាប់ ឬអ្នកទោសសង្រ្គាម។
ងាកមក សហរដ្ឋអាមេរិក និងមេដឹកនាំសម្ព័ន្ធមិត្ត NATO វិញ គឺអាមេរិក បានច្រានចោលសំណើរបស់ប៉ូឡូញ ដែលចង់បញ្ជូនយន្ដហោះចម្បាំងបន្សល់ទុកតាំងពីសម័យរុស្ស៊ីគ្រប់គ្រង ប្រភេទ MiG-29 របស់ខ្លួន ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីត្រៀមបញ្ជូនឱ្យអ៊ុយក្រែន យកទៅប្រើប្រាស់ក្នុងសង្រ្គាមជាមួយរុស្ស៊ី ពោលគឺ មិនទទួលយកដើម្បីបញ្ជូនទៅអ៊ុយក្រែននោះទេ។
មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បាននិយាយថា ការបញ្ជូនយន្ដហោះចម្បាំងចេញពីដែនដី NATO ទៅកាន់តំបន់សង្រ្គាម គឺជាក្ដីកង្វល់ដ៏ធំសម្រាប់សម្ពន្ធមិត្ត NATO ទាំងមូល។
អង្គការ NATO រួមទាំងអាមេរិក បានបញ្ជាក់ជាច្រើនដងរួចមកហើយថា ពួកគេមិនចង់មានជម្លោះ ឬសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ីដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរនោះឡើយ, ហើយរឿងនេះទៀត គឺលោកប្រធានាធិបតី ពូទីន ក៏បានព្រមានទុកជាមុនរួចហើយថា ប្រទេសណាក៏ដោយ ឱ្យតែបង្កើតតំបន់គ្មានការហោះហើរ ឬផ្ដល់ជំនួយការពារដែនអាកាសដល់អ៊ុយក្រែន
គឺមានន័យស្មើនឹងប្រកាសសង្រ្គាមជាមួយរុស្ស៊ី។
ឥរិយាបថទាំងប៉ុន្មានរបស់សហរដ្ឋអាមេរិក និងមេដឹកនាំសម្ព័ន្ធមិត្តណាតូខាងលើនេះ គឺជាសញ្ញាដែលបង្ហាញថា សង្រ្គាមលោកលើកទី៣ នឹងមិនកើតមាននោះទេ។
ស្ដីពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើរុស្ស៊ីវិញ ត្រូវបាន ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ូឡា វ៉ាន់ដើ លីយេន (Ursula von der Leyen) បានបញ្ជាក់កាលពីប៉ុន្មានថ្ងៃមុននេះថា អឺរ៉ុបកំពុងត្រៀមរៀបចំកញ្ចប់ទណ្ឌកម្មទី៤ ប្រឆាំងនឹងរុស្ស៊ីជាបន្តទៀត ប៉ុន្តែមានអ្វីជាទណ្ឌកម្មធ្ងន់ធ្ងរថ្មីទៀតនោះ លោកស្រីមិនទាន់ប្រាប់ឱ្យដឹងនៅឡើយទេ។

សម្រាប់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតរបស់សហរដ្ឋអាមេរិក និងមេដឹកនាំសហភាពអឺរុប ដែលដាក់ទៅលើរុស្ស៊ី នាពេលកន្លងមក គឺរុស្ស៊ីទទួលរងយ៉ាងធ្ងន់ធ្ងរបំផុត រហូតដល់ហៅលែងឮ , គេពិនិត្យឃើញថា រុស្ស៉ីបានទទួលរងទណ្ឌកម្មវ៉ាដាច់អ៉ីរ៉ង់ទៅទៀត ជាប់ឈ្មោះជាប្រទេសដែលកំពុងទទួលរងការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងច្រើនបំផុតលើលោក បន្ទាប់ពីបើកការវាយប្រហារយោធាទៅលើអ៊ុយក្រែន រយ:ពេលជិត២០ថ្ងៃមកនេះ សរុបទៅមាន ៥,៥៣២ទណ្ឌកម្ម ខណ:អ៉ីរ៉ង់ ត្រូវធ្លាក់ទៅលេខរៀងទី២ ជាប់ទណ្ឌកម្មចំនួន ៣,៦១៦ទណ្ឌកម្ម, ហើយលេខរៀងបន្តបន្ទាប់ទៀត រួមមាន ស៉ីរី ២,៦០៨ទណ្ឌកម្ម និងកូរ៉េខាងជើង ២,០៧៧ទណ្ឌកម្ម។
ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបែបនេះ មានមតិពីរយល់ឃើញផ្សេងគ្នា ÷
១- គេយល់ថា ការដាក់ទណ្ឌកម្ម គឺជាមធ្យោបាយដ៏ល្អ ដែលអាចបង្ខំឱ្យ លោក ពូទីន បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
២- ជាការបញ្ឆេះភ្លើងសង្គ្រាមដែលកំពុងកើតមានស្រាប់ ឲ្យកាន់តែឆេះសន្ធោសន្ធៅឡើងថែមទៀត។
ការដាក់ទណ្ឌកម្មនេះទៀតសោត ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានរួចហលយថា ការកើនឡើងយ៉ាងគំហុក នៃការដាក់ទណ្ឌកម្មអន្តរជាតិនេះ អាចត្រូវចាត់ទុកថា ជាទង្វើប្រកាសសង្រ្គាមជាមួយរុស្ស៉ី។
សំណួរសួរថា តើការដាក់ទណ្ឌកម្ម អាចបញ្ឈប់សង្គ្រាមរបស់ លោក ពូទីន នៅអ៊ុយក្រែនបានទេ? បើតាមក្រុមអ្នកវិភាគរកឃើញថា ទណ្ឌកម្មគឺគ្រាន់តែជាការដាក់ឱ្យល្អមើលតែប៉ុណ្ណោះ, ព្រោះថា មកទល់ម៉ោងនេះ គេមិនទាន់ឃើញច្បាស់នោះទេថា ប្រទេសអឺរ៉ុបទាំងអស់នឹងចូលរួមដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេង ឬឧស្ម័នរុស្ស៊ី ឬក៏អត់ ? សូម្បីតែអង់គ្លេស ដែលជា សម្ព័ន្ធមិត្តដ៏ជិតសិ្នទ្ធរបស់ទីក្រុងវ៉ាស៊ីនតោន បានត្រឹមតែប្រកាសដាក់ទណ្ឌកម្មជាដំណាក់កាលៗប៉ុណ្ណោះ។

គួរមើលឃើញថា រុស្ស៊ី គឺជាប្រទេសនាំចេញប្រេងឆៅធំលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត, គឺ អឺរ៉ុប នៅតែពឹងផ្អែកយ៉ាងខ្លាំងលើការទិញប្រេង និងឧស្ម័នពីរុស្ស៊ី ផ្ទុយពីសហរដ្ឋអាមេរិក ដែលនាំចូលប្រេងមួយផ្នែកតូចប៉ុណ្ណោះ ពីរុស្ស៊ី ហើយក៏មិនបានទិញឧស្ម័នពីទីក្រុងម៉ូស្គូនោះដែរ។ ក្នុងមួយថ្ងៃៗ រុស្ស៊ីនាំចេញប្រេងឆៅប្រហែល ៥លានបារែល ក្នុងនោះ ច្រើនជាងពាក់កណ្ដាលត្រូវនាំចេញទៅកាន់តំបន់អឺរ៉ុប។ មានន័យថា សហរដ្ឋអាមេរិក អាចរកប្រភពផ្គត់ផ្គង់ថាមពលក្រៅពីរុស្ស៊ីបាន តែសម្រាប់អឺរ៉ុបវិញក្នុងរយៈពេលខ្លី ឬមធ្យម មិនអាចធ្វើដូចអាមេរិកបានទេ។ គេមើលឃើញទៀតថា អាមេរិក និងសម្ពន្ធមិត្ត បានសន្យាបញ្ចេញប្រេងបម្រុងទុករបស់ខ្លួន ៦០លានបារែល ដើម្បីដោះស្រាយបញ្ហាកង្វះខាត ប៉ុន្តែក្នុងមួយថ្ងៃៗ ពិភពលោកត្រូវការប្រើប្រាស់ប្រេងដល់ទៅជាង ១០០លានបារែលឯណោះ។
ដូច្នេះ ការដាក់បម្រាមណាមួយលើការនាំចេញប្រេង និងឧស្ម័នរបស់រុស្ស៊ី នឹងមិនបង្កការខាតបង់ធ្ងន់ធ្ងរដល់រុស្ស៊ីទេ ហើយចៀសមិនរួចឡើយនឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់កប់ពពក ខណៈតម្លៃឧស្ម័ននៅអឺរ៉ុបកំពុងឡើងថ្លៃកប់ពពករួចស្រេចទៅហើយ, នេះអាចជាតិចនិចរបស់សហរដ្ឋអាមេរិក មានចេតនាធ្វើឱ្យតំបន់អឺរ៉ុបទាំងមូលត្រូវជួបហានិភ័យខាតបង់ឡុងចុងដោយសារប្រើរូបិយបណ្ណដែលក្លាយជាអតិផរណារួចទៅហើយសម្រាប់ការទិញប្រេង និងឧស្ម័ន, ពោលគឺ អ្នកដែលត្រូវការប្រេងពីរុស្ស៊ី មិនមែនអាមេរិកនោះទេ គឺ អឺរ៉ុប , ហើយអ្នកដែលត្រូវការឧស្ម័នខ្លាំងបំផុតពីរុស្ស៊ី គឺ នៅតែអឺរ៉ុប ព្រោះឧស្ម័នធម្មជាតិដែលអឺរ៉ុបនាំចូលពីរុស្ស៊ី មានដល់ទៅជាង ៤០ភាគរយឯណោះ, តើ អឺរ៉ុប នឹងធ្វើតាមអាមេរិកដល់ពេលណា?
ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មនេះដែរ, រុស្ស៊ី បានព្រមានថា ខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្ម វាយបកត្រឡប់ទៅវិញ ដែលនឹងធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច រងការឈឺចាប់ ខណៈទីក្រុងម៉ូស្គូ កំពុងរងទណ្ឌកម្មស្ទើរជុំទិស ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
លោក ឌីមីទ្រី ប៊ីរីឆេវស្គី (Dmitry Birichevsky) ជាប្រធាននាយកដ្ឋានសហប្រតិបតិ្តការ សេដ្ឋកិច្ចនៃក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ការឆ្លើយតបរបស់រុស្ស៊ី នឹងមានភាពលឿនរហ័ស, ម៉ឺងម៉ាត់ជាទីបំផុតចំពោះពួកអ្នក (លោកខាងលិច) ដែលត្រូវប្រឈមមុខនឹងចំណាត់ការនេះ។
ងាកមកមើលឥរិយាបថរបស់ប្រទេសចិន និងកម្ពុជាវិញ , គឺនៅមុននេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសចិនថា សកម្មភាពរបស់អង្គការណាតូ (NATO) ដឹកនាំដោយសហរដ្ឋអាមេរិក បានជំរុញឱ្យភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានដដែល លោក ចាវ លីជាន (Zhao Lijian) បានជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់ប្រទេសចិន និងចៀសវាងការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៏របស់ចិន ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងជាមួយរុស្ស៊ី។ លោកបន្ថែមថា ចិន ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិក និងប្រាសចាកពីធម្មនុញ្ញនៃអង្គការសហប្រជាជាតិ, ហើយថាគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីតោនចំពោះអ៊ុយក្រែន និងរុស្ស៊ី មិនគួរធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៏របស់ចិននោះទេ។
ចំណែក លោក ស៊ី ជិនពីង ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា ភាគីចិនផ្តួចផ្តើមថា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា គួរតែទទួលបានការគោរព, កម្មវិត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គួរតែទទួលការគោរព និងប្រតិបត្តិតាម, ការយកចិត្តទុកដាក់ដ៏សមរម្យស្តីពីសន្តិសុខរបស់ប្រទេសនានា គួរតែទទួលបានការឱ្យតម្លៃ, កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធីគួរតែទទួលបានការគាំទ្រ, ពួកយើងគួរតែរួមគ្នា គាំទ្រការចរចាដោយសន្តិវិធីរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបង្កើនការចរចាឱ្យមានផ្លែផ្កា និងសន្តិភាព។
ងាកមកមើលកម្ពុជាវិញ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងជំនួបជាមួយ លោកស្រីបណ្ឌិត ដេវីយ៉ានី ខូប្រាហ្កាដ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានថ្លែងថា ប្រទេសលោកខាងលិច គួរតែលើកទឹកចិត្តបង្កើនការចរចារុស្ស៊ី-អ៊ុយក្រែន បានជោគជ័យ និងចៀសសវាងអន្តរាគមន៍ពីបរទេស ធ្វើឱ្យសភាពការណ៍កាន់តែអាក្រក់ ដែលអាចប៉ះពាល់ដល់សន្តិសុខ និងសន្តិភាពនៅអឺរ៉ុប។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សង្កត់ធ្ងន់ថា បើពិនិត្យមើលចំណាត់ការសព្វថ្ងៃទៅលើសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី វីញនោះ គឺ តាមការពិតទៅ ជាសង្រ្គាមរវាង ណាតូ-អឺរ៉ុប-អាមេរិក និងរុស្ស៊ី តាមរយៈអ៊ុយក្រែន, ដូច្នេះវាមានហានិភ័យខ្លាំងណាស់ដែលអាចប៉ះពាល់ដល់សន្តិសុខ និងសន្តិភាពនៅអឺរ៉ុប។
សម្រាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានបង្ហាញទស្សន: ថា សង្រ្គាម រុស្ស៉ី-អ៊ុយក្រែន កំពុងរីកកាន់តែធំឡើងបន្តិចម្តងៗហើយ បន្ទាប់ពីប្រទេសមួយចំនួន នៅអឺរ៉ុប បានបញ្ជូនគ្រឿងសព្វាវុធ និងអនុញ្ញាតឱ្យពលរដ្ឋរបស់គេ ចូលរួមជាមួយអ៊ុយក្រែន ច្បាំងតទល់ជាមួយរុស្ស៉ី។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ចំណោទបញ្ហាស្ថិតនៅត្រង់កន្លែងណា គឺប្រទេសនានានៅក្នុងអឺរ៉ុប បាននាំគ្នាប្រគល់ទាំងមនុស្ស ឱ្យចូលទៅជួយច្បាំងនៅអ៊ុយក្រន ប្រគល់ទាំងអាវុធ ប្រគល់ទាំងយន្តហោះចម្បាំងតទៅទៀត។ បើដូច្នោះ សង្គ្រាមរវាង រុស្ស៉ី និងអ៊ុយក្រែន មិនមែនជាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ទៀតទេ គឺក្លាយទៅជាសង្គ្រាមរុស្ស៉ីជាមួយនឹងអឺរ៉ុបទៅហើយ តាមរយៈការផ្តល់ជំនួយយោធា រហូតដល់ផ្តល់យន្តហោះចម្បាំង ដែលនេះជាការលើកទឹកចិត្តបន្ថែមនៃការធ្វើសង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំហរកម្ពុជា គឺមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់កម្លាំងយោធា ដើម្បីប្រឆាំងភាគីណាមួយនោះទេ គឺយើងជំទាស់ជាមួយនឹងការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយប្រើប្រាស់កម្លាំងប្រឆាំងនឹងភាគីណាមួយ, ចំណុចនេះ គេអាចយល់បាន អំពីទស្សនវិស័យនៃការបរទេសរបស់កម្ពុជា។ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន គេមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបាននោះទេ, អ្វីដែលសំខាន់នោះ គឺត្រូវធ្វើអ្វីមួយដែលមិនឆ្លុះបញ្ចាំងទៅដល់ការបញ្ឆេះភ្លើងសង្គ្រាម… គឺបង្កើនការចរចា បង្កើនវប្បធម៌សន្ទនា ដើម្បីរកដំណោះស្រាយឈានទៅបញ្ចប់សង្គ្រាម និងមានសន្តិភាព។
ងាកទៅមើលអ៊ុយក្រែនវិញ ដែលកំពុងតែរងភាពខ្ទេចខ្ទាំដោយសារសង្គ្រាម សឹងតែមើលមិនស្គាល់ទីក្រុងទៅហើយ នៅតែតស៊ូក្រាញននៀលជានិច្ច ដោយអនុរដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន លោក យេវហេន យេននីន (Yevhen Yenin) បានអំពាវនាវថា ជនបរទេសដែលស្ម័គ្រចិត្តជួយប្រយុទ្ធដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ លោក យេវហេន យេននីន ថា អ៊ុយក្រែន កំពុងបង្កើតកងកម្លាំងអន្តរជាតិមួយដើម្បីការពារទឹកដី ដែលរួមមានជនបរទេស ដែលចង់ចូលរួមក្នុងការតស៊ូប្រឆាំងនឹងការវាប្រហាររបស់រុស្ស៊ី និងការពារសន្តិសុខពិភពលោក, ហើយថា ចំនួនអ្នកស្ម័គ្រចិត្តបរទេសកំពុងកើនឡើង។
សង្គ្រាមបានឈានចូលដល់ថ្ងៃទី១៨ហើយ ដោយអស់សង្ឃឹមថា ហាក់គ្មានប្រទេសណាជួយខ្លួនក្រៅតែពីអំណោយគ្រឿងសព្វាវុធ លុយកាក់ និងស្បៀងអាហារ
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី ហាក់ផ្លាស់ប្ដូរឥរិយាបថ ដោយនិយាយថា លោកលែងមានអារម្មណ៍ត្រេកត្រអាល ចង់ឱ្យប្រទេសរបស់លោកចូលជា សមាជិកអង្គការ NATO ទៀតហើយ បន្ទាប់ពីទីក្រុងកៀវ ភ្ញាក់ដឹងខ្លួនឯងថា បក្សសម្ពន្ធយោធាមួយនេះ មិនទាន់ត្រៀមលក្ខណៈទទួលយកអ៊ុយក្រែនធ្វើជាសមាជិករបស់ខ្លួនបាននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។
ងាកមករុស្ស៊ីវិញ, ប្រធានាធិបតីរុស្ស៉ី លោក ពូទីន នាពេលថ្មីៗនេះ បានផ្តល់ការគាំទ្រចំពោះផែនការការពារជាតិរបស់រុស្ស៊ី ដោយអនុញ្ញាតឱ្យបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តទៅជួយប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែនវិញផងដែរ។ លោក ពូទីន បាននិយាយក្នុងពេលបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ទៅកាន់រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) ថា ប្រសិនបើអ្នកឃើញមាន ជនណាដែលស្ម័គ្រចិត្តចង់ជួយតំបន់ Donbass (តំបន់នៅភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៉ីទទួលស្គាល់ ឯករាជ្យ) ក្នុងសង្រ្គាមនៅអ៊ុយក្រែន អ្នកត្រូវតែសហការជាមួយអ្នកទាំងនោះ ហើយជួយសម្រួលឱ្យពួកគេអាចទៅដល់សមរភូមិអ៊ុយក្រែនបាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។
ឆ្លើយតបនឹងការដាក់ទណ្ឌកម្ម ការផ្ដល់ជំនួយគ្រប់យ៉ាង ព្រមទាំងការដាក់កម្លាំងទ័ពរបស់ អាមេរិក និងសម្ព័ន្ធមិត្តណាតូលឹបលោៗនៅក្បែរប្រទេសអ៊ុយក្រែន, បុរសខ្លាំង វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ទីក្រុងម៉ូស្គូ នឹងចាត់ទុកភាគីទី៣ណាមួយក៏ដោយ ដែលប្រកាសបង្កើតតំបន់ គ្មានការហោះហើរនៅក្នុងប្រទេសអ៊ុយក្រែន គឺស្មើនឹងបានចូលរួមនៅក្នុងជម្លោះប្រដាប់អាវុធដូចគ្នាដែរ។ ដូច្នេះ ក្នុងពេលត្រឹមតែប៉ុន្មានវិនាទី យើងនឹងចាត់ទុកថា ពួកគេបានចូលរួមក្នុងជម្លោះយោធាសព្វថ្ងៃ មិនថាពួកគេជាសមាជិកអង្គការអ្វីនោះទេ។
គួរបញ្ជាក់ថា នៅពេលដែលស្ថានភាពតានតឹង លោកប្រធានាធិបតី ពូទីន បានចាត់បញ្ជាទៅកងកម្លាំងរក្សានុយក្លេអ៊ែរ ឲ្យប្រុងជើងការខ្ពស់រួចហើយសម្រាប់ប្រតិបត្តិការយោធា។ ទាំងនេះបង្ហាញថា បើគ្រប់ភាគីទាំងអស់នៅតែរឹងរូស បង្កើតគ្រឿងសព្វាវុធ បង្កើនកម្លាំងទ័ព ជាជាងជួបគ្នាចរចាដោះស្រាយដោយសន្តិវិធីនោះ សង្គ្រាមនឹងបានអាចបញ្ឈប់បានឡើយ។

បើមើលទៅឥរិយាបថរបស់មេដឹកនាំអ៊ុយក្រែនវិញ គឺក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទូរទស្សន៍អាមេរិក ABC News ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី ហាក់មានឥរិយាបថទន់ភ្លន់ ដោយលោកបញ្ជាក់ថា ទីក្រុងកៀវ អាចនឹងបើកកិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងតំបន់គ្រីមៀ រួមទាំងតំបន់ដូណេត (Donetsk) និងលូហ្កាន់ (Lugansk)។
ទាក់ទងទៅនឹងកិច្ចចរចាវិញ, ស្ស៊ី បានប្រាប់ទៅអ៊ុយក្រែនដោយត្រង់ៗថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ ប្រសិនបើអ៊ុយក្រែនអាចបំពេញតាមលក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូបាន។ នៅក្នុងលក្ខខណ្ឌទាមទារ គឺរុស្ស៊ីបានស្នើអ៊ុយក្រែនឱ្យបញ្ឈប់សកម្មភាពយោធា, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យក្លាយជាប្រទេសអព្យាក្រឹត, ទទួលស្គាល់ ឧបទ្វីបគ្រីមៀថា ជាទឹកដីរុស្ស៊ី និងទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន គឺ ដូណេត (Donetsk) និង លូហ្កាន់ (Lugansk) ជារដ្ឋឯករាជ្យ។ នេះបើតាមការដកស្រង់សម្ដីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ហើយត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។
ករណីនេះ គេមើលឃើញថា ខាងអ៊ុយក្រែន ក៏ធ្លាប់បានបង្ហើបបើកកិច្ចពិភាក្សាជុំវិញលក្ខខណ្ឌទាមទាររបស់រុស្ស៊ីផងដែរ, មានន័យថា អ៊ុយក្រែនអាចធ្វើសម្បទានតាមលក្ខខណ្ឌរបស់រុស្ស៊ីក្នុងកម្រិតខ្ពស់ដើម្បីឈានទៅបញ្ចប់សង្រ្គាម។
បើនិយាយពីការវិវត្តន៍នៃកិច្ចចរចា និងការឡបប៊ីគ្នាទៅវិញទៅមកពីសំណាក់មេដឹកនាំអឺរ៉ុប, ប្រភពចេញពីវិមាន អេលីហ្សេ របស់បារាំង បានឱ្យដឹងថា ប្រធានាធីបតីបារាំង លោក ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាថ្មីម្តងទៀត ជាមួយប្រធានាធិបតីរុស្ស៉ី លោក ពូទីន អំពីវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ ក្នុងជំនួបនេះ គឺ មេដឹកនាំបារាំង និងអាល្លឺម៉ង់ បានស្នើឱ្យ លោក ពូទីន យល់ព្រមចំពោះបទឈប់បាញ់, ប៉ុន្តែលទ្ធផលឆ្លើយតបយ៉ាងណាពីលោក ពូទីន នោះ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។
ត្រឡប់ទៅមើលស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន វិវត្តន៍ចុងក្រោយនេះ គឺបានឈានចូលដល់ចំណុចក្ដៅមួយទៀតហើយ គឺអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergey Ryabkov) បាននិយាយថា ការដែលក្រុមប្រទេសលោកខាងលិចនាំគ្នាផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន គឺមានតែធ្វើឱ្យវិបត្តិជម្លោះបច្ចុប្បន្ន រវាងអ៊ុយក្រែននិងរុស្ស៉ី កាន់តែធ្ងន់ធ្ងរឡើងៗប៉ុណ្ណោះ ហើយលោកបានព្រមានថា យោធារុស្ស៉ីអាចនឹងដាក់គោលដៅវាយប្រហារលើក្បួនដឹកជញ្ជូនសព្វាអាវុធទាំងនោះថែមទៀតផង។
លោក សឺហ្គៃ រីយ៉ាបកូវ ផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ឆាណែល វាន់ (Channel One) ដោយបញ្ជាក់ថា យើងបានព្រមានសហរដ្ឋអាមេរិករួចហើយថា ការបញ្ជូនសព្វាវុធពីប្រទេសមួយចំនួនទៅឱ្យអ៊ុយក្រែន គឺជាសកម្មភាពបញ្ឆេះសង្គ្រាម ដែលផ្តួចផ្តើមឡើងដោយទីក្រុងវ៉ាស៉ីនតោន។ កាយវិការនេះ មិនត្រឹមជាទង្វើដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឱ្យក្បួនដឹកជញ្ជូនអាវុធទាំងនេះ ក្លាយជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ីវាយប្រហារ។
ក្រុមអ្នកវិភាគបានមើលឃើញថា ប្រសិនបើអាមេរិក ផ្លាស់ប្ដូរចិត្តគំនិត បញ្ឈប់ការបញ្ជូនគ្រឿងសព្វាវុធ និងកម្លាំងទ័ព ទៅកាន់បណ្ដាប្រទេសសម្ព័ន្ធមិត្តដើម្បីដឹកជញ្ជូនទៅអ៊ុយក្រែននោះ ទើបជាការព្យាយាមមិនឲ្យផ្ទុះសង្រ្គាមលោកលើកទី៣ពិតប្រាកដ ប៉ុន្តែបើអាមេរិក នៅតែប្រកាន់ជំហរបែបនេះ នោះសង្គ្រាមនឹងរាលដាលទៅជាសង្រ្គាមលោកទី៣ ជាក់ជាពុំខាន។ ជាការពិតណាស់ បើទោះជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានជ្រុលជាកើតឡើងទៅហើយ ប៉ុន្តែយ៉ាងណាក៏ដោយ គេបានមើលឃើញសញ្ញាមួយចំនួនរបស់មេដឹកនាំអាមេរិក និងមេដឹកនាំសម្ព័ន្ធមិត្តណាតូ បានព្យាយាមទប់មិនឲ្យសង្គ្រាមលោកលើកទី៣ ផ្ទុះឡើងផងដែរ ដូច្នេះអាមេរិក និងសម្ព័ន្ធមិត្តណាតូ មានតែទម្លាក់ចោលការបញ្ជូនគ្រឿងសព្វាវុធ និងកម្លាំងទ័ព ទៅកាន់អ៊ុយក្រែនតែប៉ុណ្ណោះ និងងាកមកជំរុញបង្កើនកិច្ចចរចាវិញ សន្តិសុខក្នុងតំបន់អឺរ៉ុបអាចធានាសុវត្ថិភាព ហើយសង្គ្រាមលោកលើកទី៣ ក៏នឹងមិនកើតឡើងនោះដែរ៕ ពិសិដ្ឋ CEN







