ភ្នំពេញ ៖ មន្រ្តីគយមួយចំនួននៅខេត្តព្រះសីហនុ បានបង្ហើបឲ្យដឹងថា លោក ណុប សំអាន ប្រធានការិយាល័យគយច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបក្ខពួកឃិតឃុតគ្នាប្រព្រឹត្តពុករលួយ និងបក្ខពួកនិយម។ ហើយអ្វីដែលលោកណុប សំអាន និងបក្ខពួក បានបំពេញភារកិច្ច តួនាទី ដែលមានភាពមិនប្រក្រតីមួយចំនួននៅក្នុងអអ្គភាព គឺដោយសារអាងមន្ត្រីមានឥទ្ធិពលនៅចាំជួយការពារ។ សូម្បីតែមន្ត្រីគយអន្ទ្រើសៗមួយចំនួននៅក្នុងខេត្តព្រះសីហនុ ក៏មិនហ៊ានជាមួយលោក ណុប សំអាន នោះទេ។ ហេតុនេះហើយទើបលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង ជាអនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសាររួមដៃគ្នាប្រព្រឹត្តអំពើពុករលួយ។

បើមន្រ្តីដែលមិនបញ្ចេញឈ្មោះនៅច្រកទំនប់រលកបានទម្លាយឲ្យដឹងថា ក្រុមឈ្មួញធំៗ មួយចំនួនជាពិសេសឈ្មួញឈ្មោះ វិចិត្រ នៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំងគេចពន្ធ ចូលតាមច្រកកំពង់ផែទំនប់រលក។ ហើយក្រុមឈ្មួញធំៗទាំងនោះសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ណុប សំអាន ដើម្បីឲ្យមុខជំនួញរបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន។ ហើយទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកកំពង់ផែទំនប់រលក បង់ពន្ធប្រមាណ ៤៥ ទៅ ៥០% តែប៉ុណ្ណោះ ហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក ណុប សំអាន និងលោក ផាត់ សំណាង។

ជាមួយគ្នានេះ គយមួយចំនួននៅខេត្តព្រះសីហនុ បានសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ធ្វើការស៊ើបអង្កេតទៅការប្រព្រឹត្តអំពើពុករលួយរបស់លោក ណុប សំអាន និងបក្ខពួកផង។
ទាក់ទងការចោទប្រកាន់នេះ លោក ណុប សំអាន ប្រធានការិយាល័យគយច្រកកំពង់ផែទំនប់រលកមិនអាចសុំការទំនាក់ទំនងបានទេ កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ CEN



