រដ្ឋធានីណៃពិដោរ ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ក្រោយពេលពួកយោធា បានធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នា រវាងកងទ័ពរបបសឹក និង កម្លាំងចលនាតស៊ូចម្រុះ ដែលកើតចេញពីជនស៊ីវិល តែងតែផ្ទុះឡើងជាញឹកញាប់ ស្ទើរពាសពេញផ្ទៃប្រទេស។
សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា លោក យូ យីម៉ុន (U Yee Mon) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃរដ្ឋាភិបាលរួបរួមជាតិ (ហៅកាត់ NUG ឬរដ្ឋាភិបាលស្រមោល) បានកោតសរសើរដល់កម្លាំងការពារប្រជាជន (ហៅកាត់ PDF) វាយបកយ៉ាងខ្លាំង ធ្វើឲ្យខូចខាតដល់កម្លាំងយោធា នៃរបបសឹកមីយ៉ាន់ម៉ា នៅក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ចាប់តាំងពីរដ្ឋាភិបាលស៊ីវិល ដែលជាចលនាបះបោរ បានប្រកាសសង្រ្គាម ប្រឆាំងនឹងរបបសឹកមួយនេះ។

លោក U Yee Mon បានបញ្ជាក់ នៅក្នុងរបាយការណ៍មួយ ថា សង្គ្រាមនេះ បានចាប់ផ្ដើមការពារជនស៊ីវិល បញ្ចៀសនូវអំពីហិង្សា ពីរបបយោធា ដែលមានអាវុធ នៅក្នុងដៃ។ ជាមួយគ្នានេះ គាត់បានកោតសរសើរដល់កម្លាំងការពារប្រជាជន (ហៅកាត់ PDF ) ចំពោះការរីកចម្រើនខាងសីលធម៌ ភាពក្លាហាន និង ភាពឆ្លាតវៃរបស់ពួកគេ។
លោក U Yee Mon បានបន្ថែមទៀតថា គោលដៅយោធាមួយចំនួនរបស់យើង បានសម្រេច ជោគជ័យ នៅក្នុងដំណាក់កាលដំបូង ដោយសារ PDF បានគ្រប់គ្រងតំបន់ជនបទ ជាច្រើន … ហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយយើងក៏កំពុងតែអនុវត្ដនូវប្រតិបត្ដិការទ័ពព្រៃ យ៉ាងមានប្រសិទ្ធភាព នៅក្នុងរដ្ឋធានីណៃពិដោរ (Naypyitaw) ទីក្រុងយ៉ាំងហ្គូន (Yangon) ទីក្រុងម៉ាន់ដាឡៃ (Mandalay) និង ទីក្រុងផ្សេងៗទៀត។ ចំណែកការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ និង គ្រាប់រំសេវ គឺមានភាពខ្វះខាតខ្លាំង នៅក្នុងប្រតិបត្ដិការសឹកនេះ។
ទោះជាយ៉ាងណា លោក U Yee Mon នៅតែទទួលស្គាល់ថា NUG នៅតែមានការលំបាកជាច្រើន នៅក្នុងប្រតិបត្ដិការសឹកទាំងមូល ចាប់តាំងពីការស្វែងរកថវិកា ធនធាន ការចែកចាយ និងផលិតសព្វាវុធ។ រីឯថវិកាខ្លះ ក៏បានមក ពីការផ្គត់ផ្គង់របស់ពលរដ្ឋយើង ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស ព្រោះកម្លាំងចលនារបស់យើង មិនដូចជា កងទ័ពអ៊ុយក្រែន បានទទួលជំនួយយោធាពីអន្ដរជាតិ។

បើតាមរដ្ឋាភិបាលរួបរួមជាតិ ហៅកាត់ NUG បានឲ្យដឹងថា កាលពីខែមុនកន្លងទៅនេះ កម្លាំងចលនាតស៊ូវចម្រុះ បានសម្លាប់កងទ័ព នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចំនួន ២ ១០០នាក់ ហើយទាហានរបបសឹក ជាង៦០០នាក់ផ្សេងទៀត បានរងរបួស។
សូមជម្រាបថា រដ្ឋាភិបាលរួបរួមជាតិ (ហៅកាត់ NUG) ត្រូវបានបង្កើតឡើង ដោយក្រុមសម្ពន្ធមិត្តជនជាតិភាគតិច និង ក្រុមតំណាងរាស្រ្ដ ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ក្រោយការបណ្ដេញចេញពីអំណាច ដោយរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ រដ្ឋាភិបាលរួបរួមជាតិ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានប្រកាស ពី «សង្គ្រាមរបស់ប្រជាជន» ប្រឆាំងនឹងរបបសឹក។ ក្រៅពីនេះ NUG ក៏បានជំរុញឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស ងើបឡើងបះបោរ ប្រឆាំងនឹងរបបសឹករបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aun Hlaing) មេដឹកនាំរដ្ឋប្រហារ៕ រក្សាសិទ្ធិដោយ ៖ សារាយSN














