Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាចថារយៈពេល៥ថ្ងៃទៀត ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសាងសង់សម្រេចបានប្រមាណ៩៨ ទៅ៩៩ភាគរយហើយ គឺអាចថា រយៈពេល៤-៥ថ្ងៃទៀតប៉ុណ្ណោះ នឹងរួចរាល់ជាស្ថាពរ, ពេលនេះកំពុងសុំគោលការណ៍ទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នសិន ហើយរង់ចាំជ្រើសរើសពេលវេលាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នេះជាការឲ្យដឹងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសលោកអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះ ចុះពិនិត្យស្ថានភាពជាក់ស្តែង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដើម្បីជំរុញការងារដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងរយៈពេល ០៥ថ្ងៃទៀត ដើម្បីសុំគោលការណ៍ដាក់បើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន និងបានជួយសម្រួលចរាចរណ៍ដែលកំពុងកកស្ទះណែនណាន់ជារាល់ថ្ងៃនេះផងដែរ។

ឯកឧត្តម ឃួង ស្រេង ថ្លែងឲ្យដឹងថា កុំអី ស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចាំចៅនេះ ត្រូវបានស្ថាបនាលឿនជាងនេះទៅទៀត ប៉ុន្តែ ភាពយឺតយ៉ាវបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ផងដែរ ដែលធ្វើឱ្យកម្មករ ក៏ដូចជាអ្នកទទួលការសាងសង់អូសបន្លាយពេល, ប៉ុន្តែទោះបីជាយ៉ាងណាក្តី ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ នឹងអាចឱ្យប្រជាពលរដ្ឋបាលឆ្លងកាត់ជាបណ្តោះអាសន្ននៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។

សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានបើកដំណើរការសាងសង់ជាផ្លូវការ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន, ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក។ ស្ពាននេះនឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិទៀតផង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×