ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២ បានប្រកាស តម្កល់ទោស ទណ្ឌិតជនជាតិវៀតណាមចំនួន២នាក់ ជាប់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ចំនួនជាង១ គីឡូក្រាម ប្រព្រឹត្តនៅចំណុចផ្ទះលេខ បុរីប៊ុនជេស៍ ភូមិដូង មណ្ឌល៥ សង្តាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពី អំឡុងខែ ធ្នូ ឆ្នាំ ២០១៤។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ទណ្ឌិតទាំង ២នាក់នេះ មាឈ្មោះ ង្វៀង យ៉ាំងទឹង ភេទប្រុស អាយុ ៣២ ឆ្នាំ ជា ជនជាតិវៀតណាម ។ ម្នាក់ទៀតមានឈ្មោះ ង្វៀង យ៉ាំងតឺយ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិវៀតណាម ។

ពួកគេទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៥ ផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់ៗ កំណត់ ២៥ ឆ្នាំ នឹងពិន័យជាប្រាក់ក្នុងម្នាក់ៗ ចំនួន ៦០ លានរៀលសម្រាប់បង់ចូលថវិការដ្ឋ ពីបទ : ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ពួកគេបានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ពួកគេ រក្សាទុកដដែល។ ពួកគេក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។
ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ បុរីប៊ុនជេស៍ ភូមិដូង មណ្ឌល៥ សង្តាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វីតាមីន ទម្ងន់សរុប ១០០០,៤១ ក្រាម ( ជាង១ គីឡូមក្រាម) ពីពួកគេ ៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

