រុស្ស៊ី-អ៊ុយក្រែន ៖ ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន វិវត្តន៍មកដល់ចុងក្រោយនេះ កំពុងតែបានឈានចូលដល់ចំណុចក្ដៅមួយទៀតហើយ គឺអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergey Ryabkov) បាននិយាយថា ការដែលក្រុមប្រទេសលោកខាងលិចនាំគ្នាផ្គត់ផ្គង់គ្រឿងសព្វាវុធឱ្យអ៊ុយក្រែន គឺមានតែធ្វើឱ្យវិបត្តិជម្លោះបច្ចុប្បន្ន រវាងអ៊ុយក្រែននិងរុស្ស៉ី កាន់តែធ្ងន់ធ្ងរឡើងៗប៉ុណ្ណោះ ហើយលោកបានព្រមានថា យោធារុស្ស៉ីអាចនឹងដាក់គោលដៅវាយប្រហារលើក្បួនដឹកជញ្ជូនសព្វាអាវុធទាំងនោះថែមទៀតផង។

លោក សឺហ្គៃ រីយ៉ាបកូវ ផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ឆាណែល វាន់ (Channel One) ដោយបញ្ជាក់ថា យើងបានព្រមានសហរដ្ឋអាមេរិករួចហើយថា ការបញ្ជូនសព្វាវុធពីប្រទេសមួយចំនួនទៅឱ្យអ៊ុយក្រែន គឺជាសកម្មភាពបញ្ឆេះសង្គ្រាម ដែលផ្តួចផ្តើមឡើងដោយទីក្រុងវ៉ាស៉ីនតោន។ កាយវិការនេះ មិនត្រឹមជាទង្វើដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឱ្យក្បួនដឹកជញ្ជូនអាវុធទាំងនេះ ក្លាយជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ីវាយប្រហារ។
ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួននឹងប្រញាប់បញ្ជូនអាវុធគិតជាទឹកប្រាក់ ២០០លានដុល្លារ ក្នុងនោះមានទាំងអាវុធធុនតូច, អាវុធប្រឆាំងរថក្រោះ និងប្រឆាំងយន្ដហោះចម្បាំង ឱ្យអ៊ុយក្រែន ដែលកំពុងស្នើឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនអាវុធទៅបន្ថែម។
បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ត្រូវបានដកស្រង់សម្ដី ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានអនុញ្ញាតឱ្យបញ្ជូនជំនួយសន្តិសុខបន្ថែមឱ្យអ៊ុយក្រែន។
កាលពីខែកុម្ភៈ ឆ្នាំ២០២២ អាមេរិកតែឯង បានអនុម័តឱ្យបញ្ចេញកញ្ចប់ជំនួយយោធាគិតជាទឹកប្រាក់ស្មើនឹង ៣៥០លានដុល្លារសម្រាប់អ៊ុយក្រែន ហើយបានធ្វើឱ្យជំនួយសន្តិសុខសរុបដែលអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ ១.២ពាន់លានដុល្លារ ចាប់តាំងពីខែមករា ឆ្នាំ២០២១មក និងកើនដល់ ៣.២ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៤មក។
ខណៈនេះដែរ អាល្លឺម៉ង់ ហូឡង់ ប៉ូឡូញ និងស្លូវ៉ាគី ជាដើម បានសន្យាផ្តល់អាវុធឱ្យអ៊ុយក្រែន រួមមានទាំងមីស៉ីលប្រឆាំងរថក្រោះ និងកាំភ្លើងធំថែមទៀត។

ទាក់ទងនឹងការបញ្ជូនគ្រឿងសព្វាវុធ រួមមាន រថយន្តយោធា រថក្រោះ យន្តហោះចម្បាំង, ត្រូវបានគេលើកជាសំណួរថា តើជំនួយអាវុធទាំងនេះ នឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែនដោយរបៀបណា? ហើយកាន់តែសំខាន់ទៀតនោះថា តើអាមេរិក និងសម្ពន្ធមិត្តណាតូ ត្រូវចំណាយពេលយូរប៉ុនណា ដើម្បីបញ្ជូនអាវុធទៅឱ្យកងទ័ពអ៊ុយក្រែន ជាពិសេស ទៅដល់ក្នុងរដ្ឋធានីកៀវ និងទីក្រុងខារកៀវ?
ជំនួយយោធារបស់បណ្ដាប្រទេសលោកខាងលិច ជាធម្មតា អាចដឹកតាមជើងគោក ឬអាកាស អាស្រ័យទៅលើប្រភេទអាវុធ។ ប៉ុន្តែដែនអាកាសនៅក្នុងប្រទេសអ៊ុយក្រែន កំពុងស្ថិតក្រោមការគ្រប់គ្រងដោយយន្ដហោះចម្បាំងរុស្ស៊ី ដែលនឹងអាចស្ទាក់ចាប់ ឬបាញ់មីស៊ីលកម្ទេចការដឹកជញ្ជូនអាវុធនេះ។ ដូច្នេះ មធ្យោបាយមួយទៀតមានតែរំពឹងលើប៉ូឡូញ ដែលមានព្រំដែនគោកប្រវែង ៥៣៥គីឡូម៉ែត្រ ជាមួយអ៊ុយក្រែន។
លោក អេដ អាណុលដ៍ (Ed Arnold) ជាអ្នកស្រាវជ្រាវម្នាក់ផ្នែកសន្តិសុខអឺរ៉ុប មកពីវិទ្យាស្ថាន Royal United Services មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បានលើកឡើងថា អាវុធ ឬបរិក្ខារយោធាអាចបញ្ជូនតាមប៉ូឡូញ, មួយទៀតអាចបញ្ជូមតាមស្លូវ៉ាគី ប៉ុន្តែ មិនមែនជារឿងងាយស្រួលនោះទេ ដោយសារទីតាំងភូមិសាស្ត្រនោះសម្បូរទៅដោយភ្នំដែលលាតសន្ធឹងរាយពីស្លូវ៉ាគី ទៅដល់ រូម៉ានី , ម៉្លោះហើយ ផ្លូវដែលល្អបំផុតមានតែកាត់តាមប៉ូឡូញប៉ុណ្ណោះ, ប៉ុន្តែទោះយ៉ាងណា កងទ័ពរុស្ស៊ីអាចនឹងស្ទាក់វាយប្រហារយោធា ដោយចោទថា ភាគីទី៣នោះ ទៅជួយសត្រូវរបស់រុស្ស៊ី។
ហេតុនេះ ការបញ្ជូនជំនួយគ្រឿងសព្វាវុធ និងកងទ័ព របស់អាមេរិក និងណាតូ ទៅជួយអ៊ុយក្រែន ត្រូវបានក្រុមអ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថា វាជាជំនួយស្មារតីក្នុងការបង្កើនភ្លើងសង្រ្គាម ហើយពិតជាមានហានិភ័យ ឬគ្រោះថ្នាក់ គ្រប់ពេលវេលា, ពីព្រោះថាប្រសិនបើក្បួនរថយន្ដដឹកជញ្ជូនអាវុធត្រូវបានស្ទាក់ចាប់ ហើយបើប្រទេសលោកខាងលិចណាមួយ
រងការវាយប្រហារនៅក្នុងដែនដី NATO ឬក៏ឆ្លងដែនចូលទៅដល់អ៊ុយក្រែនហើយក៏ដោយ នោះច្បាស់ណាស់ សង្រ្គាមសព្វថ្ងៃអាចនឹងផ្ទុះរាលដាលទៅដល់សង្គ្រាមអាមេរិក អឺរ៉ុប និងណាតូ ប្រយុទ្ធជាមួយនឹងរុស្ស៊ី, បើបែបនេះមែន គេមើលឃើញយ៉ាងច្បាស់ថា សង្គ្រាមលោកលើកទី៣ ពិតជាផ្ទុះឡើងជាមិនខាន ប្រសិនបើអាមេរិក និងណាតូ មិនព្រមដាក់ចុះជំនួយគ្រឿងសព្វាវុធ និងកងកម្លាំងទៅកាន់អ៊ុយក្រែន ហើយជំរុញគ្រប់ភាគីជួបចចារ។

ជាក់ស្ដែងទៀតនោះ គឺ លោក សឺហ្គៃ រីយ៉ាបកូវ (Sergey Ryabkov) អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានព្រមានរួចហើយថា យោធារុស្ស៉ីអាចនឹងដាក់គោលដៅវាយប្រហារលើក្បួនដឹកជញ្ជូនសព្វាអាវុធទាំងនោះថែមទៀតផង ព្រោះថាទង្វើបែបនេះមិនមែនជាអ្នកសម្របសម្រួលចៀនទៅបញ្ចប់ភ្លើងសង្គ្រាមនោះទេ បែរជាបង្កើតសត្រូវជាមួយនឹងរុស្ស៊ីទៅវិញ។
ចំពោះឥរិយាបថរបសើប្រទេសចិន វិញ , គឺនៅមុននេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសចិនថា សកម្មភាពរបស់អង្គការណាតូ (NATO) ដឹកនាំដោយសហរដ្ឋអាមេរិក បានជំរុញឱ្យភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
នៅក្នុងសន្និសីទសារព័ត៌មានដដែល លោក ចាវ លីជាន (Zhao Lijian) បានជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់ប្រទេសចិន និងចៀសវាងការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៏របស់ចិន ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងជាមួយរុស្ស៊ី។ លោកបន្ថែមថា ចិន ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិក និងប្រាសចាកពីធម្មនុញ្ញនៃអង្គការសហប្រជាជាតិ, ហើយថាគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីតោនចំពោះអ៊ុយក្រែន និងរុស្ស៊ី មិនគួរធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៏របស់ចិននោះទេ។

ចំណែក លោក ស៊ី ជិនពីង ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា ភាគីចិនផ្តួចផ្តើមថា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា គួរតែទទួលបានការគោរព, កម្មវិត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គួរតែទទួលការគោរព និងប្រតិបត្តិតាម, ការយកចិត្តទុកដាក់ដ៏សមរម្យស្តីពីសន្តិសុខរបស់ប្រទេសនានា គួរតែទទួលបានការឱ្យតម្លៃ, កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធីគួរតែទទួលបានការគាំទ្រ, ពួកយើងគួរតែរួមគ្នា គាំទ្រការចរចាដោយសន្តិវិធីរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបង្កើនការចរចាឱ្យមានផ្លែផ្កា និងសន្តិភាព។
ឆ្លើយតបនឹងការដាក់ទណ្ឌកម្ម ការផ្ដល់ជំនួយគ្រប់យ៉ាង ព្រមទាំងការដាក់កម្លាំងទ័ពរបស់ អាមេរិក និងសម្ព័ន្ធមិត្តណាតូលឹបលោៗនៅក្បែរប្រទេសអ៊ុយក្រែន, បុរសខ្លាំង វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ទីក្រុងម៉ូស្គូ នឹងចាត់ទុកភាគីទី៣ណាមួយក៏ដោយ ដែលប្រកាសបង្កើតតំបន់ គ្មានការហោះហើរនៅក្នុងប្រទេសអ៊ុយក្រែន គឺស្មើនឹងបានចូលរួមនៅក្នុងជម្លោះប្រដាប់អាវុធដូចគ្នាដែរ។ ដូច្នេះ ក្នុងពេលត្រឹមតែប៉ុន្មានវិនាទី យើងនឹងចាត់ទុកថា ពួកគេបានចូលរួមក្នុងជម្លោះយោធាសព្វថ្ងៃ មិនថាពួកគេជាសមាជិកអង្គការអ្វីនោះទេ។
ក្រុមអ្នកវិភាគបានមើលឃើញថា ប្រសិនបើអាមេរិក នៅតែប្រកាន់ជំហរបញ្ជូនគ្រឿងសព្វាវុធ និងកងទ័ពសម្ព័ន្ធមិត្តណាតូ ទៅជួយអ៊ុយក្រែន ទោះធ្វើដំណើរតាមប្រទេសក្បែរខាងណាមួយក៏ដោយ នោះសង្គ្រាមនឹងរាលដាលទៅជាសង្គ្រាមអាមេរិក អឺរ៉ុប និងណាតូ ប្រយុទ្ធជាមួយរុស្ស៊ី ហើយវានឹងផ្ទុះទៅជាសង្រ្គាមលោកទី៣ ជាក់ជាពុំខាន។
ជាការពិតណាស់ បើទោះជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានជ្រុលជាកើតឡើងទៅហើយ ប៉ុន្តែយ៉ាងណាក៏ដោយ គេបានមើលឃើញសញ្ញាមួយចំនួនរបស់មេដឹកនាំអាមេរិក និងមេដឹកនាំសម្ព័ន្ធមិត្តណាតូ ដែលកន្លងមកធ្លាប់បញ្ជាក់ថា មិនឲ្យប៉ះគ្នាផ្ទាល់ទល់មុខនឹងរុស្ស៊ីនោះ គឺជាការព្យាយាមទប់មិនឲ្យសង្គ្រាមលោកលើកទី៣ផ្ទុះឡើងផងដែរ ដូច្នេះអាមេរិក និងសម្ព័ន្ធមិត្តណាតូ មានតែទម្លាក់ចោលការបញ្ជូនគ្រឿងសព្វាវុធ និងកម្លាំងទ័ព ទៅកាន់អ៊ុយក្រែនតែប៉ុណ្ណោះ និងងាកមកជំរុញបង្កើនកិច្ចចរចាវិញ ទើបសន្តិសុខក្នុងតំបន់អឺរ៉ុបអាចធានាសុវត្ថិភាព ហើយសង្គ្រាមលោកលើកទី៣ ក៏នឹងមិនកើតឡើងនោះដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

