ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការថា គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់កាំជ្រួញកំរិតមធ្យមបានប្រើប្រាស់រាប់រយគ្រាប់ (ជាង៧០០គ្រាប់) ប៉ុន្តែកាំជ្រួញខ្នាតធំមិនទាន់បានប្រើនៅឡើយទេ! សង្គ្រាមកាន់តែអាក្រក់ទៅៗ និងកាចសាហាវ ដោយសម្លាប់មនុស្សកាន់តែច្រើនឡើង និងមានហ្វូងមនុស្សរត់ភៀសខ្លួនរាប់លាននាក់ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នានា……. ។

ការចរចារសន្តិភាពស្ថិតនៅឆ្ងាយសន្លឹម មួយផ្នែកគឺពួកលោកខាងលិច ណាតូ នៅពីក្រោយអ៊ុយក្រែន នៅតែយកពាក្យប្រជាធិតេយ្យ និងសេរីភាព ទៅដាក់បន្ទុកឱ្យមេដឹកនាំអ៊ុយក្រែនជ្រើសរើស យកផ្លូវមរណ:នេះ ! ។
មួយផ្នែកទៀតមេដឹកនាំរុស្ស៊ី ប្រកាន់យកមូលហេតុចេតនា ចូលអង្គការណាតូ របស់ប្រទេសអ៊ុយក្រែន ជាការគំរាមកំហែង ដល់សន្តិសុខជាតិរុស្ស៊ី! ដូចនេះរុស្សីថាគ្មានជម្រើសទេ ដោយគិតថាធ្វើសង្គ្រាមពេលនេះ អាចជាសង្គ្រាមតូច ត្រឹមតែជាមួយប្រទេសអ៊ុយក្រែនប៉ុណ្ណោះ តែបើរង់ចាំឱ្យអ៊ុយក្រែន ចូលណាតូ នឹងមានសង្គ្រាមនោះ គឺជាសង្គ្រាមធំជាសង្គ្រាមលោកលើកទី៣មិនខានឡើយ! ។
ឯកឧត្តម ហេង រតនា បានបន្តថា ហេតុនេះ មានតែបន្តវាយប្រហាររហូតដល់ទីបញ្ចប់ មានន័យថារំលាយកម្លាំងទ័ពអ៊ុយក្រែន និងមេដឹកនាំអ៊ុយក្រែន ដែលប្រកាន់យកនយោបាយ តាមលោកខាងលិច តែម្តង។ និយាយមិនត្រូវគ្នា មានតែត្រូវធ្វើសង្គ្រាម រហូតដល់រលាយអ៊ុយក្រែន ដោយរួមទាំងដាក់គោលដៅថា “បំបាត់លក្ខណ:ជារដ្ឋអ៊ុយក្រែន ក៏អាចថាបាន! ។

ជនស៊ីវិលស្ម័គ្រចិត្តមកពីប្រទេសមួយចំនួន ប្តេជ្ញាចូលសមរភូមិប្រយុទ្ធ ជាមួយកងទ័ពរុស្ស៊ី តាមការអំពាវនាវរបស់មេដឹកនាំអ៊ុយក្រែន ជាមួយគ្នានេះដែរ មេដឹកនាំរុស្ស៊ីក៏ផ្តល់ការឯកភាព ឱ្យកម្លាំងបរទេសដែលស្មោះស្ម័គ្រ ជាមួយរុស្ស៊ីដូចជា មកពីប្រទេសស៊ីរី … ចូលសមរភូមិប្រយុទ្ធនៅអ៊ុយក្រែនដែរ! ។ មានន័យថាដូចម្តេច? យុទ្ធសាស្ត្រនេះ អាចជាការបង្កើតកម្លាំង ISIS ចូលទៅដល់ប្រទេសអឺរ៉ុបតែម្តង កម្លាំងប្រយុទ្ធស៊ីវិលទាំងនេះអាចប្រឈមមុខ ក្នុងពេលកំពុងមានសង្គ្រាម និងក្រោយសង្គ្រាមត្រូវបានបញ្ចប់! ។
វិធានការកៀរគរកម្លាំងស៊ីវិល ពីខាងក្រៅមកចូលសមរភូមិនេះ អាចជាទុក្ខវេទនារយ:ពេលវែង សម្រាប់ពួកអឺរ៉ុប ប្រឈមមុខជាមួយក្រុមជ្រុលនិយម ដែលរកតែឱកាសដើម្បីសងសឹកទៅលើពួកអឺរ៉ុប។ សូមអរគុណសន្តិភាព ! គុណតម្លៃសន្តិភាពមិនអាចកាត់ថ្លៃបានឡើយ!៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
















