រដ្ឋធានីវ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ នឹងទៅកាន់ទីក្រុងរូម (Rome) ប្រទេសអ៊ីតាលី ដើម្បីជួបពិភាក្សាទល់មុខគ្នាជាមួយនឹងមន្រ្ដីគោលនយោបាយកំពូលចិន ជុំវិញសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។
សារព័ត៌មាន The Iris Times បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី១៣ ខែមីនា ដោយដកស្រង់ប្រភព ពីសេតវិមាន បានបញ្ជាក់ថា លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក នឹងដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាសន្ដិសុខជាតិ និង មន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ទៅជួបចរចាគ្នាជាមួយនឹងលោក យ៉ាង ជៀឈី (Yang Jiechi) មន្រ្ដីជាន់ខ្ពស់គោលនយោបាយចិន។ នេះជាជំនួបលើកទី៣របស់លោក Sullivan ចាប់តាំងពីលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានឡើងកាន់តំណែង កាលពីអំឡុង ខែមករា ឆ្នាំ២០២១។ នៅក្នុងជំនួបទល់មុខគ្នានោះ គេរំពឹងថា គណៈប្រតិភូសហរដ្ឋអាមេរិក និង ចិន នឹងពិភាក្សាគ្នា អំពីការស្វែងរកដំណោះស្រាយនានា ជុំវិញសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

មន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ថា កិច្ចប្រជុំនេះ កំពុងតែធ្វើឡើង នៅក្នុងបរិបទ នៃសង្រ្គាមដ៏អយុត្តិធម៌ និង ឃោរឃៅបំផុត បង្កឡើង ដោយរុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ខណៈចិន កំពុងតែត្រៀមរៀបចំខ្លួនជាមួយរុស្ស៊ី ដើម្បីជំរុញចក្ខុវិស័យផ្ទាល់ខ្លួន អំពីសណ្ដាប់ធ្នាប់របស់ពិភពលោក។ នៅក្នុងជំនួបនោះ គេរំពឹងថា សហរដ្ឋអាមេរិក ក៏នឹងពិភាក្សាគ្នា អំពីឥទ្ធិពល នៃការលុកលុយរបស់រុស្ស៊ី លើ «សន្តិសុខ ក្នុងតំបន់ និង ពិភពលោក» ផងដែរ។
មន្រ្ដីសហរដ្ឋអាមេរិក បានបន្ថែមថា «សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នឹងក្លាយជាប្រធានបទដ៏សំខាន់ នៃការសន្ទនាគ្នា រវាងក្រុងវ៉ាស៊ីនតោន និង ប៉េកាំង។ នេះជាចំណុចដ៏ក្ដៅបំផុត សម្រាប់មន្រ្ដីសាធារណរដ្ឋប្រជាមានិតចិន ត្រូវស្ដាប់ដោយផ្ទាល់ ពីមន្រ្ដីសន្ដិសុខសហរដ្ឋអាមេរិក។
ថ្លែងទៅកាន់បណ្ដាញទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា នោះ លោក ស៊ុលលីវ៉ាន់ ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក បានបញ្ជាក់ថា ចិនពិតជាបានដឹងថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី មានគម្រោងធ្វើអ្វីមួយហើយ។ ចិនមិនអាចថា មិនដឹងអំពីរឿងរុស្ស៊ី ធ្វើសង្គ្រាមនោះទេ។ ម្យ៉ាងក៏អាចថា ពូទី កុហកពួកគេ តាមអ្វីដែលគាត់កុហកដល់សហភាពអឺរ៉ុប និង មហាអំណាចបច្ចិមលោក។
ដោយឡែក ការថ្លែងទៅកាន់បណ្ដាញទូរទស្សន៍ NBC នោះដែរ លោក Sullivan ក៏បានព្រមានដល់ចិន អំពីប្រឆាំងនឹងវិធានការណាមួយ ដើម្បី «ដោះលែង» រុស្ស៊ី ឬធ្វើឱ្យក្រុងមូស្គូ កាន់តែមានភាពងាយស្រួល សម្រាប់ការគេចវេះ ចេញពីការដាក់ទណ្ឌកម្មរបស់មហាអំណាចបច្ចិមលោក។
ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា «យើងនឹងធានាថា ទាំងចិន ឬអ្នកណាម្នាក់ផ្សេងទៀត មិនអាចផ្តល់សំណងដល់រុស្ស៊ី សម្រាប់ការខាតបង់ទាំងនេះឡើយ។ បើនិយាយ ពីមធ្យោបាយជាក់លាក់ នៃសកម្មភាពទាំងនោះ ខ្ញុំនឹងមិននិយាយឡើងវិញ ជាសាធារណៈនោះទេ ប៉ុន្តែយើងនឹងមានទំនាក់ទំនងជាឯកជន ទៅកាន់ក្រុងប៉េកាំង ដូចអ្វីដែលយើងបានធ្វើរួចមកហើយ ហើយនឹងបន្តធ្វើបន្ថែមទៀត»៕រក្សាសិទ្ធិដោយ ៖ សារាយSN













