ភ្នំពេញ ៖ បុគ្គលិកអ្នកបើកបរ ជាសន្តិសុខ និងជាអ្នករត់ការឯកសារផ្សេងៗ របស់មជ្ឈមណ្ឌលព័ត៌មាន CEN ម្នាក់ឈ្មោះ សួន ថុល (ហៅទិត្យ) ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវបានក្រុមចោរមិនស្គាល់អត្តសញ្ញាណមានគ្នាពីរនាក់ បានជិះម៉ូតូមកកៀរឱ្យឈប់ ដណ្ដើមខ្វេះយកទូរស័ព្ទម៉ាក OPPO ពីក្នុងហោប៉ៅអាវខាងមុខ រួចហើយជិះគេចខ្លួនបាត់ទៅ មិនរំខានដល់សមត្ថកិច្ចក្នុងទឹកដីខណ្ឌសែនសុខនោះឡើយ។

ហេតុការណ៍អសន្តិសុខទាក់ទងទៅនឹងសកម្មភាពចោរឆក់ប្លន់ខាងលើនេះ កើតឡើងកាលពីរសៀលម៉ោង ១៥:០០នាទី នៅចំណុចម្ដុំមុខអគារព្រីមៀរសេនធើរ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, គឺក្រុមចោរបង្ហាញឫកពាព្រហើន ឥតញញើតច្បាប់ទម្លាប់ និងសមត្ថកិច្ចសោះតែម្ដង អាចថា មកពីក្រុមចោរទាំងនេះធ្លាប់ប្រព្រឹត្តបទល្មើសញឹកញាប់ និងថែមទាំងស្គាល់ចិត្តសមត្ថកិច្ចក្នុងទឹកដីខណ្ឌសែនសុខទៀតផង ទើបពួកគេហាក់ដូចមិនខ្លាចញញើត ហើយប្រព្រឹត្តទៅបានសម្រេចដូចបំណង។
ជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទ ឈ្មោះ សួន ថុល (ហៅទិត្យ) ជាបុគ្គលិកអ្នកបើកបរ និងជាសន្តិសុខរបស់មជ្ឈមណ្ឌលព័ត៌មាន CEN រូបនេះ បានរៀបរាប់ឲ្យដឹងថា គាត់រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកមើលការពារ (សន្តិសុខ) និងរត់ការឯកសារផ្សេងៗរបស់ការិយាល័យនិពន្ធ CEN ។
ជនរងគ្រោះ សួន ថុល (ហៅទិត្យ) បានឲ្យដឹងទៀតថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីចំណុចម្ដុំផ្សារអ៊ីអន២ សែនសុខ គោលបំណងទៅផ្ទះ ដោយជិះតាមផ្លូវលេខ៩២ ឆ្ពោះទៅកាន់ផ្លូវភ្នំពេញ-ហាណូយ លុះមកដល់ចំណុច មុខអគារព្រីមៀរសេនធើរ ស្រាប់តែមានជនសង្ស័យ២នាក់ ស្លៀកពាក់ស៊ីវិល បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ មកកៀររូបគាត់ឲ្យឈប់អែបខាង ហើយជនសង្ស័យម្នាក់ក្នុងចំណោម២នាក់នោះ បានស្ទុះមកដណ្ដើមខ្វេះយកទូរស័ព្ទរបស់គាត់ដែលដាក់រក្សាទុកក្នុងហោប៉ៅអាវខាងមុខ រួចហើយជិះម៉ូតូចេញបាត់ទៅ គឺកប់បាត់នៅក្នុងហ្វូងចរាចរណ៍ទាំងថ្ងៃចែស។

ម្ចាស់ទូរស័ព្ទបានប្រាប់ទៀតថា ពេលចោរមកឆក់យកទូរស័ព្ទដោយខ្វេះហោប៉ៅបែបនេះ ក៏បានធ្វើឱ្យអារម្មណ៍គាត់ហាក់ភ័យភាន់ភាំងមួយភ្លែតដែរ ម្យ៉ាងខ្លាចក្រុមចោរមានអាវុធក្នុងដៃ ក៏ខ្លួនមិនហ៊ានធ្វើអីពួកគេអីចឹងទៅ, ភ្នែកខំរេរំពៃរកមើលប៉ូលិស ឬសមត្ថកិច្ចណាមួយដែលល្បាត ឬឈរជើងប្រចាំការនៅក្បែរនោះ ក៏អត់មានដែរ ដូច្នេះ រូបគាត់មិនដឹងថា ស្រែកហៅឱ្យនរណាជួយនោះទេ គឺបានត្រឹមតែភាំងស្មារតីឈរមើលក្រុមចោរខ្វេះដណ្ដើមយកទូរស័ព្ទជិះចេញទៅរហូតកប់បាត់ស្រមោលក្នុងហ្វូងមនុស្សធ្វើចរាចរណ៍, គឺក្រុមចោរបានជិះម៉ូតូរត់គេចខ្លួនតាមសម្រួលអីចឹងទៅ មិនពិបាក ឬរំខានដល់សមត្ថកិច្ចក្នុងទឹកដីខណ្ឌសែនសុខនោះឡើយ។
ទូរស័ព្ទដែលក្រុមចោរឆក់ដណ្ដើមយកទៅនោះ ម៉ាក OPPO ប្រើស៊ីម២ មានលេខ ០៨៨ ២៦២ ៧៧ ៨២ , លេខទូរស័ព្ទនេះ ជនរងគ្រោះឧស្សាហ៍ទាក់ទងទៅញាតិមិត្ត និងបុគ្គលិកបម្រើការក្នុងមជ្ឈមណ្ឌលព័ត៌មាន CEN ជាច្រើននាក់, ដូច្នេះ ពេលនេះ គឺសូមជូនដំណឹងដល់បងប្អូនញាតិមិត្ត និងបុគ្គលិកបម្រើការនៅមជ្ឈមណ្ឌលព័ត៌មាន CEN ទាំងអស់ បើមានជនណាយកលេខទូរស័ព្ទខាងលើ ទាក់ទងទៅសួរនាំអំពីលិខិតស្នាម ឯកសារផ្សេងៗ និងប្រើល្បិចខ្ចីលុយ ឬប្រើល្បិចឆបោកលុយដោយមូលហេតុអ្វីមួយ សូមមេត្តាប្រុងប្រយ័ត្ន។ នេះក៏ចាត់ទុកជាសេចក្ដីជូនដំណឹងមួយ ប្ដឹងចូលអាជ្ញាធរមូលដ្ឋានក្នុងទឹកដី ខណ្ឌសែនសុខ ផងដែរ ដើម្បីជួយអន្តរាគមន៍ស្វែងរកឃាត់ខ្លួនក្រុមចោរខាងលើមកចាត់ការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





